រដ្ឋបាលខេត្តរតនគិរី ប្តេជ្ញាជំរុញការវិនិយោគលើវិស័យទេសចរណ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ថ្នាក់ដឹកនាំខេត្តរតនគិរីបានបង្ហាញការប្តេជ្ញាថា នឹងបើកឱកាសនិងជំរុញឱ្យមានការវិនិយោគបន្ថែមលើការរៀបចំកន្លែងសក្តានុពលទេសចរណ៍របស់ខេត្ត ដើម្បីទាញកំណើនភ្ញៀវទេសចរ និងជំរុញកំណើនសេ​ដ្ឋកិច្ចនៅទូទាំងខេត្តឱ្យកាន់តែប្រើសើរឡើង។

ការប្តេជ្ញានេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តរតនគិរី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

​អភិបាលខេត្តរតនគិរីឯកឧត្តម ញ៉ែម សំអឿន​ បានឱ្យដឹងថា ​​ជាផែនការរបស់ខេត្តកំពុងខិតខំប្រឹងប្រែងប​ង្កើនតំបន់ទេសចរណ៍ធម្មជាតិឱ្យមានភាពទាក់ទាញ តាមរយៈការការលើកម្ពស់អនាម័យ និងសោភ័ណភា​ពខេត្ត ពិសេសបើកឱកាសឱ្យមានការវិយោគលើកន្លែងសក្តានុពលតំបន់ទេសចរណ៍សំខាន់របស់ខេត្តថែមទៀត ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បាននិងកំពុងយកចិត្ដ​ទុ​​កដាក់ រួមទាំងអាជ្ញាធរខេត្ដក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការរៀបចំតំបន់ទេ​សចរណ៍មួយចំ​នួនឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍តាមបែបធម្មជាតិនោះ។

ឯកឧត្តម  ញ៉ែម សំអឿន មានប្រសាសន៍ថា  អ្វីដែលយើងកំពុងរួមគ្នាធ្វើ តាមរយៈការព​ង្រឹ​ងសណ្តាប់ធ្នាប់ អនាម័យខេត្ត ការកសាងផ្លូវខេត្ត ការដាំដើមឈើឡើងវិញ ការតុបតែងភ្លើងតាមទីសារធារណៈ ​ដាក់ទង់ជាតិ ការប្រឡងប្រណាំងឃុំ-ស្រុកស្អាត ធ្វើម៉េចកុំឱ្យមានសំរាម ធ្វើឱ្យខេត្តស្អាត ក្នុងគោលដៅទាក់ទាញកំណើនទេសចរមកកាន់ខេត្ត។

ក្នុងសន្និសីទកាសែតដដែលនេះ លោក ង៉ែត ពិទូ ប្រធានមន្ទីរ​ទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងថា ដោយសារតែការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត និងមានការចង្អុលបង្ហាញពីក្រសួងពាក់ព័ន្ធ សហការជំរុញលើវិស័​យទេសចរណ៍ រៀបចំនូវរមណីយដ្ឋាន ទីប្រជុំជន និងទីក្រុងស្អាត សេវាល្អ ធ្វើឱ្យភ្ញៀវទេសចរ ទទួលបា​ន​នូវទំនុកចិត្ត ហើយ​មកទស្សនាកំសាន្តក្នុងខេត្តរតនគិរីគួរឱ្យកត់សម្គាល់ផងដែរ។

​លោកបានបន្តថា ដោយសារតែខេត្តរតនគិរីស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី៥ របស់កម្ពុជា បានធ្វើឱ្យរយៈពេល៥ឆ្នាំ​មកនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តរតនគិរីមានចំនួន ១ ០១៤ ០៦៥ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៩៥៧ ៥៦៤នាក់ និងភ្ញៀវអន្តរជាតិមាន ៥៦ ៥០១នាក់ ។

បើតាម​លោក ង៉ែត ពិទូ ​​ក្នុងឆ្នាំ២០២២ គឺបន្ទាប់ពីកម្ពុជាងើបចេញពីវិបត្តិជំងឺឆ្លងរាលដាល កូវីដ១៩ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដែលក្នុងម្នាក់ចំណាយថវិកាជាមធ្យមប្រមា​ណ​៣០ម៉ឺនរៀល។ ជារួមភ្ញៀវជាង២០ម៉ឺននាក់បានចំណាយថវិកា ៦០០ ពាន់លានរៀល សម្រាប់ជួយដ​ល់សេដ្ឋកិច្ចខេត្តរតនគិរីដោយផ្ទាល់ពិសេសទៅដល់សហគមន៍មូលដ្ឋានតែម្ដង។

លោកបន្តថា រដ្ឋបាលខេត្តរតនគិរីនឹងបន្តខិតខំយកចិត្តទុកដាក់លើការអភិរក្សលើកកម្ពស់អេកូទេសចរណ៍​បន្ថែមទៀត តាមរយៈការជួសជុលកន្លែងទេសចរណ៍ ការរៀបចំបង្កើតថ្មី ពង្រឹងសេវាកម្មផ្នែ​កម្ហូបអាហារ បណ្តុះបណ្តាលវគ្គជំនាញទេសចរណ៍​ ពិសេសវិនិយោគលើវិស័យផ្ទះសំណាក់ សណ្ឋាគារ ក​ន្លែងស្នាក់នៅជាច្រើន សម្រាប់បំពេញតម្រូវការទេសចរណ៍នាពេលអនាគត។

គួរបញ្ជាក់ថា ​គិតមកដល់បច្ចុប្បន្ន ខេត្តរតនគិរី មានរមណីយដ្ឋានទេសចរណ៍ចំនួន ៣០កន្លែង រួមមាន៖ រមណីយដ្ឋានធម្មជាតិ ២០កន្លែង (ក្នុងនោះមានបឹងបន្ទុះភ្នំភ្លើងចំនួន៤កន្លែង) រមណីយដ្ឋានវប្បធម៌ធម្មជាតិ ២កន្លែង និងរមណីកែច្នៃចំនួន៨កន្លែង។ ក្រៅពីនេះ ខេត្តមានសណ្ឋាគារចំនួន១៤ ផ្ទះសំណាក់ចំនួន៣៦ និងសេវាផ្សេងៗសរុបជាង១៣០ មូលដ្ឋាន ដែលកំពុងវិនិយោគលើវិស័យទេសចរណ៍នៅក្នុងខេត្តនេះផងដែរ៕ ដោយ៖សែម ពិសី

ads banner