ក្រសួងពាណិជ្ជកម្ម គ្រោងចុះបញ្ជីម៉ាកសមូហភាព «នំបញ្ចុកសៀមរាប» ដើម្បីលើកកម្ពស់ផលិតផល
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មគ្រោងចុះបញ្ជីម៉ាកសមូហភាពនំបញ្ចុកសៀមរាប ដើម្បីលើកកម្ពស់ផលិតផលសហគមន៍ទៅទីផ្សារក្រៅប្រទេសនិងរួមទាំងចងក្រងរូបមន្តនៃការផលិតនំបញ្ចុកនេះរបស់សហគមន៍ផងដែរ។នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាបនាថ្ងៃទី៤ខែមេសា។
ប្រភពដដែលបន្តថា នំបញ្ចុកសៀមរាប នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិក្រោយចុះបញ្ជីម៉ាកសមូហភាពនាពេលខាងមុខនេះដោយក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន៖ អំបិលកំពត និងកែប បង្កងតាកែវ និងទឹកត្រីកំពតនិងកែប និងម៉ាកសមូហភាពអំបុកកំពង់ធំ ក្រូចថ្លុងកោះពីរ និងដូងខ្ទះបាត់ដំបង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្វពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដែលកម្ពុជាជាសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅសណ្ឋាគារភ្នំពេញ។
ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្ម បានកំពុងបង្កើនល្បឿនចុះបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដោយក្នុងនោះ នំបញ្ចុកសៀមរាប ក៏ត្រូវបានកំណត់ជាផលិតផលសក្តានុពល និងគ្រោងចុះបញ្ជីម៉ាកសមូហភាពកណ្ដាលខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនំបញ្ចុករបស់កម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ។
ឯកឧត្តមបញ្ជាក់ថា នំបញ្ចុកសៀមរាប មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ ដោយសារចំណេះដឹង ចំណេះធ្វើ តាមបែបប្រពៃណីក្នុងការផលិតនំបញ្ចុកនេះ ហេតុដូច្នេះហើយទើបនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃបឋមអំពីលទ្ធភាពនៃការចុះបញ្ជីនំបញ្ចុកសៀមរាប ជាម៉ាកសមូហភាព ក្នុងគោលដៅរៀបចំឲ្យមានម៉ាកសម្គាល់រួមមួយសម្រាប់ផលិតផលនំបញ្ចុកកម្ពុជា ដែលផលិត និងដាំស្លដោយផលិតករក្នុងខេត្តសៀមរាប និងជំរុញការកែច្នៃ និងវេចខ្ចប់ នំបញ្ចុកសៀមរាបឱ្យត្រូវតាមស្ដង់ដារ និងការតម្រូវសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេស។
ឯកឧត្តម ហូ ស៊ីវយ៉ុង បន្ថែមថា ម៉ាកសមូហភាពនំបញ្ចុកសៀមរាប នឹងដើរតួនាទីបញ្ជាក់អំពីអត្តសញ្ញាណនៃប្រភពដើមផលិតកម្មបិតលើផលិតផលដែលដាក់លក់នៅលើទីផ្សារ ព្រមទាំងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេសឲ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជន ជូនដល់ភ្ញៀវដែលមកកំសាន្តនៅក្នុងតំបន់របស់សហគមន៍ អាចបង្កើតប្រភពចំណូលបន្ថែមផង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជាបន្ថែមទៀត។
លោក ហ៊ុន សម្បត្តិ អភិបាលរងស្រុកបន្ទាយស្រី បានឲ្យដឹងថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន ពិតជាសាទរខ្លាំងណាស់ដែលក្រសួងពាណិជ្ជកម្ម បានគិតគូរ និងគ្រោងចុះបញ្ជីម៉ាកសហមូលភាពនំបញ្ចុកសៀមរាប ដើម្បីជាការលើកកម្ពស់ និងបង្ហាញលផលិតផលនេះទៅក្នុងទីផ្សារអន្តរជាតិ ហើយជាពិសេសគឺការជួយទៅដល់សហគមន៍ដែលធ្វើអាជីវកម្មនំបញ្ចុកនេះតាំងពីដូនតាមក អាចបញ្ជាក់នូវអត្តសញ្ញាណផលិតផលនេះទៅដល់អ្នកជំនាន់ក្រោយ និងព្រមទាំងជាការជម្រុញឲ្យសហគមន៍ជាអ្នកផលិត នៅបន្តរក្សារូបមន្តនៃផលិតនំបញ្ចុកនេះផងដែរ។
លោក ហ៊ុន សម្បត្តិ បន្តថា៖ «ដូច្នេះយើងមានការសាទរខ្លាំងសម្រាប់ការគិតគូររបស់ក្រសួងពាណិជ្ជកម្មចំពោះខេត្តសៀមរាប ជាពិសេសអ្នកនៅឃុំព្រះដាក់របស់យើង។ ហើយសម្រាប់អ្នកផលិត សម្រាប់អ្នកហូប និងជាមួយអ្នកលក់ ការចុះបញ្ជីម៉ាកនេះ វានឹងធានានូវស្ដង់ដានំបញ្ចុកហ្នឹងមានអនាម័យខ្ពស់ មានរសជាតិឆ្ងាញ់ និងស្ដង់ដានៃការផលិតគឺឆ្ងាញ់ដូចគ្នាៗ»។
សូមបញ្ជាក់ថា កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលមានសក្តានុពលចំនួន ៤រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងបានចុះបញ្ជីម៉ាកសមូហភាព ចំនួនបីរួមមាន គុយទាវភ្នំពេញ អំបុកកំពង់ធំ អង្ករព្រះវិហារ៕ ដោយ៖ជា សុខនី