ឯកឧត្តម សាយ សំអាល់ ៖ ចំណុចជាយុទ្ធសាស្រ្តរបស់កម្ពុជា គឺរក្សាឲ្យបាន «សុខសន្តិភាព»

ខេត្តស្ទឹងត្រែង ៖ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន ពលទាហាន ចំនួន ៤៨០នាក់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតឈានមកដល់នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងនូវចំណុចគន្លឹះថា ចំណុចជាយុទ្ធសាស្រ្តរបស់កម្ពុជា គឺរក្សាឲ្យបាន «សុខសន្តិភាព»។ នៅកម្ពុជា ក៏ដូចជានៅក្នុងសកលលោកទាំងមូល មានសន្តិភាព ទើបមានអ្វីផ្សេងៗទៀតបាន នោះគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសប្រជាពលរដ្ឋទទួលសិទ្ធិជាមូលដ្ឋានរបស់ខ្លួន គឺសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។

ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្ដាំផ្ញើរ សាកសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមនឹង ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់បងប្អូននាយទាហាន ពលទាហានទាំងអស់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្នុងនាមជានាយទាហាន ពលទាហាន ត្រូវមានភាពច្បាស់លាស់អំពីដំណើរកម្ពុជា និងត្រូវស្វែងយល់ និងតាមដានឲ្យជាប់នូវសភាពការនិងនិន្នាការភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចសកល ដែលវិវឌ្ឍឥតឈប់ឈរ ។

ក្នុងឱកាសនោះ ប្រតិភូក្រសួងបរិស្ថាន បាននាំយកអំណោយសម្ព័ន្ធមេត្រីភាព ជូនទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលរួមមាន រថយន្ត Ford Transit ចំនួន ១គ្រឿង ម៉ូតូ Suzuki Smash V ចំនួន ៥គ្រឿង និងគ្រឿងឧបភោគបរិភោគ ផងដែរ។

គួរបញ្ជាក់ថា អញ្ជើញចូលរួមជាគណៈធិបតីនាឱកាសនោះ រួមមាន ឯកឧត្តម ស្វាយ សំ អ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឧត្តមសេនីឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការទីបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមនឹងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner