អារ៉ាប៊ីសាអូឌីតជំរុញការបញ្ចប់សង្គ្រាមនៅយេម៉ែន បន្ទាប់ពីស្ដារទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់
រីយ៉ាដ៖ ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងធ្វើការជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមចលនាប្រយុទ្ធដែលគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់នៅប្រទេសយេម៉ែន ខណៈដែលសង្គ្រាមនៅក្នុងប្រទេសយេម៉ែននេះកំពុងបង្កការភ័យខ្លាចដល់ទីផ្សារប្រេង និងបានបំផ្លិចបំផ្លាញប្រទេសក្រីក្របំផុតនៅលើឧបទ្វីបអារ៉ាប់មួយនេះឱ្យខ្ទេចខ្ទីគ្មានសល់។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីតបានជួបពិភាក្សាពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយសមាជិកក្រុមប្រឹក្សាប្រធានាធិបតីនៃប្រទេសយេម៉ែននៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍អំពីបញ្ហានេះ។
ជំនួបនេះកើតឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងប្រទេសអារ៉ាប៊ីសាអូឌីត និងចលនាប្រយុទ្ធហ៊ូទី (Houthi) ដែលជាចលនាគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់។ ឥឡូវនេះ ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត និងអូម៉ង់ កំពុងស្ថិតនៅក្នុងរដ្ឋធានីសាណា (Sana’a) ប្រទេសយេម៉ែន ដើម្បីរៀបចំកិច្ចព្រមព្រៀងនេះឡើង។
មួយរយៈចុងក្រោយនេះ អារ៉ាប៊ីសាអូឌីតបានខិតខំយ៉ាងខ្លាំងក្នុងការបញ្ចប់ជម្លោះនៅយេម៉ែនដែលអូសបន្លាយអស់រយៈពេល ៩ ឆ្នាំមកនេះ។ កន្លងមក ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុមចលនាប្រយុទ្ធហ៊ូទី និងការបាញ់គ្រាប់មីស៊ីលជាច្រើនទៅលើប្រទេសអារ៉ាប៊ីសាអូឌីត បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានកំទេចរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ២០១៩ ទៀតផង។
ប៉ុន្តែ អារ៉ាប៊ីសាអូឌីតតែងតែព្យាយាមបញ្ចប់ជម្លោះមួយនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។ ជាក់ស្ដែង បទឈប់បាញ់ក៏ធ្លាប់ត្រូវបានបង្កើតឡើងម្ដងមកហើយដែរ ប៉ុន្តែបានផុតកំណត់កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ។ ហើយផែនការរៀបចំកិច្ចព្រមព្រៀងសន្តិភាពថ្មីនេះ អាចនឹងត្រូវបានប្រកាសនៅពីរសប្តាហ៍ខាងមុខនេះ ពោលគឺមុនពេលដែលថ្ងៃពិសេសរបស់ជនជាតិមូស្លីមដែលគេហៅថា បុណ្យរ៉ាម៉ាដាន កន្លងផុតទៅ។ នេះបើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះមួយ។
ប្រភពខាងលើបានបន្ថែមឱ្យដឹងថា តាមរយៈផែនការនៃការរៀបចំកិច្ចព្រមព្រៀងសន្តិភាពថ្មីនេះ គឺជាការបន្តបទឈប់បាញ់សារជាថ្មី ពោលគឺធ្វើឱ្យមានសុពលភាពរយៈពេល ៦ ខែបន្ថែមទៀត។ ក្រោយកិច្ចព្រមព្រៀងនេះត្រូវបានដាក់ចេញសារជាថ្មី នោះផ្លូវសំខាន់ៗនឹងត្រូវបានបើកឡើងវិញ ហើយការរឹតបន្តឹងលើជើងហោះហើរ និងកំពង់ផែទាំងអស់នឹងត្រូវបានលុបចេញវិញ។
ភាគីយេម៉ែនវិញ ក៏នឹងយល់ព្រមចូលតុចរចាក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ ដើម្បីពិភាក្សាពីការរំសាយគ្រឿងសព្វាវុធ បង្កើតគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាប្រធានាធិបតីថ្មី ក៏ដូចជាការបង្រួបបង្រួមធនាគារកណ្តាលឡើងវិញ។ ផែនការទាំងអស់នេះ ទំនងជានឹងត្រូវប្រើរយៈពេល ២ ឆ្នាំ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត និងយេម៉ែនបានបដិសេធផ្ដល់ការធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ។
គួររំឭកដែរថា កិច្ចខិតខំផ្សះផ្សារជាមួយក្រុមចលនាប្រយុទ្ធហ៊ូទីនេះ កើតឡើងបន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាក្នុងការស្ដារទំនាក់ទំនងការទូតឡើងវិញនៅក្នុងកិច្ចចរចាមួយកាលពីខែមុន ដែលមានការសម្របសម្រួលដោយប្រទេសចិន។ យោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីតលោក Khalid bin Salman បានជួបជាមួយប្រធានាធិបតីយេម៉ែន លោក Rashad Al-Alimi នៅទីក្រុងរីយ៉ាដ កាលពីសប្តាហ៍មុន៕
ដោយ៖ធា សុណា
ប្រភពព័ត៌មាន៖ Saudi Arabia Pushes For End to Yemen War After Iran Detente