កម្ពុជារាយការណ៍ពីកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពជាច្រើនក្នុងវិស័យសិទ្ធិមនុស្សជូនសម័យប្រជុំលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅហ្សឺណែវ

ភ្នំពេញ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី៥២ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៥៧ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្តសរុបចំនួន៤៣ ពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល៦សប្តាហ៍ (ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍ សរុបចំនួន២២លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែង ទៅតាមប្រភេទផ្សេងៗនៃសិទ្ធិមនុស្ស មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិទទួលបានការអភិវឌ្ឍផងដែរ។

គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សាអំពីការធ្វើឱ្យកាន់តែប្រសើរដល់វិធីសាស្រ្តនៃការបំពេញការងាររបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សា និងនីតិវិធីពិសេស និងការគិតគូរពិចារណាអំពីស្ថានការណ៍នៅប្រទេសមួយចំនួនផងដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖
•នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “យុទ្ធសាស្ត្រផ្ការីក” របស់កម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង រួមទាំងអ្នកទោសនិងជនបរទេសផងដែរ ដោយបានសម្រេចនូវអត្រានៃការចាក់វ៉ាក់សាំងជាង៩៥% នៃចំនួនប្រជាជនសរុប។ ចាប់តាំងពីខែមេសា ឆ្នាំមុន ប្រទេសកម្ពុជាពុំមានអ្នកស្លាប់ និងស្ទើរតែគ្មានករណីឆ្លងជំងឺកូវីដ១៩ ជារៀងរាល់សប្តាហ៍ ដែលនេះបង្ហាញពីយន្តការដ៏មានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
•រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីគាំទ្រដល់ក្រុមងាយរងគ្រោះ ក្នុងនោះ មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន១២ ជុំ ស្មើនឹងចំនួនទឹកប្រាក់៩៦០ លានដុល្លារអាមេរិក សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជិត២,៣ លាននាក់ រួមទាំងកុមារ មនុស្សចាស់ និងជនពិការ និងគម្រោងប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន។
•តាមរយៈគម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី២ ផ្ទៃដី ១៧.០០០ ហិកតា សម្រាប់សង់លំនៅឋាន និងធ្វើកសិកម្មត្រូវបានបែងចែកទៅឱ្យគ្រួសារដែលគ្មានដី និងគ្រួសារក្រីក្រជាង ៥.០០០ គ្រួសារ។ លើសពីនេះ ដំណាក់កាលទីបី កំពុងត្រូវបានអនុវត្តជាមួយនឹងថវិកាសរុបប្រហែល១០០ លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ។ គម្រោងនេះបង្កើតសហករណ៍កសិកម្ម និងផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដល់អ្នកទទួលផល រួមទាំងជនជាតិដើមភាគតិច ដើម្បីកែលម្អប្រព័ន្ធផលិតកម្មកសិកម្ម លើកកម្ពស់ជីវភាពរស់នៅ និងលើកកម្ពស់សន្តិសុខស្បៀង និងស្ថានភាពអាហារូបត្ថម្ភ។
•គិតត្រឹមឆ្នាំ២០២២ រាជរដ្ឋាភិបាលបានផ្តល់ដីជាង០១លានហិកតា ដល់ជាង ៥00.០០០ គ្រួសារ និងបានសាងសង់ផ្ទះជិត៨.០០០ ពាន់ខ្នង ក្រោមកម្មវិធីសម្បទានដីសង្គមកិច្ច។ ផ្ទៃដីប្រមាណ៤០.០០០ ហិកតា ត្រូវបានចុះបញ្ជីជូនសហគមន៍ជនជាតិដើមភាគតិចចំនួន៣៨។
•ដើម្បីសម្រេចបានសមភាពយេនឌ័រ និងនិរន្តរភាពអេកូឡូស៊ី គោលនយោបាយ និងផែនការសកម្មភាពជាច្រើនត្រូវបានដាក់ចេញ រួមជាមួយនឹងការបង្កើតផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ សម្រាប់ការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី និងការកាត់បន្ថយវិសមភាពយេនឌ័រ ក្នុងនោះមានយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ (២០១៦-២០២៣) ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន (២០២១-២០២៥) និងយុទ្ធសាស្ត្ររេដបូកជាតិ (២០១៧-២០២៦)។
•កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការបង្ការ និងការពារ ដើម្បីលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សា និងការកេងប្រវ័ញ្ចលើកុមារ។ កិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង រួមមានតាមរយៈការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ២០១៩-២០២៩ និងការចាប់ផ្តើមដំណើរការយុទ្ធនាការឌីជីថល “គិតគូកូន”។ ប្រទេសកម្ពុជាត្រូវបានអង្គការយូនីសេហ្វ កោតសរសើរក្នុងឆ្នាំ២០២២ ចំពោះការប្រយុទ្ធប្រឆាំងអំពើហិង្សាលើកុមារ។
•កម្ពុជាគោរពផ្តល់តម្លៃចំពោះតួនាទីស្របច្បាប់របស់អង្គការសង្គមស៊ីវិលដែលបានចុះបញ្ជីដែលមានចំនួនកើនឡើងជិត៦.០០០ អង្គការ។ ការចូលរួមរបស់អង្គការទាំងនោះ ត្រូវបានជួយសម្រួលដោយសេរីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងដំណើរការបង្កើតគោលនយោបាយ និងច្បាប់ ដែលបានរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ប្រព័ន្ធយុត្តិធម៌ និងសិទ្ធិមនុស្ស។ ទស្សនៈរិះគន់របស់ពួកគេលើកិច្ចការសាធារណៈក៏ត្រូវបានសម្របសម្រួលយ៉ាងល្អតាមរយៈការប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទចល័តបស់កម្ពុជាក្នុងតម្លៃសេវាទាបបំផុតនៅក្នុងតំបន់ និងត្រូវបានបន្លឺបន្ថែមទៀតតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថលជិត ២.០០០ អង្គភាព ដែលកំពុងដំណើរការដោយមិនគ្មានការត្រួតពិនិត្យជាមុន និងគ្មានការរឹតបន្តឹងទ្បើយ ហើយថែមទាំងត្រូវបានធានាដោយច្បាប់ស្តីពីរបបសារព័ត៌មានទៀតផង។
•ឋានៈនយោបាយ ឬការតាំងខ្លួនថាមានភាពឯករាជ្យ ឬសេរី មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពនោះទ្បើយ។ ការចាត់ទុកការអនុវត្តច្បាប់ថាជាការរឹតត្បិតសេរីភាពនៃក្រុមមួយចំនួន គឺជាការបន្ទាបតម្លៃនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះប្រជាពលរដ្ឋគ្រប់រូប។
•វាជាការចាំបាច់ណាស់ដែលសិទ្ធិមនុស្សទាំងអស់ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច រួមទាំងសិទ្ធិក្នុងការអភិវឌ្ឍ ត្រូវតែមានតម្លៃស្មើៗគ្នា ប្រកបដោយយុត្តិធម៌ សមភាព និងទទួលបានការយកចិត្តទុកដាក់ដូចៗគ្នា។
•កម្ពុជាគាំទ្រវិធីសាស្រ្តដែលមិនលម្អៀងរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមិនជ្រើសរើសតែមួយជ្រុង មិនធ្វើនយោបាយ មិនប្រឈមមុខ និងមិនមានស្តង់ដារពីរ ក្នុងទិសដៅជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពិតប្រាកដ។
•កម្ពុជាគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អការងាររបស់អ្នកកាន់អាណត្តិនៃនីតិវិធី ពិសេស រួមទាំងការអំពាវនាវឱ្យបង្កើតយន្តការត្រួតពិនិត្យ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្រមសីលធម៌របស់ពួកគេ។ ឯករាជ្យភាពមិនអាចគេចចេញពីការទទួលខុសត្រូវបានទ្បើយ។
•ជំនួយបច្ចេកទេសប្រកបដោយប្រសិទ្ធភាពចាំបាច់ត្រូវតែធ្វើទ្បើងដោយមានការយល់ព្រមពេញលេញពីរដ្ឋ ហើយត្រូវស្របតាមអាទិភាពជាតិ និងអនុសាសន៍នៃការត្រួតពិនិត្យជាសកលតាមកាលកំណត់ដែលបានទទួលយក។ គោលការណ៍សំខាន់នៃតួនាទីរបស់រដ្ឋដែលជាអ្នកអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្សគួរតែត្រូវបានគោរពនៅក្នុងដំណើរការនេះ។

ក្នុងអំទ្បុងពេលសម័យប្រជុំលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាក៏បានចូលឈ្មោះជាប្រទេសគាំទ្រសេចក្តីថ្លែងការណ៍រួមចំនួន១៣ ដែលស្នើដោយអាស៊ាន ចលនាមិនចូលបក្សសម្ព័ន្ធ និងប្រទេសនៃក្រុមដែលមានគំនិតដូចគ្នាលើប្រធានបទនៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សន្តិសុខស្បៀង សេរីភាពនៃការសិក្សា អ្នកកាន់អាណត្តិនៃនីតិវិធីពិសេស និងយន្តការនៃការត្រួតពិនិត្យជាសកលតាមកាលកំណត់ ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព សិទ្ធិក្នុងការអភិវឌ្ឍ និងវិធានការបង្ខិតបង្ខំឯកតោភាគី។ល៕
ដោយ៖ពលជ័យ

ads banner