វេទិកាជាតិប្លាស្ទិកលើកទី៣៖ ការទប់ស្កាត់បំពុលដោយប្លាស្ទិក គឺ យើងត្រូវចូលរួមទាំងអស់គ្នា
ភ្នំពេញ៖ ការគ្រប់គ្រងសំរាមសំណល់ប្លាស្ទិក ជារឿងមួយយើង ត្រូវ ចូលរួមទាំងអស់គ្នា ទើបអ្វីៗក៏អាចសម្រេចជោគជ័យទៅរួច។ នេះ ជាការលើកឡើងរបស់ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងក្នុងពិធីបើកវេទិកាជាតិប្លាស្ទិកលើកទី៣ ដែលបានរៀបចំឡើង នៅក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការទប់ស្កាត់បំពុល ដោយប្លាស្ទិកនៅ កម្ពុជា»។

ឯកឧត្តម ជួប ប៉ារីស៍ បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានបានចាត់ ទុកការគ្រប់គ្រងសំណល់រឹង សំរាម ជាអាទិភាពចម្បង ពីព្រោះ ថា យើងបានឃើញហើយ កាលណាប្រទេសជាតិរីកចម្រើន និងកំណើន ប្រជាពលរដ្ឋ គឺសំរាមក៏តែងតែកើនឡើង ។ហេតុនេះកាកសំណល់ សំរាម និងបា្លស្ទិកក៏កើនឡើងតាមនេះដែរ។

ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃអាល្លឺម៉ង់ ប្រចាំ នៅកម្ពុជា បានថ្លែងថាបញ្ហាប្រឈមនឹងការទុកដាក់សំណល់ ប្លាស្ទិក ពីមួយឆ្នាំទៅមួយឆ្នាំ បានកើតមានស្ទើរពាសពេញពិភពលោក។ បញ្ហាបា្លស្ទិកវាបានផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ពិតមែន តែផលអាក្រក់វាបានជះយ៉ាងយូរអង្វែងនៅលើភពផែនដីយើង ដែលចាំបាច់បណ្តាប្រទេសនីមួយៗត្រូវរួមគ្នាទប់ស្កាត់។

ចំណែក លោកស្រី Alissar Chaker ប្រធានអង្គការកម្ម វិធី អភិវឌ្ឍន៍សហប្រជា ជាតិប្រចាំកម្ពុជា (UNDP)បានបញ្ជាក់ថា ការបំពុលដោយប្លាស្ទិកបានក្លាយជាបញ្ហាសាកល។ការផលិត បា្លស្ទិកបានកើនឡើងលើសពី៨ពាន់លានតោន ហើយក្នុងបរិមាណ នេះមានតែ៩ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ,១៩ ភាគរយ ត្រូវបានត្រូវបានដុតក្នុងឡ, ៥០ភាគរយត្រូវបានបោះចោល ទីលានចាក់សំរាម ហើយ២២ភាគរយត្រូវបានគេយកទៅបោលចោល តាមទន្លេ សមុទ្រ។
លោក Taninai Ichitomo អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាបានថ្លែងថាក្នុងពេលបច្ចុប្បន្នការបោះចោលប្លាស្ទិកនៅលើពិភពលោកបានកើនបរិមាណយ៉ាងច្រើនជាបន្តបន្ទាប់ ដែលជា ការមួយដាក់សម្ពាធយ៉ាងធំធេងដល់ប្រពន្ធអេកូស៊ីស្ទិមរបស់យើង និងវាបានបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ។ ជាមួយគ្នា យើងត្រូវការជាបន្ទាន់នូវដំណោះស្រាយជាលក្ខណៈចក្រាដើម្បីឆ្លើយតបចំពោះវិបត្តិប្លាស្ទិកទាំងការប្រើប្រាស់ និងការផលិតផងដែរ។

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ ជារៀងរាល់ថៃ្ង កាកសំណល់ជាង ៣៥០០ តោន ត្រូវបានបង្កើត ដែលក្នុងនោះប្រហែល ២០ភាគរយ ជាសំណល់ជាបា្លស្ទិក។
តាមរយៈនេះដែរក្រសួងបរិស្ថាន និងដៃគូ រដ្ឋបាលថ្នាក់ជាតិ ក៏ថ្នាក់ក្រោមជាតិបានអនុវត្តគម្រោងប្លាស្ទិកនៅកម្ពុជាក្នុងគោលបំណង ទប់ស្កាត់ និងកាត់បន្ថយការបំពុល ដោយសំណល់ប្លាស្ទិកនៅ លើដីគោក និងនៅក្នុងសមុទ្រ តាមរយ ការលើកកម្ពស់គោលការណ៍ ៤ Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ)។ វេទិកាជាតិប្លាស្ទិក ត្រូវបានរៀបចំឡើង៣លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៩ លើកទី២ នៅឆ្នាំ២០២១ និងលើកទី៣ ក្នុងឆ្នាំ២០២៣នេះ ដើម្បីផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិក ក៏ដូចជាបង្ហាញពីគំនិតផ្តួច ផ្តើម លើកកម្ពស់ការយល់ដឹង ប្រកបដោយភាពច្នៃប្រឌិតនានា ព្រមទាំងផ្សព្វផ្សាយអាជីវកម្មវិលជុំ ប្រកបដោយភាពច្នៃប្រឌិត ដែលចូលរួម ដល់ការដោះស្រាយការបំពុលដោយប្លាស្ទិក។

គួរបញ្ជាក់ថាក្នុងវេទិកាជាតិប្លាស្ទិកលើកទី៣ នាពេលនេះ ឯកឧត្តម ជួប ប៉ារីស សំណូមពរឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាយុវជន ជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ បន្តកិច្ចគាំទ្រសហការ ជាមួយក្រសួងបរិស្ថានបន្តទៀត ក្នុងការអនុវត្តកិច្ចការទប់ស្កាត់ការ បំពុលដោយប្លាស្ទិកនៅកម្ពុជា ឱ្យកាន់តែប្រសិទ្ធភាពថែមទៀត៕ដោយ៖ម៉ាដេប៉ូ