រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសង្ក្រាន្តជាមួយបងប្អូនពលករខ្មែរ នៅប្រទេសថៃ
ភ្នំពេញ ៖ ក្នុងពិធីសង្ក្រាន្តដ៏សប្បាយរីករាយ ប្រារព្វធ្វើឡើងនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការផ្តល់ភាពស្របច្បាប់ ជូនពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចូលរួមសង្រ្កាន្តជាមួយពលករ សិស្សនិស្សិត អាជីវករ និងពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ រៀនសូត្រ និងប្រកបរបរអាជីវកម្មនៅក្នុងប្រទេសថៃ ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង គូសបញ្ជាក់ថា សង្រ្កាន្តចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិ ដ៏ធំរបស់ខ្មែរ កាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូបតាំងពីបុរាណកាលមក។ ឆ្នាំនេះបងប្អូនខ្មែរយើងនៅថៃមួយចំនួន បានទៅលេងស្រុកកំណើតចូលឆ្នាំ តែភាគច្រើន មិនបានទៅលេងស្រុកទេ ដោយរវល់ការងារ តែយើងបានរៀបចំចូលឆ្នាំខ្មែរ តាមប្រពៃណីនៅទីនេះបានដែរ ហើយអាចទំនាក់ទំនង សួរសុខទុក្ខ ជូនពរចូលឆ្នាំថ្មី ដល់អ្នកមានគុណនៅឯស្រុកកំណើតរបស់យើងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ចំពោះឯកឧត្ដមអគ្គរាជទូត និងសហការី ដែលបានខិតខំបំពេញភារកិច្ច ការទូតតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជិតខាងល្អ កម្ពុជា-ថៃ ទាំងផ្នែក សេដ្ឋកិច្ច អប់រំ វិស័យការងារ ព្រមទាំងបានផ្ដល់ឱកាសសិក្សាដល់និស្សិត និងផ្ដល់ឱកាសការងារដល់ពលករកម្ពុជារបស់យើងផងដែរ ។
ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ថៃ ជាកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដោយក្នុងនោះ បងប្អូន ពលករខ្មែរ អាចរកការងារ មានប្រាក់ចំណូល ចេះជំនាញការងារដែលកំពុងធ្វើ ពេលត្រឡប់ទៅស្រុកកំណើតវិញ អាចយកជំនាញទាំងនេះទៅចិញ្ចឹមក្រុមគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ រីឯខាងភាគីប្រទេសទទួល គេបានកម្លាំងពលកម្ម ដើម្បីបំពេញការផលិតរបស់គេដែរ ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានកោតសសើរបងប្អូនពលករខ្មែរយើង ដែលមានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកកម្រៃចិញ្ចើមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ ។ ឯកឧត្តមលើកឡើងថា៖ «បងប្អូនពលករយើងនៅថៃមាន១លាន ២សែននាក់ ម្នាក់ៗមួយខែផ្ញើទៅផ្ទះ១៦៧ដុល្លារអាម៉េរិក មួយឆ្នាំ បានប្រមាណ២ពាន់លានដុល្លារ» ។
ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំបងប្អូនពលករ សូមថែរក្សាសុខភាព សាមគ្គីភាព ចូលរួមគោរពច្បាប់របស់ប្រទេសគេឱ្យបានល្អ ជៀសវាងប្រព្រឹត្តិខុសនាំទោសដល់ខ្លួន។ អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ពលករយើងមានសិទ្ធិបោះឆ្នោតដូចគ្នា គឺត្រូវបោះឆ្នោតនៅតាមមូលដ្ឋានដែលបងប្អូនចុះឈ្មោះ ដោយឯកឧត្តម បានអំពាវនាវដល់ពលករយើង ក៏ដូចជាក្រុមគ្រួសារបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត ៕ ដោយ ៖ ម៉ាដេប៉ូ