ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ អាជីពជាគ្រូបង្រៀន គឺជាអាជីពដែលទទួលបាននូវការគោរព

នំពេញ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាជីពជាគ្រូបង្រៀន គឺជាអាជីពដែលទទួលបាននូវការគោរព ពីព្រោះគ្រូបង្រៀនមិនមែនត្រឹមតែជាអ្នកបង្រៀនចំណេះវិជ្ជានីមួយៗនៅសាលាប៉ុណ្ណោះទេ ប៉ុន្តែគ្រូបង្រៀនក៏ត្រូវបំពេញតួនាទីជាច្រើនទៀត ក្នុងនាមជាឪពុកម្តាយទីពីរ, ជាអ្នកអប់រំសីលធម៌ សតិអារម្មណ៍ និងជាមគ្គុទេ្ទសក៍បង្ហាញផ្លូវជីវិតដល់សិស្សានុសិស្ស គ្រប់រូបផងដែរ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល មានប្រសាសន៍បែបនេះ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ។

ឯកឧត្តម បណ្ឌិត ក៏បានសម្តែងនីវការគោរពដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្ត និងការតស៊ូអត់ធ្មត់គ្រប់យ៉ាងរបស់លោកគ្រូ-អ្នកគ្រូ ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ការកសាងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ។ ដោយសារតួនាទីពិសេសទាំងអស់នេះ, រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងបានសន្មតថា គ្រូបង្រៀនគឺជាអ្នកបម្រើសេវាសាធារណៈជួរមុខដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បំផុត តាមរយៈការពង្រឹងជីវភាព, សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ ។

ឯកឧត្តម បណ្ឌិត បន្តថា រាជរដ្ឋាភិបាលបាននិងកំពុងពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារៀនបន្ថែម និងការសម្រួលហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម។ រាជរដ្ឋាភិបាល ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ ព្រមទាំងការកែទម្រង់ជាច្រើន ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដូចជា៖ ផែនការយុទ្ធសាស្រ្តវិស័យអបរំឆ្នាំ២០១៩-២០២៣, ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០ និងជាពិសេស ការកែទម្រង់ការប្រឡងក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ហើយបំពេញនូវចន្លោះខ្វះខាតនានា ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជា បន្ថែមការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ជាពិសេសការផ្តោតសំខាន់ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ, វប្បធម៌ និងគណិតវិទ្យា (STEAM) ព្រមទាំងការពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំចំណេះដឹងទូទៅ តាមរយៈការពង្រឹងសមត្ថភាព, គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ ព្រមទាំងនាយក និងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ ទន្ទឹមនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្ត ដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យផងដែរ ៕ ប្រភព ៖ ក្រុមយុវជនគណបក្សថា្នក់កណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner