ក្រុមបាល់បោះ Yanghe កំពុងហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីត្រៀមប្រកួតបាល់បោះ ៣ x ៣ ថ្នាក់ជាតិលើកទី ២ នៅកម្ពុជា
ភ្នំពេញ៖ ក្រុមកីឡាបាល់បោះកម្ពុជាភ្នំពេញ Yanghe បច្ចុប្បន្នមានកីឡាករចំនួន ២០នាក់ សុទ្ធសឹងជាកីឡាករកម្រិតមធ្យម និងកម្រិតខ្ពស់ ដែលប្រកបអាជីវកម្ម ឬធ្វើការនៅក្នុងទីក្រុងភ្នំពេញ បាននឹងកំពុងធ្វើការហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីត្រៀមប្រកួតបាល់បោះ ៣ x ៣ ថ្នាក់ជាតិលើកទី២ ដែលរៀបចំដោយការិយាល័យកីឡាកម្ពុជា និងសហការរៀបចំដោយសារព័ត៌មានត្នោត។
ក្រុមកីឡាបាល់បោះ Yanghe គឺជាក្រុមបាល់បោះមួយ ដែលប្រមូលផ្ដុំដោយអ្នកជំនួញ, អ្នកធ្វើការលើវិស័យជាច្រើនទាក់ទងនឹងអចលនទ្រព្យ, ប្រព័ន្ធផ្សព្វផ្សាយ, ពាណិជ្ជកម្មអេឡិចត្រូនិក, ខ្សែសង្វាក់នៃការលក់រាយ និងវិស្វកម្មតុបតែង (ដេគ័រ) ជាដើម។ អ្វីដែលពិសេសនោះ សមាជិកក្រុមនីមួយៗសុទ្ធតែជាអ្នកចូលចិត្តកីឡាបាល់បោះ ហើយសមាជិកខ្លះធ្លាប់ជាសមាជិកបាល់បោះមកពីវិទ្យាល័យ និងសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ។
សមាជិកម្នាក់ៗសុទ្ធតែមានជំនាញរៀងៗខ្លួន ទាំងភាពបត់បែន និងយុទ្ធសាស្ត្រដែលអាចផ្លាស់ប្តូរបាន និងការរួមបញ្ចូលគ្នានៃផ្ទៃក្នុង និងខាងក្រៅ ដែលធ្វើឲ្យក្រុមនេះទទួលបានលទ្ធផលប្រសើរជាងមុន។ ជាមួយនឹងការទន្ទឹងរង់ចាំការប្រកួតបាល់បោះថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ ក្រុមកីឡាបាល់បោះ Yanghe បានធ្វើការប្រកួត និងហ្វឹកហាត់ជារាល់ថ្ងៃ ដើម្បីត្រៀមចូលរួមប្រកួតបាល់បោះ ៣ x ៣ នាពេលខាងមុខ។ ជាក់ស្តែងនៅយប់ថ្ងៃទី០៥ ខែមេសានេះ ក្រុមកីឡាបាល់បោះ Yanghe បានធ្វើការប្រកួតដ៏អស្ចារ្យជាមួយក្រុមបាល់បោះ Huawei។
ការប្រកួតនេះមិនត្រឹមតែជាការប្រកួតសាកល្បងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាការប្រកួតផ្លាស់ប្ដូរបទពិសោធន៍ មិត្តភាព ទំនាក់ទំនង ការសហការ ការចែករំលែក និងការសាមគ្គីគ្នា ដែលធ្វើឲ្យក្រុមនីមួយៗទទួលបានទាំងបទពិសោធន៍ និងភាពរីករាយ។
សូមរម្លឹកថា ការប្រកួតបាល់បោះ ៣ x ៣ ថ្នាក់ជាតិលើកទី១ ឆ្នាំ២០២២ បានរៀបចំឡើងក្រោមកិច្ចសហការផ្នែកបច្ចេកទេសពីសហព័ន្ធកីឡាបាល់បោះកម្ពុជា (CBF) និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡា និងសហការរៀបចំដោយសារព័ត៌មានត្នោត។ កម្មវិធីប្រកួតនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់កីឡាករ កីឡាការិនី មកពីវិទ្យាល័យ សាកលវិទ្យល័យ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ជាពិសេសអ្នកស្រលាញ់ខាងកីឡាបាល់បោះ៕
ដោយ៖ ឈឹម ទីណា