ព្រឹទ្ធសភានឹងប្រជុំពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា និងឡាវ នៅថ្ងៃទី១០ ខែមេសា
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ការកំណត់ថ្ងៃប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០២ រួមមាន៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
២-គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា កាលទី៤ ដោយមានរបៀបវារៈចំនួន១។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ រដ្ឋសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសំឡេងគាំទ្រ ១០៥លើ១០៥សំឡេង៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា