ត្រីមេពូជ និងកូនត្រីជាង ៤ម៉ឺនក្បាល ត្រូវបានលែងក្នុងបឹងព្រែកតាអាំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ដែលនឹងឈានជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ បុត្រា បុត្រី បានអញ្ជើញធ្វើពិធីសូត្រមន្ត ចម្រើនព្រះបរិត និងសមាទានសីល នៅព្រះវិហារព្រះអង្គផ្ទុំ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ មេសា ឆ្នាំ២០២៣ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងក្រុមការងារបានអញ្ជើញអុជធូប បួងសួងសុំឲ្យវត្ថុសក្តិសិទ្ធិ និងទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យបវរមហាប្រសើរដល់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និងសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ និងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សេរីសួរស្តី សុភមង្គលគ្រប់ប្រការ ព្រមទាំងឧទ្ទិសកុសលផលបុណ្យនៅពេលនេះ ជូនចំពោះវិញ្ញាណខ័ន្តបុព្វការីជន ញាត្តិការទាំង៧សណ្តាន ព្រមទាំងបុព្វបុរសខ្មែរ វីរៈយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ និងភាពសុខសាន្តជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងក្រុមការងារ បានអញ្ជើញលែងត្រីមេពូជ និងកូនត្រីចំនួនជាង ៤ម៉ឺនក្បាល ក្នុងនោះ ត្រីប្រា ជាង ២ម៉ឺនកូន ត្រីឆ្ពិន ជាង ២ម៉ឺនកូន ត្រីព្រលូងដែលជាត្រីមេពូជចំនួន ៦ក្បាល ត្រីគល់រាំងជាត្រីមេពូជ ចំនួន ៦ក្បាល ចូលទៅក្នុងបឹងព្រែកតាអាំ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានប្រសាសន៍ថា៖ បម្រែបម្រួលអាកាសធាតុបានប៉ះពាល់យ៉ាងខ្លាំងដល់ផលស្តុកធនធានជលផល រួមទាំងស្ថានភាពប្រែប្រួលធារទឹកដែលធ្វើឲ្យបរិមាណធារទឹកមិនអាចផ្តល់ឱកាសនៃការរីកលូតលាស់ធំធាត់ដល់ត្រី ទៅតាមលក្ខខណ្ឌធម្មជាតិរបស់វា ជាពិសេសនៅតាមបឹង ទន្លេ ស្ទឹង ។ល។ ដែលកន្លែងទាំងអស់នោះជាកន្លែងស្តុក និងលំហូរចែកចាយត្រីធម្មជាតិ និងជាជម្រកត្រីពងកូន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ត្រីគឺជាប្រភពអាហារដ៏សំខាន់ របស់ប្រជាពលរដ្ឋយើង ដោយបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងផ្គត់ផ្គង់ជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប។ ដូច្នេះ ការលែងត្រីមេពូជ និងកូនត្រីនាថ្ងៃនេះ គឺមានសារសំខាន់ណាស់ដល់ការអភិរក្សមេពូជត្រី និងបង្កើនបច្ឆាជាតិឲ្យសំបូរឡើងវិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា និងអភិរក្សពូជបច្ឆាជាតិ ឲ្យបានគង់វង់ ដោយមិនត្រូវនេសាទត្រីនៅរដូវត្រីពងកូន និងមិនត្រូវប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ ដើម្បីនិរន្តរភាពមច្ឆាជាតិ និងប្រព័ន្ធអេកូឡូស៊ី ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី