តើការក្លាយជាសមាជិកណាតូ របស់ហ្វាំងឡង់ មានន័យយ៉ាងណាសម្រាប់រុស្ស៊ី?
អឺរ៉ុប៖នៅពេលបញ្ជូនទ័ពឱ្យចូលឈ្លានពានអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុន រុស្ស៊ីបានប្រើហេតុផលជាច្រើនដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពយោធារំលោភលើច្បាប់អន្តរជាតិដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស»។
ហេតុផលឬលេសមួយក្នុងចំណោមនោះ គឺការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី ដែលរងការគំរាមកំហែងដោយសារតែ «ការពង្រីកខ្លួន» ទៅភាគខាងកើតរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ ដែលជាសម្ព័ន្ធភាពយោធា។
ជាងមួយឆ្នាំក្រោយមក ការរំលោភលើដែនដីអធិបតេយ្យភាពរបស់អ៊ុយក្រែនដែលជាប្រទេសក្បែរខាងរបស់រុស្ស៊ី បែរជាបង្កើតលទ្ធផលផ្ទុយពីមហិច្ឆតារបស់វិមានក្រឹមឡាំងទៅវិញ ពោលគឺការបង្កើននូវអ្វីដែលក្រុងមូស្គូតែងតែទទូចមិនដាច់ពីមាត់នាពេលកន្លងមកថាជា «ការគំរាមកំហែងសន្តិសុខ»។
ប្រទេសហ្វាំងឡង់ដែលជាអ្នកជិតខាងរបស់រុស្ស៊ីមួយទៀត បានសម្រេចចិត្តទម្លាក់ចោលគោលនយោបាយអព្យាក្រឹតរបស់ខ្លួន និងរត់ទៅចាប់យកខែលថ្មី ដើម្បីការពារខ្លួនឱ្យមានសុវត្ថិភាពជាងមុន។ ខែលនោះគឺ សមាជិកភាពទី៣១ នៃអង្គការយោធាណាតូ ដែលហ្វាំងឡង់ទទួលបានពេញសិទ្ធិកាលពីថ្ងៃអង្គារ ទី០៤ ខែមេសា។
ការចូលជាសមាជិកពេញលេញរបស់ហ្វាំងឡង់ គឺជារបត់ភូមិសាស្រ្តនយោបាយដ៏សំខាន់ ដែលគេអាចចាត់ទុកថា ជាជ័យជម្នះមួយសម្រាប់សម្ព័ន្ធភាពយោធារបស់លោកខាងលិច និងជាការខកបំណង ឬការចាញ់ជាយុទ្ធសាស្រ្តសម្រាប់រុស្ស៊ី ដែលមានព្រំដែនជាប់ហ្វាំងឡង់ជាង ១ ៣០០ គីឡូម៉ែត្រ។
ឥឡូវនេះ ណាតូបានពង្រីកព្រំដែនរបស់ខ្លួនកាន់តែវែងជាប់រុស្ស៊ី និងមានប្រទេសដែលមានយោធារឹងមាំ និងប្រវត្តិទប់ទល់ប្រឆាំងរុស្ស៊ីដ៏ស្វិតស្វាញក្លាយជាបក្ខពួក។ យ៉ាងណាមិញ ការប្តេជ្ញាចិត្តរបស់សម្ព័ន្ធភាព ចំពោះការការពារជាសមូហភាព កាន់តែធំជាងមុន។ ប្រសិនបើហ្វាំងឡង់រងការវាយប្រហារដូចអ៊ុយក្រែន រដ្ឋសមាជិកទាំងអស់នឹងលូកដៃជួយ ក្រោមមាត្រាទី៥របស់ណាតូ ដែលកំណត់ថា ការវាយប្រហារលើរដ្ឋណាមួយ គឺជាការវាយប្រហារសមាជិកណាតូទាំងមូល។
អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តូលធេនប៊ឺគ បាននិយាយនៅថ្ងៃអង្គារថា «ប្រធានាធិបតី[រុស្ស៊ី លោក វ្ល៉ាឌីមៀរ] ពូទីន ធ្វើសង្រ្គាមជាមួយអ៊ុយក្រែនដោយមានគោលបំណងច្បាស់លាស់នោះគឹការឱ្យណាតូនៅតូច។ ប៉ុន្តែលោកបានទទួលអ្វីដែលផ្ទុយខ្លាំងទៅវិញ»។
លោក ស្តូលធេនប៊ឺគ បន្តថា ហ្វាំងឡង់បានក្លាយជាសមាជិកពេញសិទ្ធិរបស់ណាតូ ។លោកបន្តថា « ហ្វាំងឡង់មានសុវត្ថិភាព និងរឹងមាំជាងមុន ហើយយើងទាំងអស់ក៏កាន់តែមានសុវត្ថិភាព»។
បើតាមមន្រ្តីលោកខាងលិចរួមទាំងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថាសមាជិកភាពណាតូរបស់ហ្វាំងឡង់ គឺជាសារទៅកាន់លោក ពូទីន ថា រុស្ស៊ីមិនអាចសម្រេចបានគោលបំណង «បែងចែកអឺរ៉ុប និងណាតូ» ដែលលោកគិតក្រោយចូលឈ្លានពានអ៊ុយក្រែននោះទេ ដោយមានតែធ្វើឱ្យសម្ព័ន្ធភាពរបស់លោកខាងលិច និងណាតូកាន់តែរឹងមាំទៅវិញ។
ចំណែកឯប្រធានាធិបតីហ្វាំងឡង់ លោក ស៊ូលី នីនីស្តូ (Sauli Niinisto) ក្នុងពេលចូលរួមខួបលើកទី៧៤ ឆ្នាំរបស់ណាតូ ដែលធ្វើឡើងនៅថ្ងៃដែលហ្វាំងឡង់ទទួលបានសមាជិកភាព បានប្រកាសឡើងថា៖ «វាជាថ្ងៃដ៏អស្ចារ្យសម្រាប់ហ្វាំងឡង់»។ លោកបន្ថែមថា រុស្ស៊ីបានព្យាយាមរឹតបន្តឹងសេរីភាពក្នុងការជ្រើសរើសរបស់ហ្វាំងឡង់ និងព្យាយាមដាក់ឥទ្ធិពលលើហ្វាំងឡង់។
គួរបញ្ជាក់ថា ហ្វាំងឡង់គឺជាប្រទេសដែលមានយោធាដ៏ខ្លាំងបំផុតមួយរបស់អឺរ៉ុប។ កងកម្លាំងកាំភ្លើងធំរបស់ហ្វាំងឡង់ គឺជាកងកម្លាំងធំជាងគេ និងបំពាក់អាវុធល្អបំផុតក្នុងចំណោមសមាជិកណាតូអឺរ៉ុប ដោយមានកាំភ្លើងធំផ្លោងចំនួន ១ ៥០០ ដើម កាំភ្លើងធំ Howitzer ចំនួន ៧០០ គ្រឿង កាំភ្លើងត្បាល់ធុនធ្ងន់ចំនួន ៧០០គ្រឿង និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចំនួន ១០០ ដើម។ នេះបើតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ ដែលស្រង់ទិន្នន័យនៃការវិភាគមួយចេញផ្សាយកាលពីឆ្នាំមុន។
សមាជិកភាពរបស់ហ្វាំងឡង់ មិនត្រឹមតែពង្រឹកកងកម្លាំងយោធាណាតូប៉ុណ្ណោះទេ ប៉ុន្តែក៏បើកផ្លូវឱ្យណាតូ ចូលទៅច្រកកំពង់ផែ ដែនអាកាស និងផ្លូវសមុទ្ររបស់ហ្វាំងឡង់ ដែលនឹងពង្រឹងសមត្ថភាពការពាររបស់សម្ព័ន្ធភាពទប់ទល់នឹងរុស្ស៊ីបានយ៉ាងខ្លាំងផងដែរ។
ឧត្តមនាវីឯកអាមេរិកចូលនិវត្តន៍ និងជាអតីតមេបញ្ជាការយោធាណាតូ លោក James G. Stavridis បានថ្លែងថាតាមភូមិសាស្ត្រការក្លាយជាសមាជិកណាតូរបស់ហ្វាំងឡង់ ធ្វើឱ្យស្មុគស្មាញដល់ការគណនារបស់លោក ពូទីន»។ លោកនិយាយថា៖ «វាជាការចំណេញដ៏ធំមួយសម្រាប់ណាតូ»។
ប្រតិកម្មទៅនឹងការវិវត្តចុងក្រោយ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយកាលពីថ្ងៃអង្គារថា សមាជិកភាពណាតូរបស់ហ្វាំងឡង់ គឺជាការវាយប្រហារលើសន្ដិសុខ និងផលប្រយោជន៍ជាតិរបស់រុស្ស៊ី។ លោកបានបន្តថា៖ «នេះបង្ខំយើងឱ្យចាត់វិធានការតបតតាមយុទ្ធសាស្ត្រ»។
ក្នុងការលើកឡើងដាច់ដោយឡែក ក្រសួងការបរទេសរុស្ស៊ីបានរំឭកឡើងវិញនូវការគំរាមរបស់ខ្លួន ក្នុងការចាត់វិធានការ «យោធា យុទ្ធសាស្រ្ត និងវិធានការសងសឹកផ្សេងទៀត» ដើម្បីឆ្លើយតបទៅនឹង«ការគំរាមកំហែង» សម្រាប់រុស្ស៊ី ពេលព្រំដែនណាតូ-រុស្ស៊ីបានកើនឡើងទ្វេដង ក្រោយហ្វាំងឡង់ក្លាយជាសមាជិកណាតូ។
រុស្ស៊ីប្តេជ្ញាថានឹងចាត់វិធានការការពាររឹងមាំជាជំហានៗ មិនថាណាតូបង្កើតហេដ្ឋារចនាសម្ព័ន្ធនៅហ្វាំងឡង់ ឬដាក់ពង្រាយអាវុធក្នុងប្រទេសនេះនោះទេ។ រុស្ស៊ីក៏បានឱ្យដឹងផងដែរថា ខ្លួននឹងពង្រឹងសន្តិសុខយោធាតាមបណ្ដោយព្រំដែនភាគខាងលិចរបស់ខ្លួន ជាប់នឹងរដ្ឋណាតូទាំងអស់ ទាំងហ្វាំងឡង់ ឡេតូនី អេស្តូនី និងលីទុយអានី។
គួរបញ្ជាក់ដែរថា ព័ត៌មានលម្អិតជាច្រើនអំពីរបៀបដែលហ្វាំងឡង់នឹងធ្វើសមាហរណកម្មទៅក្នុងណាតូ នៅមិនទាន់លាតត្រដាងឱ្យច្បាស់នៅឡើយទេ។ ចំណែកបញ្ហាផ្សេងៗ វាអាស្រ័យទៅលើរដ្ឋាភិបាលដែលទើបនឹងជាប់ឆ្នោតថ្មីរបស់ហ្វាំងឡង់ ក្នុងការសម្រេចចិត្ត ថាតើត្រូវដាក់ពង្រាយកងទ័ព ឬសូម្បីតែអាវុធនុយក្លេអ៊ែរពីសំណាក់រដ្ឋជាសមាជិកណាតូលើទឹកដីខ្លួន ឬយ៉ាងណានោះ៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Finland Joins NATO in a Power Shift and Rebuke to Putin https://www.nytimes.com/2023/04/04/world/europe/finland-nato-russia-ukraine.html
Russia Warns of ‘Countermeasures’ to Finland’s NATO Membership https://www.themoscowtimes.com/2023/04/04/russia-warns-of-countermeasures-to-finlands-nato-membership-a80704
Finland joins NATO, creating a new geopolitical nightmare for Putin, one that he sparked himself https://www.businessinsider.com/finland-clears-last-hurdle-to-join-nato-nightmare-for-putin-2023-3?international=true&r=US&IR=T