Samsung ព្យាករណ៍ថា ប្រាក់ចំណេញនៅត្រីមាសទីមួយឆ្នាំនេះ នឹងធ្លាក់ចុះរហូតដល់ ៩៥ភាគរយ
សេអ៊ូល៖ ក្រុមហ៊ុន Samsung Electronics នៅថ្ងៃទី០៧ ខែមេសានេះ បានបញ្ជាក់ថា ខ្លួនរំពឹងថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី១ ឆ្នាំ២០២៣នេះ នឹងធ្លាក់ចុះជាង ៩៥ភាគរយ ដល់កម្រិតទាបមួយ ក្នុងរយៈពេល ១៤ឆ្នាំ ដោយសារការលក់បន្ទះឈីបអង្គចងចាំបានធ្លាក់ចុះជាសកល។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានអះអាងថា ប្រាក់ចំណេញប្រតិបត្តិការពីខែមករា ដល់ខែមីនា ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៩៥.៧ភាគរយ មានទឹកប្រាក់ ៦០០ពាន់លានវ៉ុន ឬប្រមាណ ៤៥៥លានដុល្លារ ដែលជាកម្រិតទាបបំផុតរបស់ក្រុមហ៊ុនសាមសុង ចាប់តាំងពីត្រីមាសទីមួយ ឆ្នាំ ២០០៩។ ក្រុមហ៊ុនសាមសុងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់ចុះប្រាក់ចំណេញដែលរំពឹងទុកខាងលើនេះ គឺដោយសារតែការបន្តធ្លាក់ចុះសម្រាប់ផលិតផលផ្នែកព័ត៌មានវិទ្យា (IT) ដែលបានធ្វើឱ្យដំណើរការនៃវិស័យទាំងអស់កាន់តែយ៉ាប់យឺន។
ទោះបីជាយ៉ាងណា ការធ្លាក់ចុះប្រាក់ចំណេញនាពេលថ្មីៗនេះ មិនបានរារាំងដល់ការបណ្តាក់ទុនវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុនសាមសុងឡើយ ជាក់ស្តែងនៅក្នុងខែមីនាកន្លងមកនេះ សាមសុងបានបង្ហាញពីផែនការមានតម្លៃ ២២៧ពាន់លានដុល្លារក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ដើម្បីសាងសង់មជ្ឈមណ្ឌលបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក នៅតំបន់ Yongin ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។
ផែនការខាងលើនេះ គឺជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាសំខាន់ៗចំនួន ៦ ក្នុងនោះរួមទាំងបន្ទះឈីប អេក្រង់ និងថ្ម ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ ត្រូវបានគេរំពឹងថា នឹងចេញផ្សាយរបាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ខ្លួននៅចុងខែមេសានេះ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា