សេដ្ឋកិច្ចកាណាដាបង្កើតការងារបន្ថែម ៣៥,០០០កន្លែងក្នុងខែមីនា ឆ្នាំ ២០២៣
អូតាវ៉ា៖ សេដ្ឋកិច្ចរបស់ប្រទេសកាណាដា បានបង្កើតឱកាសការងារថ្មីប្រមាណ ៣៥,០០០កន្លែងនៅក្នុងខែមីនា ឆ្នាំ ២០២៣ ខណៈដែលអត្រាគ្មានការងារធ្វើនៅតែមានស្ថិរភាពក្នុងកម្រិត ៥ភាគរយ ដែលកៀកនឹងកម្រិតទាបបំផុតសម្រាប់ខែទី ៤ ជាប់ៗគ្នា។ នេះបើតាមស្ថិតិរបស់ប្រទេសកាណាដា ចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៣។
ការបង្កើតការងារថ្មីនៅក្នុងប្រទេសកាណាដាបានកើនឡើងនៅក្នុងខែមីនាកន្លងមកនេះ បន្ទាប់ពីការកើនឡើងតិចតួចនៅក្នុងខែកុម្ភៈ ដែលកើនឡើងប្រមាណ ២២,០០០កន្លែង និងការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងខែធ្នូ កើនឡើងប្រមាណ ៦៩,០០០កន្លែង និងខែមករា កើនឡើងប្រមាណ ១៥០,០០០កន្លែង។
កំណើនការងារមានភាពរឹងមាំ ជាពិសេសនៅក្នុងវិស័យដឹកជញ្ជូន ហិរញ្ញវត្ថុ និងធានារ៉ាប់រង ប៉ុន្តែបានធ្លាក់ចុះនៅក្នុងវិស័យសំណង់ និងធនធានធម្មជាតិ។ដោយឡែកប្រាក់ឈ្នួលធ្វើការតាមម៉ោងជាមធ្យមសម្រាប់និយោជិតបានកើនឡើងច្រើនជាង ៥ភាគរយ បើធៀបនឹងឆ្នាំមុន ដែលឈានដល់ ៣៣.១២ដុល្លារកាណាដា ឬប្រមាណ ២៤.៥៦ដុល្លារអាមេរិកនៅក្នុងខែមីនា ឆ្នាំ ២០២៣។
បើតាមស្ថិតិរបស់ប្រទេសកាណាដា ភាគច្រើននៃអ្នកគ្មានការងារធ្វើបានចំណាយពេលទំនេរ ១៣សប្តាហ៍ ឬតិចជាងនេះ។ ចំណែកសមាមាត្រនៃអ្នកគ្មានការងារធ្វើក្នុងរយៈពេលវែងវិញ គឺមានរយៈពេល ២៧សប្តាហ៍ ឬច្រើនជាងនេះ មានចំនួន ១៦ភាគរយ ធ្លាក់ចុះពី ២០.៣ភាគរយ បើធៀបនឹងឆ្នាំមុន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា