ក្រុមហ៊ុនយ៉ាងតិចប្រាំបី នឹងមកបោះទុនវិនិយោគបើករោងចក្រសហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺ ឆាប់ៗនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺបាន​​ឱ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តកំពង់ស្ពឺ ទៅកាន់ទីក្រុងហុងកុង ប្រទេសកាលពីពេលថ្មីៗនេះទទួលបានលទ្ធផលលើសពីការរំពឹងទុក ដោយសារតែវិនិយោគិនមកពីក្រុមហ៊ុនចំនួនប្រាំបី នៃទីក្រុងហុងកុង នឹងចុះ​មកពិនិត្យរកទីតាំងដើម្បីបើករោងចក្រសហគ្រាស ក្នុងខេត្តកំពង់ស្ពឺ  ក្នុងឆ្នាំនេះ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់នៅថ្ងៃទី​៣ ខែមេសានេះថា ៖ «​ ក្នុងរយៈពេលពីរថ្ងៃ ខ្ញុំ និងគណៈប្រតិភូ បានជួបប្រជុំ​បង្ហាញពីសក្តានុពលខេត្ត​យើងដល់វិនិយោគិនហុងកុង ​ក្នុងនោះមានក្រុមហ៊ុនយ៉ាងតិច ១០ បានចាប់អារម្មណ៍ និងមានបំ​ណង​​មកស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយ​រំពឹងថា នឹងមានតម្រូវការកម្លាំងពលកម្មយ៉ាងហោចណា​ស់មួយម៉ឺននាក់ នៅពេលដែលក្រុមហ៊ុនទាំងនោះមកវិនិយោគបើកក្រុមហ៊ុន និងរោងចក្រសហគ្រាសនៅខេត្តកំពង់ស្ពឺ»។ ឯកឧត្តម  វ៉ី សំណាង​ បានឱ្យដឹងទៀតថា ក្រុមហ៊ុនដែលមានគម្រោងមកវិនិយោគនៅកម្ពុជា

ជាពិសេសខេត្តកំពង់ស្ពឺ ទាំងនោះភា​គច្រើនផ្តោតលើការបើករោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទ ហើយក្រៅពីនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត មានបំណងវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ។

ឯកឧត្តមបានបញ្ជាក់​ថា ៖ «ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តកំពង់ស្ពឺ ទៅកាន់ទីក្រុងហុងកុង ទទួលបានលទ្ធផលលើ​​សពីការរំពឹងទុក ដោយសារតែមានក្រុមហ៊ុនច្រើនបានចាប់អារម្មណ៍ពីបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងខេត្តកំពង់ស្ពឺផ្ទាល់ ទាំងសណ្ឋានដី និងការដឹកជញ្ជូន»។

ឯកឧត្តមបន្ថែមទៀតថា មានវិនិយោគិនមកពីក្រុមហ៊ុនចំនួនប្រាំបីដែលនឹងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺ ពោលក្នុងខែមិថុនា អ្នកវិនិយោគនឹងចុះមកពិនិត្យរកទីតាំងដើម្បីបើករោងចក្រ។ ប៉ុន្តែគណៈប្រតិភូបានស្នើលើកទៅខែសីហា ដោយសារតែនៅពេល អាជ្ញាធរខេត្តមានភាពមមាញឹកនឹងការបោះឆ្នោត។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺនេះ គឺជាខេត្តគោលដៅវិនិយោគមួយដ៏ទាក់ទាញសម្រាប់វិនិយោគិន ដោយសារតែខេត្តនេះស្ថិតនៅក្បែររាជធានីភ្នំពេញផង និង ជាច្រកសំខាន់ក្នុងដឹកជញ្ជូនទំនិ​ញទៅកំពង់ផែសមុទ្រផង។លោកបានបន្ថែម វិស័យឯកជន ពិតមានក្តីរីករាយ និងស្វាគមន៍ជានិច្ច នូវវិនិយោគិនដែលមានបំណងវិនិយោគនៅកម្ពុជា

ដើម្បីជំរុញកំណើននៃការវិនិយោគ និងបង្កើតឱកាសការងារកាន់តែច្រើន កាត់បន្ថយការចំណាកស្រុក។

ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ៖ «មិនថាវិនិយោគិនមកពីប្រទេសណាទេ ឬតំបន់ណានោះទេ យើងស្វាគមន៍ជានិច្ចក្នុងកា​រមកវិនិយោគស្របច្បាប់នៅកម្ពុជា។ យើងក៏សូមកោតសររសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាក់ទាញ និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដែលបាននិងកំពុងបើករោងចក្រសហគ្រាសនៅតាមតំបន់ទាំងនោះ ជាពិសេសខេត្តកំពង់ស្ពឺ»។ បើតាមឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ រហូតមកទល់សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺ  មានរោងចក្រធុនធំ និងមធ្យម ដែលផលិតសម្លៀកបំពាក់

និងស្បែកជើង ក៏ដូចជាផលិតផលផ្សេងៗទៀត សរុបជាង ៣៨០ រោងចក្រ ដែលបានស្រូបទាញកម្មករប​ម្រើការងារប្រមាណជាង១៥.០០០នាក់៕ ដោយ៖វណ្ណ សុជាតា

ads banner