សេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍ សំខាន់ៗ១៥ចំណុច ត្រូវបានមេដឹកនាំ នៃប្រទេស MRC អនុម័តក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤
វៀងចន្ទន៍៖ នៅព្រឹកថ្ងៃទី៥មេសា ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ និងតំណាងជាន់ខ្ពស់ នៃប្រទេសដៃគូអភិវឌ្ឍន៍ រួមមាន៖ ឡាវ កម្ពុជា វៀតណាម និងប្រតិភូតំណាងជាន់ខ្ពស់មកពីប្រទេសថៃ មីយ៉ាន់ម៉ារ ចិន រួមទាំងតំណាងដៃគូ នៃប្រទេសអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គ បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សាក្រោមមូលបទ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់ អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព។
នៅក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គលើកទី៤នេះដែរ មេដឹកនាំនៃប្រទេស MRC បានឈានទៅចេញការអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
១. ទទួលស្គាល់ នូវសមិទ្ធផល និងការវិវត្តសំខាន់ៗ របស់ MRC ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួម ទាំងការរួមចំណែកជាបន្តបន្ទាប់ ដល់កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិក និងជាមួយដៃគូនានារបស់យើង និងជាពិសេស ៖ ការបង្កើត និងការចែករំលែកចំណេះដឹង ត្រូវបានពង្រឹង ដែលនេះ បានជួយគាំទ្រធ្វើឲ្យការរៀបចំផែនការ និងការសម្រេចចិត្តមានលក្ខណៈកាន់តែប្រសើរឡើង ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយ ការណ៍ស្តីពីស្ថានភាពអាងទន្លេឆ្នាំ២០១៨ និងការសិក្សាស្រាវជ្រាវ ព្រមទាំងការវាយតម្លៃផ្នែក បច្ចេកទេសផ្សេងៗ ដែលរួមទាំងការស្រាវជ្រាវរួមគ្នា ជាមួយប្រទេសចិនមីយ៉ាន់ម៉ា វិទ្យាស្ថានគ្រប់គ្រង ទឹកអន្តរជាតិ អង្គការសហប្រជាជាតិ និងដៃគូដទៃទៀត។
២.វាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេក ទេស ពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ជូនដល់ MRC និងប្រទេសជាសមាជិក និងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនា MRC និងភាគីពាក់ព័ន្ធទាំងអស់ នាំឲ្យសម្រេចបាននូវសមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងទៀត។
៣.ទទួលស្គាល់ថា សមិទ្ធផលទាំងនេះ បានបង្កើតជាមូលដ្ឋានគ្រឹះថ្មី និងប្រសើរជាងមុន ដើម្បីឲ្យ MARC សម្រេចបានយ៉ាងពេញលេញនូវអាណត្តិ និងមុខងារស្នូលរបស់ខ្លួន ក្នុងនាមជាអង្គការអាងទន្លេ តាមរយៈ ៖ (ក) ការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសើរបំផុត ដោយទន្ទឹមនោះបង្កើននូវសន្តិសុខទឹក ក្នុងតំបន់ និងបង្កើតភាពធន់នឹងអាកាសធាតុ (ខ) ការបំពេញបន្ថែមចំពោះការរៀបចំផែនការថ្នាក់ជាតិ ជាមួយនឹងការធ្វើផែនការសម្រាប់អាងទាំងមូល និងបើចាំបាច់ ត្រូវមានកិច្ចសម្របសម្រួលលើប្រតិបត្តិការ អាង (គ) ការផ្ដល់ព័ត៌មានជាបន្ត និងប្រកបដោយតម្លាភាព អំពីស្ថានភាពបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីធ្វើឲ្យប្រសើរឡើងនូវការជូនដំណឹងជាមុន (ឃ) ការបង្កើនភាពជាម្ចាស់ និងសមត្ថភាពរបស់ ប្រទេសជាសមាជិក សម្រាប់ការអនុវត្តមុខងារស្នូលក្នុងការគ្រប់គ្រងអាងទន្លេ និង (ង) ការអភិវឌ្ឍស្ថាប័ន MRC ជាបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែមានកម្រិតខ្ពស់ជាងមុន ដែលនេះជាការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាង។
៤. ទទួលស្គាល់ អំពីកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លើគ្រប់វិស័យទាំងអស់ ដែលពាក់ព័ន្ធនឹងទឹក រួមទាំងផ្នែក វារីអគ្គិសនី ធារាសាស្ត្រ នាវាចរណ៍ និងផ្នែកផ្សេងទៀត និងថា ការផ្តល់សន្តិសុខទឹក ដើម្បីការពារសង្គម ពីហានីភ័យទឹកជាពិសេសគ្រោះទឹកជំនន់ និងភាពរាំងស្ងួត គឺមានសារៈ សំខាន់ខ្លាំងណាស់ដែលជាផ្នែករួមមួយ នៃការវិនិយោគតាមវិស័យផ្សេងទៀត និងក៏ជាឱកាសសម្រាប់ការអភិវឌ្ឍន៍ផងដែរ។
៥.ទទួលស្គាល់ថា ទន្ទឹមនឹងការអភិវឌ្ឍ និងការប្រើប្រាស់ទឹកទន្លេមេគង្គ នឹងរួមចំណែកយ៉ាងសំខាន់ដល់ កំណើនសេដ្ឋកិច្ច តែវាក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងររួមទាំងផលប៉ះពាល់ឆ្លងដែនដែលតម្រូវឲ្យមានការ ដោះស្រាយរួមគ្នាលើផ្នែកបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះក្នុងអាង ផងដែរ ជាពិសេសនៅពេល ដែលមានបច្ច័យបន្ថែមកើតចេញពីការប្រែប្រួលអាកាសធាតុ មានដូចជា គ្រោះទឹកជំនន់និងភាពរាំងស្ងួតធ្ងន់ធ្ងរ, ការហូរច្រោះនិងកំណកកករល្បាប់, ផលប៉ះពាល់នៃការប្រែប្រួលយ៉ាងរហ័សនៃកម្រិតកម្ពស់និង រំហូរទឹកទន្លេនៅក្នុងផ្នែកខ្លះនៃអា និងការធ្លាក់ចុះនៃធនធានបរិស្ថាននិងជលផល ដោយរួមទាំង ដោយសារការបាត់បង់នៃការតភា្ជប់គ្នា។
៦.រំលឹកឡើងវិញថា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាងដែលមានលក្ខណៈកាន់តែស្មុគ្រស្មាញជាងមុននោះយើង ត្រូវការទាំងជម្រើសនៃការអភិវឌ្ឍ និងការគ្រប់គ្រង ដើម្បី ធានាបាននូវចីរភាពនៃមូលដ្ឋាន ធនធានបរិស្ថាន, កំណត់នូវជម្រើសដំណោះស្រាយវិនិយោគនិងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយអំពី ទំនាក់ទំនងគ្នារវាងវិស័យផ្សេងៗ, គិតគូរលើសពីការធ្វើផែនការធនធានទឹកដោយដាក់បញ្ចូលនូវការ គ្រប់គ្រងកិច្ចប្រតិបត្តិការដោយរួមទាំងតាមរយៈឱកាសសម្រាប់កិច្ចសម្របសម្រួលឆ្លងដែនជាពិសេសលើ ការចែករំលែកឲ្យបានទាន់ពេលនិងទៀងទាត់នូវទិន្នន័យនៃការប្រតិបត្តិការទំនប់និងហេដ្ឋារចនាសម្ព័ន្ធ ទឹកផ្សេងទៀត, និងដើម្បីកំណត់គម្រោងវិនិយោគរួមគ្នាដែលរួមចំណែកដល់សន្តិសុខទឹក ស្បៀងអាហារ និងថាមពល។
៧. ការកំណត់តាមរយៈការរៀបចំផែនការតំបន់បែបបុរេសកម្ម ដែលនាំឲ្យបង្កើតបាននូវផែនការបណ្ដុំអាង ទន្លេ គម្រោងវិនិយោគរួមថ្មីៗនិងថ្នាក់ជាតិដែលមានសារៈសំខាន់សម្រាប់អាងទាំងមូល និងសកម្មភាព ពាក់ព័ន្ធដែលអាចបង្កើនភាពស៊ីសង្វាក់គ្នា និងកាត់បន្ថយភាពងាយរងគ្រោះនៅកម្រិតអាង និងនៅថ្នាក់ ជាតិ ហើយដែលផ្តល់នូវការឆ្លើយតបដ៏ទូលំទូលាយទៅនឹងការប្រែប្រួលអាកាសធាតុ ដោយរួមទាំងតាម រយៈ ហេដ្ឋារចនាសម្ព័ន្ធនិងជម្រើសអាងស្តុកទឹកតាមបែបធម្មជាតិ ដែនកំណត់បរិស្ថាននិងការធ្វើឲ្យ ប្រសើរការគ្រប់គ្រងកំណកកករល្បាប់ ហើយដែលគាំទ្រដល់ការអនុវត្តផែនការតាមវិស័យថ្នាក់តំបន់រួមគ្ន ដែលលើសពីផ្នែកដែលទាក់ទងនឹងទឹក ដូចជាការផលិតថាមពលកកើតឡើងវិញនិងដែលមិនពាក់ព័ន្ធង នឹងទឹក, ការតភ្ជាប់និងការធ្វើឱ្យប្រសើរនូវបណ្តាញខ្សែបញ្ជូនថាមពលក្នុងតំបន់, ការអភិវឌ្ឍទីផ្សារនិង ពាណិជ្ជកម្មថាមពល និងមជ្ឈមណ្ឌលដឹកជញ្ជូនពហុផ្នែក ។
៨. ផ្ដល់លទ្ធភាពឲ្យបណ្តាប្រទេសតាមអាងទន្លេ ជួយសហគមន៍ដើម្បីអាចសម្របខ្លួនទៅនឹងស្ថានភាពទន្ល ដែលការប្រែប្រួល ដោយត្រូវធានានូវប្រព័ន្ធទំនាក់ទំនង និងការជូនដំណឹងឲ្យបានទាន់ពេលវេលា និង ដែលមានប្រសិទ្ធភាពជាងមុន សម្រាប់រំហូរទឹកដែលខុសពីធម្មតាបញ្ហាគុណភាពទឹក ទឹកជំនន់និងភាព រាំងស្ងួត និងគ្រោះអាសន្នដែលពាក់ព័ន្ធនឹងទឹកផ្សេងទៀត ទាំងក្នុងចំណោមប្រទេសមេគង្គនិងសហគមន៍ តាមអាងទន្លេ និងដោយត្រូវរួមគ្នាបង្កើនការចែករំលែកទិន្នន័យប្រតិបត្តិការពីហេដ្ឋារចនាសម្ព័ន្ធទឹកឲ្យបាន ទាន់ពេលវេលានិងជាប្រចាំ សម្រាប់ការត្រៀមបង្ការនិងការឆ្លើយតប ឲ្យបានកាន់តែប្រសើរជាងមុន។
៩. គាំទ្រដល់ការសេចក្តីសម្រេចលើការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែ ប្រសើរ ដោយរួមទាំងការលើកកម្ពស់ការគាំទ្រការធ្វើសេចក្តីសម្រេចចិត្តដើម្បីអនុវត្តគ្រប់មុខងារគ្រប់គ្រង អាងទន្លេ មានជាអាទិ៍ ផ្នែកការពិនិត្យតាមដានពាក់ព័ន្ធនឹងទឹកនិងការគ្រប់គ្រងប្រតិបត្តិការអាង រហូតដល់ ផ្នែកការវាយតម្លៃ និងការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង។
១០.ធានាថា ការពិគ្រោះយោបល់ ត្រូវបានធ្វើឡើងក្នុងលក្ខណៈកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីសម្រេច បាននូវគោលបំណងរួមតាមរយៈការអនុវត្ត៖ ក្នុងភាពជាដៃគូជាមួយដៃគូសន្ទនា MRC, វេទិកាអ្នកពាក់ព័ន្ធ ចម្រុះសម្រាប់អាងទាំងមូល ការបង្កើនសកម្មភាពរួមគ្នានិងប្រកបដោយនវានុវត្តន៍ជាមួយវេទិកាសហ ប្រតិបត្តិការតំបន់ផ្សេងទៀត ដៃគូអភិវឌ្ឍន៍ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងភាគី ពាក់ព័ន្ធដទៃទៀត ។
១១.ការពង្រឹងការគ្រប់គ្រងអាងទន្លេទាំងមូល ស្របតាមអាណត្តិរបស់ MRC តាមរយៈនវានុវត្តភាពក្នុងគោល នយោបាយ បច្ចេកវិទ្យា និងយន្តការ សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយក្របខណ្ឌកិច្ច សហប្រតិបត្តិការតំបន់ដែលពាក់ព័ន្ធមេគង្គ ផ្សេងទៀត។
១២.ការរក្សា និងស្វែងរកហិរញ្ញប្បទានប្រកបដោយនវានុវត្តភាព ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងខាងលើ ដោយរួមទាំងតាមរយៈប្រភពសាធារណៈនិងឯកជនថ្មីៗ និងយន្តការផ្ដល់មូលនីធិសកល ។
១៣.ធានាថា MRC គឺស្ថិតក្នុងអន្តរការដោយចីរភាព ឆ្ពោះទៅស្វ័យភាពផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងនៅត្រឹមឆ្នាំ២០៣០ ដោយរួមទាំងតាមរយៈ ការអភិវឌ្ឍស្ថាប័នជាបន្តដែលពង្រឹងសមត្ថភាពរបស់ MRC) និងស្ថាប័ន ជាតិដើម្បីអនុវត្តមុខងារស្នូលក្នុងការគ្រប់គ្រងអាងទន្លេ រួមទាំងការទទួលបាននូវទិន្នន័យពាក់ព័ន្ធនឹងទឹក និងការពិនិត្យតាមដានដែលគាំទ្រដោយក្រុមជំនាញអាងទន្លេរួម បណ្តាញពិនិត្យតាមដានទន្លេប្រកប ដោយប្រសិទ្ធភាព, ការពង្រឹងការអនុវត្តនីតិវិធីរបស់ MRC និងយន្តការពាក់ព័ន្ធ, ទម្រង់ការងារ និងការទទួលយកទៅប្រើប្រាស់នូវយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំថ្នាក់តំបន់។
១៤.យើង សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែម ទៀតនូវតួនាទីរបស់ MRC ក្នុងការជួយធានាឲ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និង ថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
១៥.ស្វាគមន៍ចំពោះការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកការធ្វើផែនការថ្នាក់តំបន់បែបបុរេសកម្ម និងការ គ្រប់គ្រងកិច្ចប្រតិបត្តិការដោយមានការសម្របសម្រួល និងសូមអំពាវនាវឲ្យបណ្តាប្រទេសតាមដងទន្លេ ដៃគូនិងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការជាមួយ MRC ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីនានា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងសម្រាប់ឆ្នាំ២០២១-២០៣០ ស្របតាមសេចក្ដីថ្លែងការណ៍នេះ និងទន្លេមេគង្គតែមួយ ស្មារតីតែមួយ និង១៦.ប្រគល់ភារកិច្ចឲ្យ MRC ត្រូវសម្របសម្រួល និងពិនិត្យតាមដានការអនុវត្តសេចក្ដីថ្លែងការណ៍នេះ។
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលមេគង្គលើកទី៤ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅរសៀលថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិវត្តី វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារួមមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ ថ្នាក់ដឹកនាំរដ្ឋធានីវៀងចន្ទន៍ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាច្រើនរូប ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ (ទទួលពី ទទក)