រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»។
ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្តថា ក្នុងគោលបំណងឆ្លើយតបទៅនឹងការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញកន្លងមកផងនោះ សន្និបាតអប់រំនៅឆ្នាំនេះ បានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន១១ រួមមាន៖ ទី១) ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣, ទី២) ការគាំពារ និងការអភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព, ទី៣) វិធានការស្តារការខាតបង់ការសិក្សាក្រោយការរីករាលដាលជំងឺកូវីដ១៩, ទី៤) ការអប់រំបរិស្ថានបៃតង, ទី៥) កំណែទម្រង់សាលារៀន, ទី៦) កំណែទម្រង់សាលាគរុកោសល្យ, ទី៧) ការគ្រប់គ្រងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន, ទី៨) ការផ្សារភ្ជាប់មធ្យមសិក្សានឹងឧត្តមសិក្សា, ទី៩) អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត, ទី១០)បំណិនសតវត្សរ៍ទី២១សម្រាប់យុវជន, និងទី១១) ការលើកកម្ពស់សុខភាពសិក្សា។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា គោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះ ក៏ដើម្បីបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ជាពិសេសការអនុវត្តកំណែទម្រង់សាលារៀន និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងដាក់ចេញនូវរបៀបវារៈបន្តកំណែទម្រង់វិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងដំណាក់កាលថ្មីខាងមុខ ព្រមទាំងត្រៀមអនុវត្តប្រព័ន្ធថវិកាផ្តោតលើសមិទ្ធកម្ម ជាពិសេស ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធអប់រំទាំងមូល។
រយៈពេល១០ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្រសួងនិងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗ គួរឱ្យគត់សម្គាល់ដូចជា៖ ការបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះឱ្យកូនចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាពចូលរៀន និងរៀនបន្ត, ការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា, ការដោះស្រាយការខាតបង់ការសិក្សាក្នុងបរិបទកូវីដ១៩, និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតមកពីគ្រួសារក្រីក្រ។ ក្រសួងបានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងការលើកទឹកចិត្ត ព្រមទាំងបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់ ៕ ដោយ វណ្ណលុក