ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ប្រគល់ថវិកា ៧០ម៉ឺនដុល្លារ ក្នុងទិវា ៨ឧសភា ២០២៣ ដើម្បីបន្តគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច បានប្រគល់ថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១១ មេសា ដើម្បីអបអរសាទរក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ។

ក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៨ រៀងមក ដែលរហូតមកដល់ឆ្នាំ២០២៣នេះ សរុបថវិកាប្រមាណជាង ៤លានដុល្លារអាមេរិក ។

លោកជំទាវ អ៊ុក ម៉ាលី ក៏បានកោតសរសើរចំពោះទឹកចិត្ដសប្បុរស និងជីវិតតស៊ូរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាពិសេស ការធ្វើជំនួញប្រកបដោយគុណធម៌ និងបានជូនពរដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ក៏ដូចជាថ្នាក់ដឹកនាំ បុគ្គលិកនៃក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រាទាំងអស់ សូមមានសុខភាពល្អ មានការគាំទ្រពីអតិថិជនកាន់តែច្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលអនុញ្ញាតឱ្យក្រុមហ៊ុន បានចូលរួមសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា បានបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទើបបានផ្តល់ឱកាសឱ្យក្រុមហ៊ុន មានការរីកចម្រើន ហើយយើងគ្រប់គ្នា មានឱកាសចូលរួមនៅក្នុងសង្គមជាតិប្រកបដោយបរិយាបន្ន។

សូមជម្រាបថា ក្នុងឱកាសនេះដែរ កាកបាទក្រហមកម្ពុជា ក៏ទទួលថវិកាពីសប្បុរសជនមួយចំនួនទៀត រួមមាន៖ ក្រុមហ៊ុន កម្ពុជាតេលា ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក និងសប្បុរសជនចំនួន ១៤នាក់ទៀត តាមរយៈអ្នកឧកញ៉ា លាង ឃុន នៃក្រុមហ៊ុន ជីប ម៉ុង សរុបថវិកាចំនួន ២៤៧,០០០ដុល្លារអាមេរិក ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner