២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៨៧០ករណី (Video Inside)
មានប្រទេសតែ ៣ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨៧០ករណី ដែលថយចុះមកវិញចំនួន ៤០៤ករណី ធៀបនឹងតួលេខ ឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៣ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន និងប្រទេសវៀតណាម។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៦១៦ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៣នោះ គឺប្រទេសវៀតណាម ដែលមានអ្នកឆ្លងចំនួន ៣៧ករណី ។ ប្រទេសថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា, សឹង្ហបុរី, ប្រុយណេ និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុង រយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៦ម៉ឺន ៩ពាន់ ២៧១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៧៧៨នាក់ ។ បើគិតសរុបនៅលើសាកលលោក នោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៤លានករណី, និងការស្លាប់មានជាង ៦លាន ៨៣ម៉ឺននាក់ ៕