មន្រី្តកម្ពុជា-វៀតណាម បញ្ជាក់ប្រាប់គ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា និងវៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ កាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យប្រសើរឡើងលើការអភិវឌ្ឍធនធានមនុស្ស, មុខរបរ និងការងារ, និងកិច្ចគាំពារសង្គមជាដើម។

ការឯកភាពនេះ កើតចេញពីលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ដាវ ង៉ូ ជុង(DAO NGUC DUNG) រដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធាណរដ្ឋសង្គមនិយមវៀតណាមនៅ ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ប្រភពព័ត៌មានបញ្ជាក់ថា ក្នុងជំនួបឯកឧត្តម អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសចំណងមិត្តភាពការទូតរយៈពេល៥៥ឆ្នាំនៃប្រទេសយើងទាំងពីរ ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរអង្វែងលើគ្រប់វិស័យរួមមាន ឧស្សាហកម្ម, អប់រំ និងបណ្តុះបណ្តាល, កសិកម្ម, សេវាកម្ម និងទេសចរណ៍ជាដើម ដែលប្រទេស និងប្រជាជនទាំងពីរ ទទួលបានផ្លែផ្ការៀងៗខ្លួនពីកិច្ចសហប្រតិបត្តិការនេះ។

ឯកឧត្តមបន្តថា បន្តថា ការគ្រប់គ្រងកម្លាំងពលកម្មបរទេសនៅកម្ពុជា គឺកម្ពុជាបានអនុវត្តនូវគោលនយោបាយជនបរទេសដោយស្មើភាពគ្នាលើគ្រប់ជនជាតិ ដែលមកធ្វើការស្របច្បាប់នៅកម្ពុជា រួមទាំងជនជាតិវៀតណាមផងដែរ។ មួយវិញទៀត ក៏អរគុណដល់ភាគីវៀតណាម ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាច្រើនបានសិក្សារៀនសូត្រនាពេលកន្លងមក និងពេលបច្ចុប្បន្ន ហើយគ្រឹះស្ថានបណ្តុះបណ្តាលរបស់ប្រទេសទាំងពីរក៏បានចុះកិច្ចសហការជាមួយគ្នាជាបន្តបន្ទាប់។

ចំណែកឯកឧត្តម DAO NGUC DUNG បានអរគុណដល់ក្រសួងការងារកម្ពុជា បានយកចិត្តទុកដាក់ដល់ជនបរទេស ដែលកំពុងធ្វើការនៅកម្ពុជា ក៏ដូចជាជនជាតិរវៀតណាម ដោយគ្រប់គ្រងបានយ៉ាងល្អស្របតាមច្បាប់របស់កម្ពុជា។ លោក ថា ភាគីវៀតណាមនឹងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា, ការចែករំលែកបទពិសោធន៍ល្អៗ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា​ តាមរយៈលទ្ធផលនៃជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួនរួមមាន៖ គាំទ្រ និងជំរុញការវិនិយោគមួយបូកក្នុងប្រទេសទាំងពីរ (បើវិនិយោគនៅវៀតណាម ឱ្យមានវិនិយោគនៅកម្ពុជា ,បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ។

ក្រសួងបន្តថា ភាគីទាំងនិង សិក្សារៀបចំបង្កើតសាលាបណ្តុះបណ្តាលនៅតាមព្រំដែនរវាងប្រទេសទាំងពីរ, ផ្លាស់ប្តូរទស្សនកិច្ចរវាងថា្នក់ដឹកនាំ មន្រ្តីជំនាញ គ្រូបច្ចេកទេស និងនិស្សិតរវាងប្រទេសទាំងពីរជាដើម និង គាំទ្រឱ្យមានការចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនមានសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាជនទាំងសងខាង៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner