សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គិតគូរ ពី គោល នយោបាយសម្រាប់កីឡាករ-កីឡាការីនី ដែលចូលរួមប្រកួត ហើយ ធ្លាក់ខ្លួនមានពិការភាព
ភ្នំពេញ៖ ក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារ សាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណជាង ៤០០០ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កន្លងទៅ នេះ សម្តេចបានចាត់ចែងឱ្យរៀបចំមន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ ការព្យាបាល ដោយសារឃើញអំពីស្ថានភាពលំបាករបស់ កីឡាករ និងកីឡាការិនី ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិក និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ពិនិត្យរៀបចំគោលនយោបាយសម្រាប់កីឡាករ-កីឡាការីនី ដែលចូលរួមប្រកួត ហើយធ្លាក់ខ្លួនមានពិការភាព ។

សម្ដេចបានបន្ថែមថា កីឡាករ-កីឡាការីនី គួរមានគោល នយោបាយ ជួយដល់ពួកគេ ដូចជា កងទ័ពផងដែរ ព្រោះអ្នកទាំងនោះ បានចេញ ប្រកួត ដើម្បីជាតិមាតុភូមិដូចគ្នា ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ជំរុញឱ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវប្រឹងប្រែងហ្វឹកហាត់ បំពេញឲ្យបានល្អគ្រប់ជ្រុងជ្រោយ មុនពេលការប្រកួត ស៊ីហ្គេម នៅលើទឹកដីកម្ពុជា ចាប់ផ្ដើម។ មួយវិញទៀត ត្រូវគោរពវិន័យ ការហ្វឹកហាត់ឱ្យបានល្អផងដែរ ។

ក្នុងនាមជាម្ចាស់ផ្ទះ សម្ដេចតេជោ សង្ឃឹមថា កម្ពុជា នឹងឈ្នះមេដាយ បានច្រើនជាងគ្រប់ព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក ជាពិសេស សង្ឃឹម លើការឈ្នះបានឈ្នះមេដាយបានច្រើន ពីកីឡាករ-កីឡាការីនី មាន ពិការភាពរបស់កម្ពុជា តែម្ដង ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
