លោក សួន សេរីរដ្ឋា៖ យុទ្ធនាការឱ្យដោះលែងអ្នកទោសនយោបាយរបស់អាមេរិក គឺមានចរិតនយោបាយ
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានហៅយុទ្ធនាការដែលសហរដ្ឋអាមេរិកហៅថា ជាយុទ្ធនាការឱ្យដោះលែងអ្នកទោសនយោបាយដោយគ្មានលក្ខខណ្ឌ គឺមានចរិតនយោបាយសុទ្ធសាធ។ យុទ្ធនាការរបស់ពួកគេ ហើយដែលបញ្ចូលឈ្មោះលោកកឹម សុខា នៅក្នុងក្របខ័ណ្ឌការតស៊ូទាមទារឱ្យដោះលែងដោយគ្មានលក្ខខណ្ឌ វាគឺជាការរំលោភច្បាប់ រំលោភអធិបតេយ្យភាពរបស់កម្ពុជា និងជាការមើលងាយដល់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា យុទ្ធនាការដែលសហរដ្ឋអាមេរិកហៅថា ជាយុទ្ធនាការដោះលែងអ្នកទោសនយោបាយដោយគ្មានលក្ខខណ្ឌនេះ គឺមានចរិកនយោបាយសុទ្ធសាធ ខ្លឹមសារ និងគោលបំណង ដែលគេបើកយុទ្ធនាការ ដែលគេទាមទារឱ្យដោះលែងអ្នកនយោបាយដែលមានទោស ដែលជាប់ទោស ២១នាក់លើពិភពលោក ដែលរួមទាំងម្នាក់នៅក្នុងប្រទេសកម្ពុជា គឺលោក កឹម សុខា ដែលតុលាការកម្ពុជាបានកាត់ទោសឱ្យជាប់ទោសឃុំឃាំងនៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ ដែលសហរដ្ឋអាមេរិកតាមរយៈស្ថានទូតអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញ គឺបានប្រតិកម្មលឿនមុនគេ ហើយក្តៅក្រហាយមុនគេ នៅពេលដែលសាលក្រមបានប្រកាសផ្តន្ទាទោសលោកកឹម សុខា។
លោកបន្តថា យុទ្ធនាការដែលបានផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក វាមានចរិតនយោបាយ បង្កប់នៅចរិតនយោបាយច្រើនជាងអ្វីដែលពួកគេបាននិយាយនៅសម្បកក្រៅថា ដើម្បីស្រោចស្រង់នៅលទ្ធិប្រជាធិបតេយ្យ ដើម្បីការពារសិទ្ធិសង្គមស៊ីវិល ដែលធ្វើការងារដោយឯករាជ្យ ដើម្បីអនុវត្តសេរីភាពមូលដ្ឋានជុំវិញការបញ្ចេញមតិ និងបង្កើតសមាគមជាដើម ពីព្រោះថាការលើកឡើងដែលគេនិយាយអំពីការងារឯករាជ្យនៅក្នុងការអនុវត្តសេរីភាពជាមូលដ្ឋានជុំវិញការបញ្ចេញមតិ វាគ្រាន់តែជាសម្បកទេ ជាសេណារីយោដែលគេយកមកបិទបាំងនូវវត្ថុបំណងពិតប្រាកដរបស់ពួកគេ ដែលគេបានបង្កប់នូវចរិតនយោបាយមួយ គឺគេគាំទ្រទៅលើក្រុមបក្ខពួកនយោបាយរបស់លោកកឹម សុខា ដែលគេបានចិញ្ចឹម ដែលគេបានអប់រំ ដែលគេបានចំណាយលុយយ៉ាងច្រើន ដើម្បីបណ្ដុះបណ្ដាលបុគ្គលនេះ និងក្រុមបក្ខពួក ដើម្បីធ្វើយ៉ាងណាឱ្យបុគ្គលនេះ និងក្រុមបក្ខពួក គឺរួមគ្នាជាមួយនឹងគេផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលកើតចេញអំពីការបោះឆ្នោត កើតចេញអំពីការគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា។ ពីព្រោះវាគ្មានអ្វីជាតឹកតាងអស្ចារ្យ ឬក៏ច្បាស់លាស់ជាងសម្ដីរបស់លោក កឹម សុខា ខ្លួនឯងដែលបាននិយាយនៅក្នុងឯកសារជាវីដេអូ គឺការនិយាយនោះហើយ វាគឺជាតឹកតាងឯកសារប្រាកដនិយមច្បាស់លាស់ដែលតុលាការ និងព្រះរាជអាជ្ញាបានយកធ្វើជាមូលដ្ឋាននៃការដាក់បន្ទុក ហើយកាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិ រួមគំនិតជាមួយបរទេសក្បត់ជាតិ។ អត់មាននរណាចោទប្រកាន់ លាបពណ៌ទៅលើក្រុមលោកកឹម សុខា អំពីករណីនឹងទេ គឺលោក កឹម សុខា ខ្លួនឯងបាននិយាយនៅក្នុងវីដេអូយ៉ាងច្បាស់នៅពេលដែលថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ខ្លួនត្រូវបានសហរដ្ឋអាមេរិកនាំយកទៅអប់រំ បណ្តុះបណ្តាល និងចំណាយថវិកា ដើម្បីឱ្យគាត់ធ្វើជាមេដឹកនាំបដិវត្តន៍ពណ៌មួយ ដើម្បីដឹកនាំកម្លាំងប្រជាពលរដ្ឋធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះវាគឺជាចំណុចរសើបដែលប្រទេសមហាអំណាចមួយបានចិញ្ចឹមនៅចិត្តចង់ផ្តួលរំលំរដ្ឋាភិបាល នៃប្រទេសមួយដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋ តែធ្វើវាមិនបានសម្រេចដូចបំណង។ ពីព្រោះសហរដ្ឋអាមេរិកធ្លាប់បានផ្ដួលរំលំរដ្ឋាភិបាលច្រើនប្រទេសណាស់ ដូចជា រដ្ឋាភិបាលរបស់ហ្គាដាហ្វី ដូចជារដ្ឋាភិបាលរបស់សាដាមហូសេន គឺថាការផ្តួលរំលំដោយបដិវត្តន៍ពណ៌ ដោយកម្លាំងប្រជាពលរដ្ឋក៏ផ្តួលរំលំបានជោគជ័ ហើយការផ្តួលរំលំដោយកម្លាំងយោធាវ៉ៃសង្គ្រប់ដើម្បីលើកបន្តុបរដ្ឋាភិបាលមួយដែលជាកូនជឹងរបស់ពួកគេឱ្យឡើងកាន់អំណាច គឺធ្វើបានជោគជ័យ។
ប៉ុន្តែដោយឡែកក្នុងប្រទេសកម្ពុជា គឺធ្វើមិនបានសម្រេច ដោយសារកម្ពុជាមានមេដឹកនាំដែលគាំទ្រពីប្រជាពលរដ្ឋ បោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ហើយជាមេដឹកនាំដែលស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋតាំងតែពីប្រទេសកម្ពុជា គឺស្ថិតនៅក្រោមរបបវាលពិឃាត។ មេដឹកនាំរបស់កម្ពុជាបច្ចុប្បន្ន គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកគឺជាអ្នករំដោះអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាពីវាលពិឃាត រំដោះភាពក្រីក្ររបស់ប្រជាជនកម្ពុជាចេញអំពីភាពអត់ឃ្លាន ហើយនឹងរំដោះសុខសន្ដិភាព សម្រាប់ប្រជាពលរដ្ឋកម្ពុជាចេញពីសង្គ្រាមស៊ីវិល។ មិនតែប៉ុណ្ណោះ គឺថាការពារមកដល់បច្ចុប្បន្ននេះ គឺដាច់ខាតការពារសន្តិភាព ដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋ អ៊ីចឹងប្រជាពលរដ្ឋកម្ពុជាគាំទ្រការពារសម្តេចតេជោជាអគ្គមគ្គុទ្ទេសសន្តិភាពនៃកម្ពុជា ជាមេដឹកនាំឆ្នើមក្នុងប្រវត្តិសាស្ត្រ ជាអ្នកនយោបាយដែលនាំមុខសម្រាប់កិច្ចការប្រទេសជាតិ មាតុភូមិ ដែលមិនរត់ចោលប្រជាពលរដ្ឋគ្រប់ដំណាក់កាល គឺមិនរត់ចោល ខាំស្មៅក្រាញ់ននៀលនៅជាមួយប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ចំពោះមេដឹកនាំបែបនេះ គឺសហរដ្ឋអាមេរិកមិនអាចមកផ្តួលរំលំបានដោយប្រើយុទ្ធសាស្ត្របដិវត្តន៍ពណ៌ ឬក៏ប្រើយុទ្ធសាស្ត្រទម្លាក់លុយកញ្ចប់ថវិកាឱ្យសង្គមស៊ីវិលធ្វើចលនាមហាជនរួមផ្សំជាមួយនឹងចលនានយោបាយដែលខ្លួនឯងបានរៀបចំ គឺធ្វើអត់បានសម្រេច ដល់ពេលកូនជឹងនយោបាយរបស់ខ្លួន ឬក៏អាយ៉ងនយោបាយរបស់ខ្លួន ត្រូវបានកាត់ទោសដោយតុលាការរបស់កម្ពុជា គឺថាខ្លួនឯងមានការខកចិត្ត ខ្លួនឯងមានការខឹងសម្បារ ហើយនៅក្នុងថ្ងៃដែលប្រកាសសាលក្រមកាត់ទោសលោកកឹម សុខា គឺអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលតំណាងជារដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងការបញ្ចេញប្រតិកម្មខ្លាំងៗ មែនទែន គឺបានហៅថាសាលក្រមហ្នឹង គឺជាសាលក្រមដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យជាសាលក្រមដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ គឺកម្ពុជារំកិលទៅរករបបផ្ដាច់ការវិញ គឺតាមសេណារីយោដែលពួកគេបានរៀបចំគ្រប់សព្វបែបយ៉ាង។ ដែលគេប្រើពាក្យពេចន៍អស់ហើយពាក្យអ្វីដែលគេប្រើសម្រាប់ការចោទប្រកាន់សម្រាប់ជេរប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក គឺគេប្រើអស់ហើយ។ ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា គឺបានរក្សានូវជំហររបស់ខ្លួន គឺថាចំពោះជនណាក៏ដោយនៅពេលដែលប្រព្រឹត្តខុសច្បាប់របស់កម្ពុជា គឺត្រូវយកច្បាប់របស់កម្ពុជាបានអនុវត្ត កម្ពុជាមិនស្ថិតនៅក្រោមសម្ពាធបរទេសណាម្នាក់ទេ កុំថាឡើយដល់ប្រទេសមហាអំណាចណាមួយ ពីព្រោះកម្ពុជាអត់ចង់ធ្វើជាសត្រូវរបស់ប្រទេសណាមួយទេ កម្ពុជាចង់ធ្វើជាមិត្តរបស់ប្រទេសទាំងអស់លើពិភពលោករួមទាំងមហាអំណាចសេរី កុម្មុយនីស្ត សង្គមនិយមជាដើម។ ប៉ុន្តែកម្ពុជាត្រូវការឯករាជ្យភាពផ្អែកលើច្បាប់ដែលកម្ពុជាមាន គឺប្រើប្រាស់ច្បាប់របស់កម្ពុជាដើម្បីកាត់ទោសជនកម្ពុជាទាំងឡាយណាដែលប្រព្រឹត្តខុសច្បាប់ ហើយជនបរទេសទាំងឡាយណាដែលរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែប្រព្រឹត្តខុសច្បាប់របស់កម្ពុជាក៏ត្រូវតែកាត់ទោសដូចគ្នា។
នេះគឺជាជំហរឯករាជ្យភាព ដូចច្បាប់របស់កម្ពុជាដែលត្រូវអនុវត្តច្បាប់ស្មើភាពគ្នា មិនថាអ្នកនយោបាយ ប្រជាពលរដ្ឋ អ្នករកស៊ីអ្នកណាទេ។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានសង្កត់ធ្ងន់ថា បើយើងមើលទៅលើយុទ្ធនាការរបស់ពួកគេ ហើយដែលបញ្ចូលឈ្មោះកឹម សុខា នៅក្នុងក្របខ័ណ្ឌការតស៊ូទាមទារឱ្យដោះលែងដោយគ្មានលក្ខខណ្ឌ ការទាមទារឲ្យដោះលែងដោយគ្មានលក្ខខណ្ឌនេះ វាគឺជាការរំលោភច្បាប់រំលោភអធិបតេយ្យភាពរបស់កម្ពុជា និងជាការមើលងាយដល់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា៕
ដោយ៖ពលជ័យ