ឥណ្ឌាបដិសេធការប៉ុនប៉ងរបស់ចិនក្នុងការប្តូរឈ្មោះទឹកដែនតំបន់កំពុងមានជម្លោះ
ញូវដែលី៖ ប្រទេសឥណ្ឌាបានច្រានចោលការប៉ុនប៉ងរបស់ចិនក្នុងការប្តូរឈ្មោះតំបន់មួយដែលកំពុងមានជម្លោះ ហើយដែលទីក្រុងញូវដេលី (New Delhi) បានចាត់ទុកថាជារដ្ឋ អារូណាឆាល ប្រាដេស (Arunachal Pradesh) ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា ប៉ុន្តែទីក្រុងប៉េកាំងបានអះអាងថា វាគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
គួរដឹងថា ប្រទេសចិន និងឥណ្ឌាបាននិងកំពុងមានជម្លោះនៅតាមព្រំដែនដែលមានចម្ងាយប្រមាណ ៣៨០០ គីឡូម៉ែត្រ ហើយពេលខ្លះ រហូតឈានដល់ការប្រយុទ្ធគ្នានៅតាមតំបន់ខ្លះនៃព្រំដែនទៀតផង។ ជម្លោះរវាងភាគីទាំងពីរបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៦២ មកម្ល៉េះ ហើយការប៉ះទង្គិចគ្នានៅតាមតំបន់ភ្នំប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងឡើងខ្លាំង។
ការឆ្លើយឆ្លងពាក្យសម្តីប្រកបដោយភាពខឹងសម្បារចុងក្រោយ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលក្រសួងកិច្ចការស៊ីវិលរបស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ដោយលើកឡើងថា ខ្លួនបានកំណត់ឈ្មោះតំបន់ចំនួន ១១ កន្លែងរួមទាំងភ្នំចំនួន ៥ ដែលប្រទេសចិនបានហៅថាជាតំបន់ទីបេភាគខាងត្បូង។
សេចក្តីថ្លែងការណ៍នោះផងដែរ បានបង្ហាញឱ្យឃើញនូវផែនទីតំបន់ទាំង ១១ កន្លែងដែលត្រូវបានប្តូរឈ្មោះដោយប្រទេសចិនថាជាទីតាំងដែលស្ថិតនៅក្នុងតំបន់ ចាងណាន (Zangnan) ឬជាភាសាចិនហៅថា ភាគខាងត្បូងនៃទីបេ ដោយបានរួមបញ្ចូលតំបន់ អារូណាឆាល ប្រាដេស ចូលទៅក្នុងតំបន់ភាគខាងត្បូងទីបេ។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានកំណត់ព្រំដែនរបស់ខ្លួនជាមួយប្រទេសឥណ្ឌាឱ្យស្ថិតនៅត្រឹមភាគខាងជើងនៃទន្លេ ប្រាម៉ាភូត្រា (Brahmaputra) ទៀតផង។
ក្រសួងការបរទេសឥណ្ឌាបានធ្វើការច្រានចោលទាំងស្រុងនូវអ្វីដែលចិនបានធ្វើ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក អារីនដាម បាកឈី (Arindam Bagchi) បានលើកឡើងនៅលើបណ្ដាញ Twitter ថា «យើងបានឃើញរបាយការណ៍របស់ចិននោះរួចមកហើយ។ ហើយនេះមិនមែនជាលើកទីមួយទេដែលចិនធ្វើបែបនេះ»។ លោកបន្តថា «តំបន់ អារូណាឆាល ប្រាដេស គឺជាតំបន់ដែលស្ថិតនៅក្នុងផ្នែកមួយដ៏សំខាន់ និងដែលមិនអាចកាត់ផ្តាច់បានពីប្រទេសឥណ្ឌាបាន»។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា «ការផ្លាស់ប្តូរឈ្មោះតំបន់នេះគឺស្ថិតក្នុងវិសាលភាពនៃអធិបតេយ្យភាពរបស់ចិនទាំងស្រុង»។ កាលពីថ្ងៃអង្គារថា អ្នកនាំពាក្យលោកស្រី ម៉ៅ និង (Mao Ning) បានបញ្ជាក់ប្រាប់នៅក្នុងសន្និសីទសារព័ត៌មួយនៅទីក្រុងប៉េកាំងថា «តំបន់ទីបេភាគខាងត្បូងគឺជាទឹកដីរបស់ចិន»។
គួររំឭកថា កាលពីឆ្នាំ២០២០ យ៉ាងហោចណាស់ទាហាន ២៤ នាក់ ក្នុងនោះមានជនជាតិឥណ្ឌា ២០ នាក់ត្រូវបានស្លាប់នៅពេលដែលភាគីទាំងពីរបានប៉ះទង្គិចគ្នានៅក្នុងតំបន់ ឡាដាក (Ladakh) ភាគខាងលិចនៃព្រំដែនរបស់ពួកគេ ប៉ុន្តែស្ថានការណ៍បានស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីមានកិច្ចពិភាក្សាការទូត និងការចរចាផ្នែកយោធា។ បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០ ប្រទេសឥណ្ឌាបានហាមឃាត់កម្មវិធីទូរស័ព្ទដៃជាច្រើនដែលបង្កើតឡើងដោយប្រទេសចិន រួមទាំងកម្មវិធីដ៏ពេញនិយមមួយឈ្មោះថា តិកតុក (TikTok) ផងដែរ។
បន្ថែមលើនេះ ក្រុមហ៊ុនចិនដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា រួមមានក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi និង Huawei ជាដើម ត្រូវបានអាជ្ញាធរពន្ធដារឥណ្ឌាចុះត្រួតពិនិត្យដើម្បីចាប់កំហុសទៀតផង។ យ៉ាងណាក៏ដោយ ពាណិជ្ជកម្មទ្វេភាគីនៅតែបន្តមានក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១០០ ប៊ីលានដុល្លារក្នុងមួយឆ្នាំ ដោយឥណ្ឌាបាននាំចូលពីប្រទេសចិនច្រើនជាងការនាំចេញទៅទីនោះ។
កាលពីខែធ្នូ ឆ្នាំមុន ទាហានរបស់ភាគីទាំងពីរក៏ធ្លាប់បានប៉ះទង្គិចគ្នាម្ដងដែរនៅក្នុងតំបន់ តាវ៉ាង (Tawang) នៃរដ្ឋ អារូណាឆាល ប្រាដេស។ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានលើកឡើងកាលពីខែមុនថា «ស្ថានភាពនៅតំបន់ ឡាដាក (Ladakh) គឺគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារតែកងកម្លាំងយោធារបស់ភាគីទាំងពីរត្រូវបានដាក់ពង្រាយនៅជិតគ្នាមែនទែននៅកន្លែងខ្លះ»៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Al Jazeera India rejects China’s attempt to rename places in disputed areas