នាយករដ្ឋមន្ត្រីហ្វាំងឡង់លាលែងពីតំណែងជាមេបក្ស SDP ក្រោយដឹងចាញ់ឆ្នោត
ហែលស៊ិនគី៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin បានត្រៀមលាលែងពីប្រធានគណបក្សសង្គមប្រជាធិបតេយ្យ ក្រោយការចាញ់ឆ្នោត។
នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ លោកស្រី Sanna Marin ដែលបានចាញ់ការបោះឆ្នោតសកល កាលពីចុងសប្តាហ៍ បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា លោកស្រីនឹងចុះចេញពីតំណែងជាប្រធានគណបក្សសង្គមប្រជាធិបតេយ្យ (SDP) ហើយបានច្រានចោលការយល់ឃើញនៃការប្រកាសជាអន្តរជាតិណាមួយ។
លោកស្រី Sanna Marin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង ហែលស៊ិនគី ថា “ខ្ញុំបានឈានដល់ការសន្និដ្ឋានថា ខ្ញុំនឹងមិនស្វែងរកការបន្តជាមេដឹកនាំ គណបក្ស SDP នៅក្នុងសន្និសីទគណបក្សនាពេលខាងមុខក្នុងខែកញ្ញា” ។
ស្ត្រីវ័យ ៣៧ ឆ្នាំរូបនេះបាននិយាយថា លោកស្រីនឹងបន្តធ្វើជាតំណាងរាស្រ្ត បើទោះបីជាមានការរំពឹងទុកថា លោកស្រីអាចឈរឈ្មោះសម្រាប់ការងារកំពូល នៅទីភ្នាក់ងារអន្តរជាតិមួយក៏ដោយ។
លោកស្រី Marin បាននិយាយថា “ខ្ញុំមិនត្រូវបានផ្តល់តំណែងអន្តរជាតិណាមួយទេ។ ខ្ញុំនឹងបន្តការងាររបស់ខ្ញុំក្នុងនាមជាសមាជិកសភា”។
លោកស្រី Marin នឹងដាក់សំណើលាលែងពីតំណែង នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដោយទទួលស្គាល់ថា អាណត្តិរបស់លោកស្រី ជានាយករដ្ឋមន្ត្រីបានធ្លាក់ចុះ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត