លោកជំទាវបណ្ឌិត ជា សេរី ៖ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ការចរាចរប្រាក់រៀលមានការកើនឡើង ១៦,៦០% ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ
ខេត្តព្រះសីហនុ៖ ក្នុងសិក្ខាសាលាស្តីពីប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង (KHQR) និងអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញដែលរៀបចំធ្វើនៅក្រុង-ខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលរង ធនាគារជាតិ នៃ កម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានលំហូរសាច់ប្រាក់រៀលចំនួន ៤១% មកធនាគារឯកជន និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនៅខេត្តព្រះសីហនុនាពេលកន្លងទៅនេះ ។ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ការចរាចរប្រាក់រៀលមានការកើនឡើង ១៦,៦០% ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។ ជាមួយនេះអត្រាប្តូរប្រាក់ត្រូវបានរក្សាលំនឹងបានយ៉ាងល្អប្រសើរ ។
លោកជំទាវសំដែងការគាំទ្រក្រសួងពាណិជ្ជកម្មចំពោះការបិទស្លាកតម្លៃជាលុយរៀល នៅលើមុខទំនិញ លើកទឹកចិត្តការលើកស្ទួយការចារចរប្រាក់រៀល នាំគ្នាប្រើប្រាស់លុយរៀលអោយបានកាន់ទូលំទូលាយថែមទៀត។
លោកជំទាវបន្ថែមថា ក្រោមទស្សនវិស័យលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល រាជរដ្ឋាភិបាលនិងធនាគារជាតិ នៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីគាំទ្រតម្រូវការប្រាក់រៀល និងធ្វើឱ្យប្រាក់រៀលកាន់តែងាយស្រួលប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា សម្រាប់អាជីវកម្ម។
ទន្ទឹមនេះ ការគ្រប់គ្រងចរាចរណ៍ប្រាក់រៀល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រាក់រៀលនៅតាមតំបន់នានានៅទូទាំងប្រទេស ហើយក្រដាសប្រាក់ ចាស់ ទក់ រហែក ត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មីៗ គ្រប់ប្រភេទ ជាមួយនឹងការលើកកម្ពស់គុណភាព និងសោភ័ណភាពក្រដាសប្រាក់រៀល។
លោកជំទាវថ្លែងសង្កត់ធ្ងន់ថា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យ ការប្រើប្រាស់ប្រាក់រៀលកាន់តែមានភាពងាយស្រួល មិនថាក្នុងទំហំទឹកប្រាក់តិច ឬច្រើន នោះទេ។ ប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ “ប្លុកផែន និង ស្ដង់ដារ KHQR Code បានសម្រួលដល់ការបង្វែរនិងការទូទាត់ឆ្លងគ្រឹះស្ថាន ៕ ដោយ៖ខៀវ សាវ៉ុន