ឯកឧត្តម អ៊ូ រតនា៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក៏ជាក្តីបារម្ភ សម្រាប់ គោលដៅ មេដាយមាស៩ នៅ ស៊ីហ្គេម
ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក៏ជាក្តីបារម្ភ សម្រាប់គោលដៅ មេដាយមាស ៩ នៅស៊ីហ្គេម ក្រោយឈ្នះមេដាយមាស ១០គ្រឿង ក្នុងការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវ៉ូវីណាម ជើងឯក អាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍ប្រកួតមុនស៊ីហ្គេម (Pre-Sea Games) កាលពីចុងខែ មីនាថ្មីៗ នេះ។
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានលើកឡើងបែបនេះ ក្នុង ពេល ឯកឧត្តម ជូនដំណើរ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា ចេញទៅ បោះជំរំហ្វឹកហាត់ នៅប្រទេសវៀតណាម រយៈពេល ១ខែ ពីថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣។
ឯកឧត្តម បានបញ្ជាក់ថា ៖ «ការដាក់ចេញសន្ទស្សន៍មេដាយមាស ៩គ្រឿង ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ នាខែឧសភា ខាងមុខនេះ ប៉ុន្តែឆ្លងកាត់ការប្រកួត Pre-Sea Games គឺ ក្រុម វ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយមាស ១០គ្រឿង ដោយឈរ លេខ១ ក្នុងចំណោម ៧ ប្រទេស ដែលបានចូលរួម។ នេះជាលទ្ធផលមួយដែល កម្ពុជា យើង ធ្វើបាន ល្អ ប្រសើរហើយ ហើយ យើង នឹង បន្តការ ខិតខំ បន្ថែមទៀត។ ទោះយ៉ាងណា ការ ដណ្តើមបានមេដាយមាសច្រើននេះ ក៏ ជា ក្តីបារម្ភ របស់ យើង ដែរ សម្រាប់ គោល ដៅ មេដាយ មាស ក្នុងពេលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម អ៊ីចឹង ជាមួយ ក្តីបារម្ភនេះ យើង ត្រូវ តែពុះពារឱ្យបានខ្លាំងក្លា ក្នុងការ ហ្វឹកហាត់»។
ប្រធានសហព័ន្ធរូបនេះ បានលើកឡើងបន្ថែមថា ៖«ក្នុងរយៈពេលនេះ ប្រសិនបើមិនមាន ការបិទខ្ទប់ហ្វឹកហាត់ទេ នឹងអាចគ្រោះថ្នាក់ដល់គុណភាព ដោយសារកម្ពុជាយើង ជិតដល់ ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ដូច្នេះពេលចូលឆ្នាំនេះ កីឡាករ កីឡាការិនីអាចមានលេសសុំច្បាប់បុណ្យចូលឆ្នាំ ដោយនេះជាការលំបាក ក្នុងការគ្រប់គ្រង។ ហេតុនេះ នៅពេលយើងទទួលបានដំណឹងថា ភាគីវៀតណាម អនុញ្ញាតបើកទទួលការហ្វឹកហាត់១ខែ ដល់ក្រុមកីឡាវ៉ូវីណាមកម្ពុជា គឺយើងពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្នុងនាមជាថ្នាក់ដឹក នាំ សហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជា»។
បន្ថែមពីលើនេះ ឯកឧត្តមប្រធានបានចាត់ទុកថា ក្នុងការចេញទៅបោះជំរំហ្វឹកហាត់នៅវៀតណាម នាពេលនេះ គឺពិតជាសំខាន់ណាស់ ក្នុងការបន្ថែមលើចំណុចខ្វះខាត ជាពិសេសគឺផ្នែកកម្លាំង ប៉ុន្តែ បច្ចេកទេស ទាំង វិញ្ញាសាប្រយុទ្ធ និងសម្តែងរបស់អត្តពលិកកម្ពុជា គឺល្អប្រសើរ។
សូមបញ្ជាក់ថា ការធ្វើដំណើរទៅបោះជំរំហ្វឹកហាត់នោះ ទទួលបានការជូនដំណើរដល់ ព្រំដែន កម្ពុជា-វៀតណាម ពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករង អគ្គនាយកដ្ឋានកីឡា លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ការចេញទៅបោះជំរំ ហ្វឹកហាត់រយៈពេលពេញ ១ខែនេះ ត្រូវបានធ្វើឡើង ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃ សាធារណរដ្ឋសង្គមនិយម វៀតណាម ៕ ចាន់ វិចិត្រ