កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០”

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ បានសម្រេចអនុម័យទាំងស្រុងលើ “សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០” ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមរបស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។

សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ មានខ្លឹមសារសង្ខេប ៖

ក្នុងរយៈពេលប្រមាណ ១០ឆ្នាំ នៃការអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១ ឆ្នាំ២០១១ ដល់ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ធៀបនឹងចំនួនប្រជាជន ១០០ ០០០នាក់ ដល់១៣,១នាក់ ឆ្នាំ២០២១ មកនៅត្រឹម ១០,៩នាក់ នៅឆ្នាំ២០២០ និង១០,១នាក់ នៅឆ្នាំ២០២២។ ក្នុងឆ្នាំ២០២២ កម្ពុជាត្រូវប៉ាន់ស្មានពីការខាតបង់សេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ឆ្នាំ២០២០ ចរាចរណ៍ផ្លូវគោកមានចំនួនប្រមាណ ៣៧៩,២លានដុល្លារអាមេរិក ដោយយោងតាមការសិក្សារបស់មន្ត្រីជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។

គោលបំណង៖ ផែនការនេះមានគោលបំណង កាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០% នៅឆ្នាំ២០៣០ ដោយផ្តោតលើគោលដៅសំខាន់ចំនួន២ គឺទី១.កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទី២.បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយផ្អែកតាមសសរស្ដម្ភចំនួន៦។ សំខាន់ៗនៃសេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ នេះដែលមានសេចក្តីសង្ខេបដូចតទៅ៖

ខ្លឹមសារសង្ខេបនៃសេចក្តីព្រាង «ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០» ត្រូវបានកំណត់អនុវត្តលើគោលដៅជាក់លាក់គឺ ខេត្តមានអត្រាអ្នកស្លាប់និងអ្នករបួសខ្ពស់សរុបចំនួន ១៦រាជធានី ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាបខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។ យុទ្ធសាស្ត្រនេះក៏ត្រូវបានផ្តោតលើមូលហេតុបង្កឱ្យមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខ្ពស់ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនប្រកាន់ស្តាំ ការជែងនិងការបត់ក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសញ្ញាចរាចរណ៍ និងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងក្នុងពេលបើកបរ។

យុទ្ធសាស្ត្រនេះមាន ៦សសរស្តម្ភ ក្នុងនោះ សសរស្ដម្ភចំនួន៥ ស្របតាមផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងសសរស្តម្ភចំនួន១ (សសរស្ដម្ភទី២) ផ្អែកតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា មាន៥៣ចង្កោមសកម្មភាព និង ២២២សកម្មភាព ដូចខាងក្រោម៖

  • សសរស្តម្ភទី១ ពង្រឹងយន្តការគ្រប់គ្រងនិងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកមាន ១០ចង្កោម
    សកម្មភាព និង៤៧សកម្មភាព
  • សសរស្តម្ភទី២ ពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមាន ៩ចង្កោមសកម្មភាព និង៣៨សកម្មភាព
  • សសរស្តម្ភទី៣ ពង្រឹងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមាន ១១ចង្កោមសកម្មភាព និង៤៩សកម្មភាព
  • សសរស្តម្ភទី៤ ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់មាន ១០ចង្កោមសកម្មភាព និង៤៨សកម្មភាព
  • សសរស្តម្ភទី៥ ពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់មាន ៧ចង្កោមសកម្មភាព
    និង២២សកម្មភាព
  • សសរស្តម្ភទី៦ ពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ដមាន ៦ចង្កោមសកម្មភាព និង១៨សកម្មភាព។

ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យមកកម្រិតទាបបំផុត ស្របតាមផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលឆ្នាំ២០២១-២០៣០ របស់អង្គការសុខភាពពិភពលោកគឺ កាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០%នៅឆ្នាំ២០៣០ ព្រមទាំងការរក្សានូវសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងធានាការពារ ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner