អាជ្ញាធរខេត្តបាត់ដំបង បាននិងកំពុងតែធ្វើការសាងសង់កែលម្អពង្រីកតួផ្លូវជាច្រើនខ្សែ ឡើងវិញជាបន្តបន្ទាប់ នៅក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ កំណាត់ផ្លូវជាច្រើនខ្សែស្ថិតនៅក្នុងក្រុងបាត់ដំបង ដែលសភាពគ្រឹះបាតផ្លូវរងនូវការខូចខាតដោយសារតែការជីកកាយ សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់កន្លងមក កំពុងត្រូវបានពន្លឿនដើម្បីធ្វើការស្ថាបនាផ្លូវទាំងនោះជាថ្មីឡើងវិញ បន្ទាប់ពីគម្រោងប្រព័ន្ធលូរំដោះទឹក ត្រូវបានបញ្ចប់ជាបណ្តើរៗ នៅឆ្នាំ២០២៣នេះ។

អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានខិតខំជំរុញនិងពន្លឿនក្នុងការស្តារ និងស្ថាបនាផ្លូវជាច្រើនខ្សែឡើងវិញនៅក្នុងក្រុង ដោយបានធ្វើការពង្រីកនូវតួផ្លូវរៀបចំជាផ្លូវថ្មើរជើង ផ្លូវជិះកង់ ព្រមទាំងការដាំដើមឈើដើម្បីលម្អនៅតាមសងខាងដងផ្លូវ ជាដើម ។ ផ្លូវបេតុងនៅមុខស្នងការដ្ឋាននគរបាលខេត្ត,ផ្លូវលេខ៤ ចាប់ពីរង្វង់មូលព្រះនរាយណ៍មកដល់ស្ដុបពេទ្យ(ព២.) និងផ្លូវបេតុងចាប់ពីពេទ្យ(ព២.)រហូតដល់រង្វង់មូលនាងរំសាយសក់ ដែលបាននិងកំពុងតែសាងសង់។

ដោយឡែកកំណាត់ផ្លូវ ចាប់ពីក្រោយរូបសំណាកលោកតាដំបងគ្រញូង រហូតដល់ស្ពានថ្មចាស់មុខសាលាខេត្ត ដែលមានប្រវែងប្រមាណ៨០០ម៉ែត្រ ត្រូវបានរដ្ឋបាលខេត្ត រៀបចំកែលម្អដោយពង្រីកទទឹងតួផ្លូវប្រមាណ២០ម៉ែត្រនិងកំពុងតែចាក់អ៊ុតកៅស៊ូប្រភេទបេទីមAC.ទៀតផង។

ក្នុងការចុះត្រួតពិនិត្យមើលការសាងសង់ផ្លូវកន្លងមក ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំ និងជំរុញ ដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ មន្ទីរជំនាញ ត្រូវតែគិតគូរការពង្រីកចិញ្ចើមផ្លូវ ការដាំផ្កា និងដាំដើមឈើនៅតាមសងខាងដងផ្លូវ ជាពិសេសនៅពេលសាងសង់ផ្លូវក៏ត្រូវគិតគូររៀបចំចិញ្ចើមផ្លូវឱ្យបានត្រឹមត្រូវផងដែរ ត្រូវបញ្ឈប់កុំឲ្យកើតមានពីការរំលោភបំពានយកដីចំណីផ្លូវជាដាច់ខាត ។

គួរបញ្ជាក់ដែរថា ៖ ក្រៅពីការកែលម្អ និងសាងសង់ផ្លូវក្នុងក្រុងឡើងវិញ ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង ក៏បានស្នើដល់ម្ចាស់អនុវត្តគម្រោងឲ្យខិតខំយកចិត្តទុកដាក់ក្នុងការពន្លឿនដំណើរការ សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង ឲ្យបានលឿនតាមការគ្រោងទុក ខណៈការសាងសង់ប្រព័ន្ធលូរំដោះទឹកប៉ែកខាងកើតស្ទឹងសង្កែ ត្រូវបានបិទបញ្ចប់ និងកំពុងបន្តសាងសង់នៅប៉ែកខាងលិចស្ទឹងសង្កែ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ ៕ ដោយ ៖ អ៊ុក សំអាន

ads banner