ប្រធាន​សភា​អាមេរិក​ ជួប​​​​មេដឹកនាំ​តៃវ៉ាន់​ ដោយ​ពិភាក្សា​គ្នា​​ពី​ការ​ពន្លឿន​ការ​បញ្ជូន​​អាវុធ​ ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​ចិន​ ​

អាមេរិក៖ប្រធាន​សភា​សហរដ្ឋ​អាមេរិក​លោក ​ខេវិន ​ម៉េកខាធី (Kevin McCarthy) ​បាន​​រៀប​ចំ​កិច្ច​ប្រជុំ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​លោក​ស្រី ​សៃ អ៊ីងវិន(​Tsai Ing-wen)កាល​ពី​ថ្ងៃ​ពុធ​ទី​ ៥ ខែ​មេសា​ដោយភាគីទាំងពីរ​ពិភាក្សា​គ្នា​អំពី​ការ​ពន្លឿន​ការ​​បញ្ជូន​​អាវុធ​ទៅ​តៃវ៉ាន់​​បើទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​ប្រទេស​ចិន​។

លោក​ ម៉េកខាធី​ ដែល​ជា​មន្រ្តី​​ជាន់​ខ្ពស់​បំផុត​ទី​៣​ក្នុង​ប្រព័ន្ធ​អំណាច​របស់​អាមេរិក​ និង​សមាជិក​សភា​ពី​បក្ស​សាធារណរដ្ឋ​ ក៏​ដូច​ជា​បក្ស​ប្រជាធិបតេយ្យ​​ជា​ច្រើន​រូប​ទៀត​​ បាន​ជួប​ជាមួយ​លោក​ស្រី​ សៃ​ នៅ
​​​បណ្ណាល័យ​ប្រធានាធិបតី ​​រ៉ូណាល់ រីហ្កេន ​ក្នុង​ទីក្រុង​ស៊ីមីវ៉ាលី​ នៃ​រដ្ឋ​​កាលីហ្វ័រញ៉ា​ ខណៈ​ចិន​ ដែល​ទាម​ទារ​កោះ​តៃវ៉ាន់​ថា​ជា​របស់​ខ្លួន​ឯ​ណោះ​វិញ​ បាន​គំរាម​កំហែងពី​​​វិធានការ​ «ឆ្លើយ​តប​»​។  ​

លោក ម៉េកខាធី​ បាន​លើក​​​ឡើង​ពេល​​ឈរ​ជាមួយ​លោក​ស្រី​ សៃ​ នៅ​មុខ​​យន្តហោះប៊ូអ៊ីង( ​Boeing) ​ខៀវ​ស ដែលធ្លាប់​​ជា​យាន​ប្រចាំ​ការ​របស់​​លោកអតីត​ប្រធានាធិបតី​​ រីហ្កេន ​ថា​ មិត្ត​ភាព​រវាង​​តៃវ៉ាន់​ និង​អាមេរិក​ គឺ​ជា​បញ្ហា​សម្រាប់​ពិភព​លោក​សេរី​។ ​

ថ្លែង​​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​​កិច្ច​ប្រជុំ​ ​​​​ប្រធាន​សភា​​អាមេរិក បាន​និយាយ​ថា​ មន្រ្តី​រវាង​ភាគី​ទាំង​ពីរ​​​បាន​ពិភាក្សា​អំពី​របៀប​បង្កើន​ល្បឿន​នៃ​ការ​​បញ្ជូន​អាវុធ​ទៅ​តៃវ៉ាន់​។ ​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​​​យើង​ត្រូវ​តែ​បន្ត​ការ​លក់​​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​​និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ការ​​លក់​ឱ្យ​​តៃវ៉ាន់​ប្រព្រឹត្ត​ទៅ​ទាន់​ពេល​វេលា​»។ លោក​និយាយ​ថា​ លោក​ជឿ​ថា​មាន​​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​លើ​រឿង​នេះ​​ហើយ​ «​យើង​​ត្រូវ​​តែ​​ពង្រឹង​​កិច្ច​​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​​របស់​​យើង​ ជា​​ពិសេស​លើ​វិស័យ​​ពាណិជ្ជកម្ម ​និង​​បច្ចេក​វិទ្យា​»។​​

បន្ថែម​ពី​លើ​​នេះ​ ​ប្រធាន​គណបក្ស​សាធារណ​រដ្ឋ​នៃ​គណៈកម្មាធិការ​ជ្រើស​រើស​សភា​ទទួល​បន្ទុក​លើ​កិច្ច​ការ​​​អំពី​បក្ស​កុម្មុយនីស្ត​ចិន​ លោក​​ Mike Gallagher ​បាន​និយាយ​ក្រោយ​កិច្ច​ប្រជុំ​រវាង​មន្រ្តី​អាមេរិក​ និង​លោក​ស្រី​ សៃ​ ផង​ដែរ​ថា​ ​​លោក​ចង់​​មាន​មធ្យោបាយ​ដើម្បី​​ផ្គត់​ផ្គង់​​មីស៊ីល​ប្រឆាំង​នាវា​ Harpoon ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​។ កន្លង​មក​ មន្រ្តី​អាមេរិក​​ បាន​លើក​ឡើង​ថា​ ប្រភេទ​សព្វាវុធ​ដូច​ជា​មីស៊ីល ​Harpoon ​មាន​សារៈ​សំខាន់ខ្លាំង​​សម្រាប់​វិស័យ​ការ​ពារ​ជាតិ​របស់​តៃវ៉ាន់​​​ជាង​អាវុធ​ធន់​ធ្ងន់​ដទៃ​ទៀត​ ​ដូច​ជា​​រថក្រោះ​ និង​យន្តហោះ​ចម្បាំង​ ដែល​​​កោះ​នេះ​​តែង​ទិញ​ពី​សហរដ្ឋ​អាមេរិក​​។ ​

ចំណែក​ឯ​លោក​ស្រី​ សៃ​ ឯណោះ​​វិញ​ បាន​​​ថ្លែង​អំណរ​គុណ​ដល់​សភា​សហរដ្ឋ​អាមេរិក​សម្រាប់​​ការ​គាំទ្រ​តៃវ៉ាន់​ នៅ​ពេល​​កោះ​ដែល​ស្វ័យ​គ្រប់​គ្រង​​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នេះ​ ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង។ លោក​ស្រី​បាន​លើក​ឡើង​ពី​សម្ដី​របស់​លោក​ រីហ្កេន​ ដែល​ថា​ «​ដើម្បី​សន្តិភាព​ យើង​ត្រូវ​រឹង​មាំ​»។ ​ ​

គួរ​គូស​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​រវាង​មន្រ្តី​កំពូល​អាមេរិក​ និង​មេដឹកនាំ​តៃវ៉ាន់​ ធ្វើ​ឡើង​ខណៈ​ដែល​​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ កាន់​តែ​ធ្លាក់ចុះផងដែរ​។ កាល​ពី​ឆ្នាំ​មុន​ ភាព​តាន​តឹង​បាន​ដោរ​ឡើង​​ខ្លាំង​ ​ក្រោយ​ពេល​ចិន​បង្កើន​សកម្មភាព​យោធា​ទ្រង់​ទ្រាយ​ធំ​ជុំ​វិញ​កោះ​តៃវ៉ាន់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​ទៅ​​ក្រុង​តៃប៉ិ​របស់​អតីត​ប្រធាន​សភា​​អាមេរិក​ លោក​ស្រី​ ណាន់ស៊ី​ ប៉េឡូស៊ី​ ដែល​មានៈ​​​នឹង​ការ​គំរាម​កំហែង​របស់​ចិន​។

​​ជំនួប​រវាង​មន្រ្តី​កំពូល​ៗ​ចុង​ក្រោយ​នេះ​ ក៏​រង​នូវ​​ប្រតិកម្ម​ខ្លាំង​ៗ​ពី​ក្រុង​ប៉េកាំង​ផង​ដែរ​។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​ថ្កោល​ទោស​ភ្លាម​ៗ​​ចំពោះ​កិច្ច​ប្រជុំ​​ក្នុង​សេចក្ដីថ្លែង​ការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ចោទ​ប្រកាន់ជា​ថ្មី​ម្ដង​ទៀត​ថា​ ​សហរដ្ឋ​អាមេរិក​​​បាន​ឃុប​ឃិត​ជាមួយ​​ពួក​បំបែក​ខ្លួន​ ដែល​ស្វែង​រក​ «​ឯករាជ្យ​ភាព​​​​​តៃវ៉ាន់​»​ ​ហើយ​​រំលោភ​លើ​​គោលការណ៍​ចិន​តែ​មួយ​។

សេចក្ដី​ថ្លែងការណ៍​​ដដែល​​​បាន​បន្ត​ថា​ បញ្ហា​តៃវ៉ាន់​ «គឺ​ជា​ស្នូល​នៃ​ផល​ប្រយោជន៍​ស្នូល​របស់​ចិន​ និង​ជា​​បន្ទាត់​ក្រហម​​ទី​មួយ​ដែល​​មិន​ត្រូវ​រំលោភនៅ​​ក្នុង​​​​ទំនាក់​ទំនង​ចិន​-​អាមេរិក​»។ ដើម្បី​ឆ្លើយ​តប​​នឹង​សកម្ម​ភាព​ខុស​ឆ្គង​យ៉ាង​ធ្ងន់​ធ្ងរ​ ​​«​ចិន​​នឹង​​ចាត់​វិធានការ​ខ្លាំង​ក្លា ​និង​ម៉ឺង​ម៉ាត់​ ដើម្បី​ការពារ​អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹក​ដី​របស់​យើង​»​។

ចំណែក​​ឯ​ក្រសួង​ការពារ​ជាតិ​ចិន​វិញ​ ក៏​បាន​ថ្កោល​ទោស​កិច្ច​ប្រជុំ​ដូច​គ្នា​ ​​​ដោយ​​និយាយ​​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «​​​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA) ​ប្រកាន់​ខ្ជាប់​នូវ​ភារកិច្ច ​និង​បេសកកម្ម​របស់​ខ្លួន​ រក្សា​​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា​ឱ្យ​នៅ​កម្រិត​ខ្ពស់​ ការពារ​អធិបតេយ្យ​ភាព​ជាតិ​ និង​បូរណភាព​ទឹក​ដី​យ៉ាង​ម៉ឺង​ម៉ាត់​ និង​រក្សា​សន្តិភាព​ និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​»​។

ជំនួប​រវាង​លោក​ ម៉េកខាធី និង​លោក​ស្រី​ សៃ​ ដដែល​ ក៏​ធ្វើ​ឱ្យ​ចិន​​បង្កើន​សកម្មភាព​សមយុទ្ធ​យោធា​ជា​​ថ្មី​​ ផង​ដែរ​។ ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់​ លោក​ Chiu Kuo-cheng ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចិន​បាន​ធ្វើ​ដំណើរ​នៅចម្ងាយ​ប្រមាណ​ជាង​ ៣៧០ គីឡូម៉ែត្រ​​ពី​ឆ្នេរ​ភាគ​ខាង​កើត​របស់​តៃវ៉ាន់ ហើយ​​នាវា​ចម្បាំង​តៃវ៉ាន់​កំពុង​តាម​ដាន​មើល​។ ​កាល​ពី​ថ្ងៃ​ពុធ​ Shandong ​ដែល​ជា​នាវា​ផ្ទុក​យន្តហោះ​ផលិត​ក្នុង​ស្រុក​ដំបូង​គេ​របស់​ចិន​ ​បាន​ធ្វើ​ដំណើរ​កាត់​តាម​ច្រក​ Bashi ​ភាគ​ខាង​ត្បូង​នៃ​កោះ​តៃវ៉ាន់​ឆ្ពោះ​​កាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​ ទាំង​អម​ដោយ​​​ក្រុម​កប៉ាល់​ជាច្រើន​​ទៀត​របស់​កង​ទ័ព​ជើង​ទឹក​ចិន​។​​ លោក​ Chiu ​បាន​និយាយ​ថា​​៖ «វា​ជា​សមយុទ្ធ​ ប៉ុន្តែ(ចិន​)ធ្វើ​ឡើង​​ចំ​ពេល​ដែល​​មាន​ភាព​រសើប​»។​

​ទោះ​យ៉ាង​ណា​ក៏​ដោយ​​ កាសែត​រដ្ឋ​ចិន​​ Global Times ​​បាន​ផ្សាយ​​ថា​ ការ​ដាក់​ពង្រាយ​​យាន​យោធា​​ទាំង​អស់​នេះ​ ​បង្ហាញ​ថា​ Shandong «​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ប្រតិបត្តិការ​សមុទ្រ​ឆ្ងាយ​ៗ​» និង​ការ​ពារ​អ្វីដែល​ជា​របស់​ចិន​។  ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​​ឱ្យ​ដឹង​ផង​ដែរ​ថា​ PLA ​នៃ​​បញ្ជាការ​កង​ទ័ព​ភាគ​ខាង​កើត​​ចិន​ ​​បាន​និង​កំពុង​ធ្វើ​​សម​យុទ្ធ​​​ដ៏​ស្វិត​ស្វាញ​ នៅ​លើ​ដី​គោក​ ដែន​ទឹក​ និង​អាកាស​ចាប់​តាំង​ពី​
សប្ដាហ៍​មុន​មក​ម៉្លេះ​៕

ប្រែសម្រួល៖ ហួន ឌីណា

ប្រភព​៖ U.S. Speaker meets Taiwan leader and stresses need to speed up arms deliveries

China aircraft carrier in drills near Taiwan amid rising tension  

Foreign Ministry Spokesperson’s Statement on Tsai Ing-wen’s “Transit” Through the United States

ads banner