ជប៉ុន ផ្ដល់ឥណទានសម្បទាន ជាង១៨លានដុល្លារសម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ក្នុងតំបន់ភាគនិរតី នៃរាជធានីភ្នំពេញ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៃ ព្រះ រាជាណាចក្រ កម្ពុជា និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះ ហត្ថលេខា លើ លិខិត ប្ដូរ សារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.៤៨២ លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២» នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
ការផ្តល់ឥណទានខាងលើ នឹងចូលរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ៕ ដោយ សួង ពិសិដ្ឋ