អ.ស.ប ប្រាប់បុគ្គលិកអាហ្វហ្គានីស្ថានឱ្យផ្អាកធ្វើការក្រោយតាលីបង់បង្ហាញសញ្ញាពីបំរាមមិនឱ្យបុគ្គលិកជាស្រ្តីធ្វើការ
អ.ស.ប៖ អង្គការសហប្រជាជាតិ (អ.ស.ប.) បានប្រាប់បុគ្គលិកនៅអាហ្វហ្គានីស្ថានប្រហែល ៣ ៣០០ នាក់ ឱ្យនៅផ្ទះ ហើយផ្អាកធ្វើការរយៈពេលពីរថ្ងៃ បន្ទាប់ពីអាជ្ញាធរតាលីបង់បានផ្តល់សញ្ញាកាលពីថ្ងៃអង្គារថា ពួកគេនឹងអនុវត្តការហាមឃាត់មិនឱ្យស្ដ្រីរបស់ស្ថាប័ននេះធ្វើការ។
អ្នកនាំពាក្យ អ.ស.ប. លោក ស្តេហ្វិន ឌូចារិក (Stephane Dujarric) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កនៅថ្ងៃអង្គារទី ៤ ខែមេសា ថា មន្ត្រី អ.ស.ប.នៅអាហ្វហ្គានីស្ថាន «បានទទួលពាក្យបញ្ជាដោយអាជ្ញាធរ(តាលីបង់)ផ្ទាល់ ដែលហាមឃាត់បុគ្គលិកជាតិជាស្ត្រីនៃអង្គការសហប្រជាជាតិ មិនឱ្យធ្វើការ»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក ឌូចារិក បាននិយាយថា អ.ស.ប. កំពុងពិនិត្យមើលផលប៉ះពាល់ ហើយនឹងជួបជាមួយមន្ត្រីក្រសួងការបរទេសអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុលនាថ្ងៃពុធ ដើម្បីស្វែងរកភាពច្បាស់លាស់បន្ថែមទៀត។
បច្ចុប្បន្ននេះ ស្ត្រីអាហ្វហ្គានីស្ថានប្រមាណ ៤០០ នាក់ កំពុងបម្រើការឱ្យអ.ស.ប.។ ប្រភព២រូបពី អ.ស.ប. បានប្រាប់រ៉យទ័រថា ការបារម្ភលើការអនុវត្តច្បាប់ បានជំរុញឱ្យអង្គការសុំឱ្យបុគ្គលិកទាំងអស់ ទាំងប្រុសទាំងស្រី កុំឱ្យមកធ្វើការរយៈពេល ៤៨ ម៉ោង ពោលគឺនៅថ្ងៃពុធ និងព្រហស្បតិ៍។ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ជាធម្មតាជាថ្ងៃចុងសប្តាហ៍នៅអាហ្វហ្គានីស្ថាន ដែលមានន័យថា បុគ្គលិករបស់អ.ស.ប. នឹងចូលធ្វើការវិញនៅថ្ងៃអាទិត្យ។
កាលពីព្រឹកថ្ងៃអង្គារ បេសកកម្មរបស់អ.ស.ប ប្រចាំអាហ្វហ្គានីស្ថាន (UNAMA) បានសម្តែងការព្រួយបារម្ភថា បុគ្គលិកជាស្រ្តីនៅក្នុងខេត្ត Nangarhar ត្រូវបានបញ្ឈប់មិនឱ្យទៅធ្វើការ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញូវ ហ្គូតទែរ៉េស បានថ្កោលទោសការអនវត្តបម្រាមលើស្រ្តីនៅខេត្តភាគខាងកើតមួយនេះ ដោយបង្ហោះសារនៅលើបណ្ដាញសង្គមធ្វីតធឺរថា៖ «ប្រសិនបើវិធានការនេះមិនត្រូវបានផ្លាស់ប្តូរទេនោះ វានឹងធ្វើឱ្យខូចសមត្ថភាពរបស់យើងក្នុងការផ្តល់ជំនួយសង្គ្រោះជីវិតដល់ប្រជាជនដែលត្រូវការវាដោយជៀសមិនរួច»។
បន្ថែមពីលើនេះ លោក ឌូចារិក បាននិយាយថា បុគ្គលិកជាស្រ្តីរបស់អង្គការមានភាពចាំបាច់ណាស់ក្នុងការផ្តល់ជំនួយសង្គ្រោះជីវិត ហើយបន្ថែមថា មនុស្សប្រហែល ២៣ លាននាក់ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនអាហ្វហ្គានីស្ថាន កំពុងត្រូវការជំនួយមនុស្សធម៌។
ជុំវិញបញ្ហាដដែលនេះ គេមិនឃើញមានរដ្ឋបាលរបស់ពួកតាលីបង់ចេញការបកស្រាយយ៉ាងណាទេ ខណៈនាពេលកន្លងមក ស្រ្តីត្រូវបានហាមឃាត់មិនឱ្យធ្វើការជាច្រើនមុខ ក៏ដូចជាមិនឱ្យចូលរៀននៅសាកលវិទ្យាល័យជាដើម។ តាលីបង់ ដែលឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ ២០២១ ចេញការរឹតត្បឹតសិទ្ធិស្រ្តី ដោយអនុលោមតាមការបកស្រាយច្បាប់អ៊ិស្លាមយ៉ាងតឹងរ៉ឹងរបស់ខ្លួន។
គួររំឭកថា កាលពីខែធ្នូ អាជ្ញាធរតាលីបង់បានបញ្ឈប់បុគ្គលិកជាស្រ្តីដែលធ្វើការខាងជំនួយមនុស្សធម៌ភាគច្រើន មិនឱ្យធ្វើការ ដែលធ្វើឱ្យមានការលំបាកបន្ថែមទៀតក្នុងការផ្ដល់ជំនួយជាពិសេសស្រ្តី និងអាចនាំឱ្យម្ចាស់បិទការផ្តល់មូលនិធិ។ យ៉ាងណាមិញ ការរឹតបន្តឹងកាលពីលើកនោះ មិនបានអនុវត្តចំពោះអ.ស.ប. និងអង្គការអន្តរជាតិមួយចំនួនទៀតទេ៕
ប្រែសម្រួល៖ ហួន ឌីណា
ប្រភព៖ UN Afghan staff told to stay home as Taliban signals UN female ban