ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិព្រមានពីហានិភ័យហិរញ្ញវត្ថុ អំឡុងពេលវិបត្តិធនាគារ
អន្តរជាតិ៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF បានលើកឡើងថា វិបត្តិធនាគារនៅសហរដ្ឋអាមេរិក និងអឺរ៉ុបនាពេលថ្មីៗនេះ អាចនឹងរីករាលដាលដល់ស្ថាប័នមិនមែនធនាគារសំខាន់ៗដូចជា មូលនិធិសោធននិវត្តន៍ ក៏ដូចជាអាចជំរុញឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងដល់ការប្រយុទ្ធប្រឆាំងនឹងអតិផរណារបស់ធនាគារកណ្តាលនៅតាមបណ្ដាប្រទេសនានា។
អ្នកជំនាញសេដ្ឋកិច្ចរបស់អង្គការ IMF បានលើកឡើងនៅក្នុងអត្ថបទមួយថា៖ «ហានិភ័យរបស់វិស័យធនាគារអាចនឹងកើនឡើងនៅប៉ុន្មានខែខាងមុខនេះ ចំពេលមានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុទូទាំងសាកលលោក»។ លោកបានបន្ថែមថា «ហានិភ័យនេះក៏បានរីករាលដាលដល់វិស័យមិនមែនធនាគារដែលជាប់ពាក់ព័ន្ធជាបន្តបន្ទាប់។ វិស័យមិនមែនធនាគារទាំងអស់នោះផងដែរមានតម្លៃស្ទើរតែពាក់កណ្តាលនៃទំហំហិរញ្ញវត្ថុទាំងអស់នៅលើពិភពលោក»។
គួរដឹងដែរថា អត្ថបទរបស់អ្នកជំនាញសេដ្ឋកិច្ចខាងលើត្រូវបានបោះផ្សាយស្របទៅនឹងរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការ IMF ស្តីពីស្ថិរភាពហិរញ្ញវត្ថុសកល។ ជាការកត់សម្គាល់ ធនាគារកណ្តាលនៅសហគមន៍អឺរ៉ុប និងនៅសហរដ្ឋអាមេរិក បាននិងកំពុងដាក់ចេញវិធានការដោះស្រាយដ៏ត្រឹមត្រូវមួយ ដើម្បីដោះស្រាយបញ្ហាអត្រាអតិផរណាដែលកំពុងកើនឡើងខ្ពស់ខ្លាំង តាមរយៈការដំឡើងអត្រាការប្រាក់ដើម្បីអាចជួយសម្រួលដល់វិស័យធនាគារដែលកំពុងជួបបញ្ហា បង្កឡើងដោយការដួលរលំធនាគារ Silicon Valley។
ធនាគាផ្តល់ប្រាក់កម្ចីផ្នែកបច្ចេកវិទ្យាដែលមានទីស្នាក់ការកណ្ដាលនៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានខ្ស័យធនបន្ទាប់ពីបានដំឡើងអត្រាការប្រាក់ខ្ពស់ហួសហេតុ អំឡុងពេលដែលធនាគារកណ្តាលអាមេរិកបានចាប់ផ្តើមយុទ្ធនាការដំឡើងអត្រាការប្រាក់កាលពីឆ្នាំ២០២២។
គួរដឹងដែរថា ចំនួនស្ថាប័នហិរញ្ញវត្ថុដែលមិនមែនជាធនាគារ ឬហៅកាត់ថា NBFIs រួមមានដូចជាស្ថាប័នមូលនិធិសោធននិវត្តន៍ និងមូលនិធិវិនិយោគផ្សេងៗ បានកើនឡើងច្រើនរាប់ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ ដោយសារតែកាលនោះ និយតករនៅតាមបណ្ដាប្រទេសភាគច្រើនបានរឹតបន្តឹងច្បាប់ស្ដីពីធនាគារ។
អង្គការ IMF បានលើកឡើងថា «NBFIs មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធនាគារ ហើយអាចក្លាយជាកត្តារួមចំណែកដ៏សំខាន់ដល់វិបត្តិហិរញ្ញវត្ថុ»។ សេដ្ឋវិទូរបស់អង្គការ IMF ខាងលើបានសរសេរថា «វិស័យ NBFIs ដែលអាចដំណើរការទៅបានដោយរលូន មានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពហិរញ្ញវត្ថុ»។
ដើម្បីដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវ អង្គការ IMF បានផ្ដល់ជាអនុសាសន៍ថា អ្នកបង្កើតគោលនយោបាយទាំងឡាយត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយ រួមមានដូចជា ការអនុម័តវិធានការត្រួតពិនិត្យ និងបទប្បញ្ញត្តិផ្សេងៗនៅក្នុងវិស័យហិរញ្ញវត្ថុឱ្យបានកាន់តែរឹងមាំជាងមុន និងចាត់វិធានការឱ្យក្រុមហ៊ុនបង្ហាញទិន្នន័យអំពីហានិភ័យដែលពួកគេកំពុងជួបប្រទះ។
ធនាគារកណ្តាលរបស់បណ្ដាប្រទេសនីមួយៗក៏មានតួនាទីសំខាន់ផងដែរ ដោយត្រូវផ្តោតលើគោលដៅគាំទ្រជាលក្ខណៈបណ្តោះអាសន្នដល់វិស័យ NBFIs ដោយសារតែពួកគេមានឥទ្ធិពលខ្លាំងដល់ស្ថិរភាពហិរញ្ញវត្ថុ និងស្ថាប័នដទៃទៀតដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់នៅក្នុងវិស័យមួយនេះ៕
ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia IMF warns of ongoing financial risks following banking turmoil