ប្រព័ន្ធអនុគ្រោះពន្ធ DCTS ចូលខ្លួនមកជំនួស GSP ចាប់ពីខែមេសានេះដើម្បីជំរុញការនាំចេញទំនិញពីកម្ពុជាទៅកាន់ចក្រភពអង់គ្លេស
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធ ឌីស៊ីធីអេស (Developing Countries Trading Scheme,DCTS) នៃចក្រភពអង់គ្លេសបានចូលជាធរមាននៅខែមេសា ឆ្នាំ២០២៣នេះ ខណៈដែលកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន ៦៥ ពីប្រព័ន្ធអនុគ្រោះពន្ធនេះ។
ឯកឧត្តម ប៉ែន សុវិជាតិ បានបន្ថែមទៀតថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS មិនមានអ្វីខុសគ្នាពីប្រព័ន្ធអនុគ្រោះពន្ធ Generalised System of Preferences ដែលហៅកាត់ថា GSP នោះទេ ។ប៉ុន្តែអ្វីដែលខុសគ្នាបន្តិចនោះគឺចំនួនប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយ DCTS មានប្រទេស៦៥ ខណៈដែល GSP មានត្រឹម៤៧ប្រទេសប៉ុណ្ណោះ។
ឯកឧត្តមបានបញ្ជាក់ថា៖« ក្នុងខែមេសានេះជាពេលវេលា ដែលប្រព័ន្ធ DCTS ចូលខ្លួនមកជំនួស GSP ហើយប្រព័ន្ធនេះ មិនខុសពី GSPនោះទេ គ្រាន់តែគេបង្កើនចំនួនប្រទេសដែលត្រូវបានអនុញ្ញាតឱ្យនាំចូលទំនិញទៅអង់គ្លេសតាមរយៈនេះ។ប្រទេសដែលមានចំណូលទាបឬ ចំណូលមធ្យមកម្រិតទាបចំនួន១៨ទៀត ត្រូវបានបញ្ចូលទៅក្នុងប្រទេសនេះ ដែលបានបញ្ជាក់ដោយធនាគារពិភពលោក»។
យោងតាមការចេញផ្សាយរបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS ផ្តល់នូវការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ដែលនឹងជួយឱ្យបណ្តាធុរកិច្ចកម្ពុជាអាចជំរុញការនាំចេញទំនិញរបស់ពួកគេទៅកាន់ចក្រភពអង់គ្លេស។
តាមរយៈការចេញផ្សាយរបស់គេហទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនប្រឹក្សាយោបល់ Boston Consulting Group បានធ្វើការវិភាគមួយស្តីពីទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង ចក្រភពអង់គ្លេស ដែលបានកត់សម្គាល់នូវវិស័យសំខាន់ៗបីដែលមានសក្តានុពលសំរាប់ការនាំចេញរបស់កម្ពុជាគឺ វិស័យសំលៀកបំពាក់ កង់ និងស្វាយចន្ទី។ ការចេញផ្សាយបានបញ្ជាក់ទៀតថា តម្រូវការសំលៀកបំពាក់មានការកើនឡើងនៅចក្រភពអង់គ្លេសបន្ទាប់ពីមានការជួបជុំនៃផ្នែកសង្គមឡើងវិញ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ការនាំចេញសំលៀកបំពាក់ គឺមិនមានការយកពន្ធនោះទេ ដែលនាំឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយបណ្តាអ្នកផ្គត់ផ្គង់ផ្សេងទៀតក្នុងតំបន់ដូចជា ប្រទេសវៀតណាម និង ប្រទេសចិន ដែលមានកាតព្វកិច្ចត្រូវបង់ពន្ធ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ប្រព័ន្ធអនុគ្រោះពន្ធ DCTS នៃចក្រភពអង់គ្លេសនៅតែផ្តល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់កម្ពុជា ជាពិសេសការនាំចេញ សំលៀកបំពាក់ កង់ និងស្វាយចន្ទី ដែលសុទ្ធសឹងតែជាផលិតផលមានសក្តានុពលសម្រាប់កម្ពុជា។
«ថ្ងៃក្រោយបើយើងអស់ EBAទៅ យើងមានតែច្រកអង់គ្លេសនេះហើយ ដែលយើងនាំចេញទៅទទួលបានការអនុគ្រោះច្រើន និងអាចចែកចាយនៅសហគមន៍អឺរ៉ុបបានបន្តទៀត។ផលិតផលសក្តានុពលរបស់យើង រួមមានកង់ សម្លៀកបំពាក់ សុទ្ធតែទទួលបានការគាំទ្រពីប្រទេសអ្នកប្រើប្រាស់ ថាផលិតផលយើងមានគុណភាព ហើយស្វាយចន្ទី ជាផលិតផល ដែលសម្តេចនាយកកំពុងយកចិត្តទុកដាក់ ដូច្នេះយើងសាទរចំពោះប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ»។នេះជាការបញ្ជាក់យ៉ាងច្បាស់ពី លោក លឹម ហេង។
បើតាមវេបសាយរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ថា ច្បាប់ប្រភពដើមនៃ DCTS អនុញ្ញាតិឱ្យអ្នកផលិតកង់របស់កម្ពុជាអាចស្វែងរកវត្ថុធាតុដើមពីបណ្តាប្រទេសទាំងអស់ក្នុងតំបន់រួមទាំង សិង្ហបុរី និងវៀតណាម និងនៅតែអាចនាំចេញកង់ទៅអង់គ្លេស ដោយមិនជាប់ពន្ធ។ ដូច្នេះ DCTS និងអនុញ្ញាតិឱ្យបណ្តាអ្នកនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាអាចនាំចេញទំនិញដែលមានតម្លៃបន្ថែមដូចជា ប៊័រ ស្វាយចន្ទី ដែលមិនជាប់ពន្ធជាដើម៕
ដោយ៖វណ្ណ សុជាតា