ខេត្តរតនគីរី នឹងខំអភិវឌ្ឍន៍នៅតាមទីជនបទ ខណៈអត្រាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យសម្រេចបានជាង៧០ភាគរយ
ភ្នំពេញ៖រដ្ឋបាលខេត្តរតនគីរីបានបង្ហាញការប្តេជ្ញាក្នុងការខិតខំជំរុញការអភិវឌ្ឍនៅតាមទីជនបទ សំដៅឈានទៅលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យទូទាំងខេត្តឱ្យបានគ្រប់ជ្រុងជ្រោយ ខណៈបច្ចុប្បន្នក្នុងខេត្ត មានទឹកស្អាតសម្រាប់ប្រើប្រាស់សម្រេចបានជាង៧០ភាគរយ និងការងារអនាម័យសម្រេចបានជាង៦០ ភាគរយទូទាំងខេត្ត។ នាសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តរតនគីរី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរីបានឱ្យដឹងថា ការលើកកម្ពស់វិស័យអភិវឌ្ឍន៍ជនបទ សំដៅជំរុញលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ
ជាកិច្ចការអាទិភាពមួយរបស់ខេត្តរតនៈគីរី ដើម្បីជំរុញការកាត់បន្ថយបញ្ហាភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជំរុញសុខមាលភាពប្រជាពលរដ្ឋកាន់តែប្រសើរ។ជាក់ស្តែង គិតមកដល់ពេលបច្ចុប្បន្ននេះ អត្រាគ្រប់ដណ្តប់ទឹកស្អាតទូទាំងខេត្តរតនគីរី សម្រេចបាន ៧១,៧៦ភាគរយ និងការងារអនាម័យចំនួន ៦០ភាគរយទូទាំងខេត្ត។រដ្ឋបាលខេត្ត ប្តេជ្ញាថា នឹងជំរុញឱ្យពលរដ្ឋនៅថ្នាក់មូលដ្ឋាន ពិសេសនៅតាមទីជនបទទទួលបានទឹកស្អាត និងពង្រឹងការងារអនាម័យឱ្យកាន់តែគ្រប់ដណ្តាប់ទូទាំងខេត្តបន្ថែមទៀត។
ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថា គិតមកដល់ពេលនេះ ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ អត្រាគ្របដណ្ដប់ទឹកស្អាតទូទាំងខេត្ត មានចំនួន ៧១,៧៦ភាគរយ កើនឡើង ១៤,១៦ភាគរយ ហើយអត្រាអនាម័យជនបទគ្របដណ្តប់ទូទាំងខេត្ត៦០ភាគរយកើនឡើង២១ភាគរយ ខណៈផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់មានចំនួន ៥១,៨៦ភាគរយផងដែរ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តរតនគីរី ក៏បានអះអាងបន្ថែមថា បច្ចុប្បន្នខេត្តរតនគីរី បានកំពុងផ្តោតខ្លាំងទៅលើការលើកស្ទួយវិស័យអភិវឌ្ឍន៍ជនបទ ដើម្បីឱ្យស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ថា ៖ «ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅសហគមន៍ជនបទគ្រប់រូបត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្ដរភាព»។ ឯកឧត្តមបញ្ជាក់ទៀតថា ដើម្បីសម្រេចការងារទឹកស្អាត និងអនាម័យ រដ្ឋបាលខេត្ត នឹងខំទាក់ទាញការវិនិយោគលើវិស័យទឹកស្អាត ពិសេសបង្កើនការផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីបញ្ហាអនាម័យបន្ថែមទៀត ពិសេសខិតខំអភិវឌ្ឍន៍លើការស្តារហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ
ដើម្បីប្រែក្លាយខេត្តស្រយ៉ាលមួយនេះ ក្លាយជាខេត្តដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាមួយគ្នានោះដែរ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានលើកឡើងដែរថា ផែនការអភិវឌ្ឍនជនបទ លើការជុំវិញការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ មន្ទីរបានបង្កើតផែនការសកម្មភាពថ្នាក់ខេត្តស្ដីពី ការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្តជាជំហានៗ ដើម្បីជំរុញប្រជាពលរដ្ឋ បានយល់ដឹងពីសារៈសំខាន់នៃការទម្លាប់អនាម័យល្អ ការធ្វើទឹកឱ្យមានសុវត្ថិភាពមុនបរិភោគ និងការសម្អាតអនាម័យលំនៅស្ថានជាដើម។
លោកបន្តថា យើងនឹងខំសហការ និងទំនាក់ទំនងល្អជាមួយក្រសួង ស្ថាប័ន សប្បុរសជន វិនិយោគិន និងដៃគូអភិវឌ្ឍនានាដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន ពិសេសលើគម្រោងទឹកស្អាត និងអនាម័យឱ្យកាន់តែខ្លាំងទ្វេដង។
គួរបញ្ជាក់ថា ខេត្តរតនគិរី ជាខេត្តដែលស្ថិតនៅភាគឦសាន្តនៃប្រទេសកម្ពុជា ហើយខេត្តនេះមានទន្លេឆ្លងកាត់ចំនួន ២ ទន្លេសេសាន និងទន្លេស្រែពក។
បើតាមរដ្ឋបាលខេត្តរតនគីរី បានបង្ហាញថា ស្ថានភាពការអភិវឌ្ឍនៅតាមជនបទក្នុងខេត្ត រយៈពេល៥ឆ្នាំ ពោលពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣សម្រេចបានរួមមាន៖ការងារលើកម្ពស់ទឹកស្អាតទូទាំងខេត្ត សម្រេចបានចំនួន ៧១,៧៦ភាគរយ កើនឡើង ១៤,១៦ភាគរយ ធៀបនឹងឆ្នាំ២០១៨ មានត្រឹម ៥៧,៦០ភាគរយ ពោលគឺមានអត្រាកំណើនក្នុងមួយឆ្នាំចំនួន ២,៨៣ភាគរយ។ ការលើកកម្ពស់អនាម័យជនបទគ្រប់ដណ្តប់ទូទាំងខេត្តសម្រេចបាន៦០ភាគរយ កើនឡើង ២១ភាគរយ បើធៀបនឹងឆ្នាំ២០១៨ មានត្រឹមតែ ៣៩ភាគរយប៉ុណ្ណោះ ពោលចំនួននេះ គឺមានអត្រាកំណើនរហូត ៤,២ភាគរយក្នុងមួយឆ្នាំ។ ក្រៅពីនេះ ផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់នៅទូទាំងខេត្ត មានចំនួន ២៣,៧៧៤ខ្នងផ្ទះ ឬស្មើនឹង ៥១,៨៦ភាគរយ
ខណៈភូមិដែលបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (DDF) គឺមានចំនួន ៥៥ ភូមិ ឬស្មើនឹង ៧ឃុំ និង១ស្រុក។
ចំណែកឯការងាថាមពលអគ្គិសនីវិញ គិតត្រឹមឆ្នាំ២០២២ មានប្រភពផ្គត់ផ្គង់អគ្គិសនីចំនួនបួនដោយក្នុងនោះ ប្រភពផលិតក្នុងខេត្តរតនគីរីមានចំនួនមួយ ប្រភពទិញពីប្រទេសវៀតណាមចំនួនមួយ ប្រភពទិញពីស្ទឹងត្រែងចំនួនមួយនិងប្រភពទិញពីអនុស្ថានីយមានចំនួនមួយ។
ប្រភពអគ្គិសនីទាំងបួនប្រភពនេះមានបន្ទុកប្រើប្រាស់ចំនួន ២១,១៨MW ដែលភូមិមានអគ្គិសនីប្រើប្រាស់ចំនួន ២៣១នៃចំនួនភូមិសរុបចំនួន ២៤៣ភូមិ ស្មើនឹង ៩៥,៦ភាគរយដោយក្នុងនោះគ្រួសារមានអគ្គិសនីប្រើប្រាស់ មានចំនួន ២៤.០១៣គ្រួសារ ឬស្មើនឹង ៥១,៧ភាគរយផងដែរ៕