មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ៖ ហិរញ្ញវត្ថុវិមជ្ឈការផ្តល់អត្ថប្រយោជន៍ច្រើន និងមានសក្តានុពលសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ហិរញ្ញវត្ថុវិមជ្ឈការអាចនឹងផ្តល់អត្ថប្រយោជន៍ច្រើន និងមានសក្តានុពលសម្រាប់វិស័យហិរញ្ញវត្ថុ ប៉ុន្តែទម្រង់ហិរញ្ញវត្ថុនេះកំពុងក្លាយជាកម្មវត្ថុនៃការពិភាក្សាយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីហានិភ័យដែលអាចនឹងកើតមាន ជាមួយនឹងភាពស្មុគស្មាញនៃការធ្វើនិយ័តកម្មផងដែរ។

ការថ្លែងបែបនេះរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយ ធ្វើឡើងក្នុងសិក្ខាសាលាពីតួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance) និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៅថ្ងៃទី០៤ ខែមេសានេះ នាសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា មូលដ្ឋានគ្រឹះនៃការរៀបចំគោលនយោបាយគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មានគោលការណ៍គ្រឹះចំនួន ៣ រួមមាន៖ (១) លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, (២) ការរក្សាឱ្យបានស្ថិរភាពហិរញ្ញវត្ថុ និង (៣) អភិវឌ្ឍឱ្យល្អប្រសើរនូវនវានុវត្តន៍ហិរញ្ញវត្ថុ ដោយឈរលើគោលគំនិត ទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលឱ្យបានជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតអប្បបរមា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងថា សកម្មភាព និងប្រតិបត្តិការហិរញ្ញវត្ថុក្នុងទម្រង់ហិរញ្ញវត្ថុវិមជ្ឈការ ត្រូវបានយល់ថា មិនតម្រូវឱ្យមានអន្តរការី ឬមិនត្រូវការនិយ័តកម្មនោះទេ ដោយហេតុថា បច្ចេកវិទ្យានេះ ដូចជាបច្ចេកវិទ្យាប្លុកឆេន មានសមត្ថភាពក្នុងការបង្កើតតម្លាភាព និងសុវត្ថិភាពដោយខ្លួនឯង។ ការយល់បែបនេះ បានបង្កើតឱ្យមានជាកង្វល់ថ្មីមួយ ក្នុងចំណោមនិយ័តករលើសកលលោក ក្នុងការគិតគូររៀបចំគោលនយោបាយ ឬក្របខណ្ឌ ដើម្បីម្ខាងអាចជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងនេះ និងម្ខាងទៀតដើម្បីធានាបាននូវការគ្រប់គ្រងផងដែរ។

ក្នុងន័យនេះ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ជាការចាំបាច់ ដែលយើងត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់ តាមរយៈការដាក់ចេញនូវក្របខណ្ឌនៃការគ្រប់គ្រងសកម្មភាពបែបនេះ។
សិក្ខាសាលានេះ មានការធ្វើបទបង្ហាញសរុបចំនួន៦ និងកិច្ចពិភាក្សាចំនួន ២ ស្តីពីទិន្នន័យ និងហិរញ្ញវត្ថុវិមជ្ឈការ ហើយមានគោលបំណងកំណត់ និងស្វែងយល់បន្ថែមអំពីការអភិវឌ្ឍ និងផលជះនៃហិរញ្ញវត្ថុវិមជ្ឈការ ទៅដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ, ស្វែងយល់អំពីសមាសភាគ និងយន្តការនៃក្របខណ្ឌការពារទិន្នន័យនៃប្រព័ន្ធវិមជ្ឈការ និងបន្តប្រមូលធាតុចូលបន្ថែមលើហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា៕

ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner