សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមចំណែកក្នុងការថែរក្សាសន្តិសុខដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៏សម្រាប់ការបោះឆ្នោត (គ.ស.អ) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ដើម្បីធ្វើឱ្យកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងយុទ្ធនាការការពារ ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ពិតណាស់ថាស្ថានការណ៍ជារួមមានលក្ខណៈល្អប្រសើរ ហើយការត្រៀមរៀបចំមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិសុខ ត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ប៉ុន្តែកិច្ចដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ គឺជាដំណាក់កាលនៃការតស៊ូប្រកួតប្រជែងនយោបាយយ៉ាងតឹងតែង និងក្តៅគគុករបស់គ្រប់គណបក្សនយោបាយ ដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗ បង្កជាឧបសគ្គ រាំងស្ទះ ឬបន្ទុចបង្អាក់ដល់កិច្ចដំណើការបោះឆ្នោតទៀតផង។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ដើម្បីការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គសអ) និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសម្រេចដាក់ចេញសេចក្ដីណែនាំរួមស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងយុទ្ធនាការការពារ ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ សម្តេចបន្តថា ឈរលើស្មារតីម្ចាស់ការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) កសាងផែនការអន្តរស្ថាប័ន លេខ ០១០ ផក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្ដីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដែលមានវិសាលភាពគ្របដណ្ដប់លើការធានាសន្តិសុខ បម្រើព្រឹត្តិការណ៍ នយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រយៈពេល ០៣ឆ្នាំ ជាបន្តបន្ទាប់។ អនុវត្តតាម ស្មារតីនៃផែនការនេះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គសអ) បានសម្រេចរៀបចំសេចក្ដីណែនាំរួមស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣ ដែលចាត់ទុកថាជាផែនការសកម្មភាពរបស់ គសអ សម្រាប់ណែនាំចង្អុល ទិសដល់គ្រប់យន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត បានយល់ជ្រួតជ្រាប ដើម្បីយកទៅចាត់ តាំងអនុវត្តឱ្យមានប្រសិទ្ធភាពផង ព្រមទាំងផ្សព្វផ្សាយឱ្យមានលក្ខណៈទូលំទូលាយ និងជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានបានជ្រាប និងមានស្មារតីចូលរួមក្នុងកិច្ចការពារថែរក្សានូវប រិស្ថានសន្តិសុខសម្រាប់កិច្ចដំណើរការបោះឆ្នោត រួមគ្នាសំដៅពង្រឹងនីតិរដ្ឋតាមគោលការណ៍ នៃលទ្ធិប្រជាធិតេយ្យ សេរី ពហុបក្សផងដែរ។

សម្តេចក្រឡាហោមបានបញ្ជាក់ថា ការបោះឆ្នោតនៅថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសារនាពេលកន្លងមក រួមទាំងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងឥស្សរជននៃបណ្ដាគណបក្សនយោបាយ ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីភាពសុខក្សេមក្សាន្ត សម្បូររុងរឿងប្រកបដោយសេចក្ដីថ្លៃថ្នូរ របស់ពលរដ្ឋ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ការទទួលបានជ័យជម្នះជាបន្តបន្ទាប់សម្រាប់ការរៀបចំព្រឹត្តិការណ៍នយោបាយ រួមទាំង ភាពជោគជ័យនៃការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃ អាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលកន្លងមក គឺអាស្រ័យដោយក្រសួង/ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានរៀបចំផែន ការសកម្មភាពយ៉ាងហ្មត់ចត់ សមស្របទៅនឹងស្ថានភាពជាក់ស្ដែង គួបផ្សំនឹងការចូលរួម យ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

សម្តេចបានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ សភាពការណ៍ទូទៅនៃពិភពលោក នៅតែបន្តស្មុគស្មាញ និងមានការប្រែប្រួលយ៉ាងឆាប់រហ័ស គ្មានភាពច្បាស់លាស់ និងមិនអាចប៉ាន់ស្មានបាន រួមទាំង ការបន្តឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ មិនទាន់ផុតរលត់នៅឡើយ។ ស្ថានការណ៍ ប្រកបដោយភាពអវិជ្ជមាននេះ បានជះឥទ្ធិពលបង្កហានិភ័យនៅគ្រប់តំបន់ ហើយក្នុងខណៈ ពេលដូចគ្នានោះក៏មានប្រទេសមួយចំនួនទាំងក្នុង និងក្រៅតំបន់ កំពុងប្រឈមទៅនឹងសង្គ្រាម ស៊ីវិល ជម្លោះផ្ទៃក្នុង ដោយទទួលរងនូវសោកនាដកម្ម និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ចំពោះព្រះរាជាណាចក្រកម្ពុជា បើទោះបីជាបានទទួលរងឥទ្ធិពលដោយផ្ទាល់ ឬដោយ ប្រយោលពីព្រឹត្តិការណ៍ដូចបានពោលខាងលើនេះក្តី ប៉ុន្តែស្ថានភាពពិត គឺកម្ពុជាកំពុងតែស្ថិតក្រោមម្លប់នៃសន្តិភាព រក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបញ្ចៀសបាននូវអំពើភេរវកម្ម រក្សាបាននូវសន្តិសុខផ្ទៃក្នុង គ្មានជម្លោះប្រដាប់អាវុធ ជាពិសេសការធានាបាននូវប្រក្រតីកម្មស្ថាប័នជាតិ និងធានាសុវត្ថិភាពទាំងស្រុងសម្រាប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ ដែលរៀបចំឡើងនៅកម្ពុជា៕
ដោយ៖ពលជ័យ

ads banner