មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្ម៖ ទំនិញដែលនាំចូលពីបរទេសមិនគួរត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញាឬម៉ាកពាណិជ្ជកម្មផ្តាច់មុខឡើយ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាប្រាប់ថា ក្រុមការងារសភាពាណិជ្ជកម្មមិនគាំទ្រចំពោះការនាំចូលផ្ដាច់មុខនូវទំនិញពីបរទេសឡើយ។រាល់មុខទំនិញ និងឧបករណ៍ជួញដូរបាន ដែលនាំចូលពីក្រៅប្រទេស មិនគួរត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញាឬម៉ាកពាណិជ្ជកម្មផ្តាច់មុខឡើយ ព្រោះផ្ទុយពីច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែងដោយស្មើភាព ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាឧកញ៉ា លឹម ហេង បានប្រាប់ឱ្យដឹងថា គ្រប់មុខទំនិញ និងឧបករណ៍ជួញដូរបាន ដែលនាំចូលពីក្រៅប្រទេសមិនគួរត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញាឬម៉ាកពាណិជ្ជកម្មផ្តាច់មុខឡើយ។ លោកថា ការនាំចូលទំនិញផ្ដាច់មុខពីបរទេស ព្រោះផ្ទុយពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែងដោយស្មើភាពនិងផ្ទុយគោលនយោបាយទីផ្សារសេរីនៅកម្ពុជា ហើយក៏អាចប៉ះពាល់ដល់ការធ្វើទំនើបកម្មសេដ្ឋកិច្ចជាតិទៀតផង។
ឧកញ៉ាបានបន្ថែមថា សភាពាណិជ្ជកម្មកំពុងតែធ្វើការងារមួយចំនួនទាក់ទងនឹងការនាំចូលផ្តាច់មុខនិងរក្សាកម្មសិទ្ធបញ្ញានេះ ដោយសារតែសភាពាណិជ្ជកម្ម មិនមានការគាំទ្រនោះទេ។ សម្រាប់ផលិតផលនាំចូលទាំងអស់ ដែលអាចជួញដូរបាន គឺមិនអាចផ្តាច់មុខបានទេ ដោយសារទីផ្សារសរី។ ឥឡូវយើងមានច្បាប់ការរពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហើយ។ ដូចនេះប្រសិនបើយើងឱ្យក្រុមហ៊ុន ដែលមកពីបរទេស គាត់មកផ្តាច់មុខនៅស្រុកខ្មែរយើង តែគាត់មិនបាននាំចូលផលិតផលនោះ ជាពិសេសគ្រឿងយន្តកសិកម្ម ឬបច្ចេកវិទ្យាជាដើម ដែលវានឹងអាចធ្វើឱ្យមានការរាំងស្ទះការអភិវឌ្ឍសេដ្ឋកិច្ចរបស់យើង»។
ឧកញ៉ាបានបន្ថែមទៀតថា ធម្មតាទីផ្សារសេរី ត្រូវតែមានការនាំចូលប្រកួតប្រជែងដោយស្មើភាព ដូចនេះប្រសិនបើនៅតែបន្តអនុញ្ញាតឱ្យមានការនាំចូលផ្តាច់មុខ គឺក្រុមហ៊ុននាំចូលនោះលក់ផលិតផល ដែលមានតម្លៃតាមការកំណត់របស់ខ្លួន មិនមានតម្លៃច្បាស់លាស់ ។ កន្លងទៅធ្លាប់មានបញ្ហារួចទៅហើយ ក្រុមហ៊ុនមួយចំនួនចុះបញ្ជីផលិតផលដែលខ្លួននាំចូលផ្តាច់មុខ ប៉ុន្តែមិនបាននាំចូលមក។ នៅពេលក្រុមហ៊ុនផ្សេងៗចង់នាំចូលផលិតផលដូចគ្នានោះដែរ ដែលមកពីប្រភពក្រុមហ៊ុនដើមនៅក្រៅប្រទេសតែមួយ ត្រូវបង់កម្រៃសេវាបង់ក្រៅ ដើម្បីអាចនាំចូលផលិតផលនោះបាន ដែលនេះជាបញ្ហាប្រឈម។ការផលិត ឬដំឡើងក្នុងស្រុកត្រូវ បានការពារដោយច្បាប់ និងលើកទឹកចិត្តតាមរយៈ ច្បាប់ វិនិយោគថ្មី»។
ក្រសួងពាណិជ្ជកម្មអះអាងថាសិទ្ធិទៅលើម៉ាក និងសិទ្ធិផ្តាច់មុខទៅលើម៉ាក ជាកម្មសិទ្ធិឯកជន ក្រសួងមានសិទ្ធិត្រឹមតែទទួលតំកល់ទុក មិនមែនអាជ្ញាធរជាអ្នកប្រគល់សិទ្ធិនោះទេ។
ចំពោះបញ្ហានេះដែរឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានពន្យល់ថា នៅពេលដែលក្រុមហ៊ុនមួយ ទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការនាំចូលផលិតផលនោះហើយ តែមានក្រុមហ៊ុនផ្សេងចង់នាំចូលដែរ ត្រូវនាំចូលផលិតផលតាមក្រុមហ៊ុនដែលទទួលសិទ្ធិផ្តាច់មុខមុននោះ។
លោកថា អ្នកផ្សេងទៀតអាចនាំចូលបានលុះណាតែសិទ្ធិផ្តាច់មុខនោះ ត្រូវបានដកវិញដោយម្ចាស់ម៉ាកផ្ទាល់ ហើយនៅបើសិនជាអ្នកដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលហើយ តែមិនបាននាំចូលនោះ អ្នកដែលចង់នាំចូលត្រូវជូនដំណឹងទៅខាងម្ចាស់ម៉ាក ដើម្បីឱ្យគេមានដោះស្រាយចំពោះបញ្ហានេះ។
ឯកឧត្តមបានបញ្ជាក់ថា៖« ម៉ាក គឺជាកម្មសិទ្ធិឯកជន ដូចទ្រព្យសម្បត្តិរបស់យើងដែរ យើងចង់ឱ្យទៅអ្នកណាជាសិទ្ធិរបស់យើង។ហើយនៅពេលដែលគេឱ្យសិទ្ធនេះទៅអ្នកណាម្នាក់ហើយ បុគ្គលដទៃទៀត មិនអាចនាំចូលបានទេ លុះត្រាតែបុគ្គលនោះ គេឱ្យប្រគល់សិទ្ធិឱ្យហើយនៅពេលដែលគេចុះបញ្ជីម៉ាកហើយ អ្នកដទៃទៀតមិនអាចនាំចូលម៉ាកនោះបានទេ លុះត្រាតែម្ចាស់ម៉ាកគេប្រគល់សិទ្ធិ។អាជ្ញាមានតួនាទីត្រឹមតែទទួលតំកល់ទុកប៉ុណ្ណោះ មិនមែនអាជ្ញាធរជាអ្នកប្រគល់សិទ្ធិនោះទេ»៕
ដោយ៖វណ្ណ សុជាតា