យោធា​មីយ៉ាន់ម៉ាដែលវាយប្រហារតាមអាកាស​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៥០នាក់​ នាំឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង

ណៃពិដោ៖ ក្រុម​យោធា​មីយ៉ាន់ម៉ា​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាសលើ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​​​ ដោយ​សម្លាប់​មនុស្ស​រួម​មាន​ទាំង​ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់​ ៥០ នាក់​ នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​ ដែល​បង្ក​ការ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ពី​សហគមន៍​អន្តរជាតិ​។ ​​

បណ្ដាញ​ទូរទស្សន៍​ BBC មីយ៉ាន់ម៉ា​ វិទ្យុអាស៊ីសេរី​ និង​សារព័ត៌មាន​ The Irrawaddy បាន​រាយការណ៍​ដោយ​ស្រង់​សម្ដី​របស់​ប្រជាជន​រស់​កន្លែង​ដែល​រង​ការ​វាយ​ប្រហារ​នៅ​តំបន់​​ Sagaing ​ថា​ មនុស្ស​ចន្លោះ​ពី​ ៥០-១០០ នាក់​ ត្រូវ​បាន​សម្លាប់​។ ​

​ចំណែក​​​ទីភ្នាក់ងារ​សារព័ត៌មាន​ AP វិញ​ បាន​រាយការណ៍​ដោយ​ស្រង់​សម្ដី​សាក្សី​រស់​នៅ​កន្លែង​កើត​ហេតុ​ដែល​និយាយ​​ដោយសុំ​​មិន​បញ្ចេញ​ឈ្មោះ​​ថា​ ​យន្តហោះ​​ចម្បាំង​​មួយ​​គ្រឿង​​បាន​​ទម្លាក់​​គ្រាប់​​បែក​​​ទៅ​​លើ​​ហ្វូង​​មនុស្សប្រហែល​ ១៥០ នាក់​ ​​ដែល​​កំពុង​​ជួប​​ជុំ​​គ្នា​​​ក្នុង​ពិធី​បើក​​ការិយាល័យ​ធ្វើ​ការ​ប្រចាំ​​​តំបន់​​របស់​​ក្រុម​​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​។ ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក​ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ទៀត​ បាន​ហោះ​មក​​ ហើយ​​ធ្វើ​ការ​បាញ់​ប្រហារ​បន្ថែមទៅ​លើ​​កន្លែង​​​កើត​ហេតុ​។

បើ​តាម​ AP ​​របាយការណ៍​ដំបូង​បង្ហាញ​ថា​មាន​អ្នក​ស្លាប់​ ៥០ នាក់​ ប៉ុន្តែ​ក្រោយ​មក​ចំនួន​នេះ​កើន​ឡើង​ដល់​ប្រហែល​ ១០០ នាក់​ ​ខណៈ​​សាក្សី​ដដែលបាន​ប្រាប់​ ​ AP ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​ អាច​មាន​ស្រ្តី​ និង​ក្មេង​ពី​ ២០-៣០​ នាក់​។

​យប់​ថ្ងៃ​អង្គារយោធា​មីយ៉ាន់ម៉ា​ បាន​បញ្ជាក់​​អំពី​ការ​វាយ​ប្រហារ​ដោយ​អាកាស​នេះ​ ដោយ​អ្នក​នាំ​ពាក្យ​របប​យោធា​លោក​ ​​Zaw Min Tun ​បាន​ឱ្យ​ដឹង​​ថា​ ​​កង​កម្លាំង​ការពារ​ប្រជាជន​ (PDF) ដែល​ជា​កង​កម្លាំង​តស៊ូ​ប្រឆាំង​រដ្ឋាភិបាល​យោធា​) បាន​​ប្រារព្ធ​ពិធី​​ជួប​ជុំ​​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​​ម៉ោង​ប្រហែល​៨ ក្នុង​ភូមិ​​​​ Pazi Gyi ​នៃ​​​ក្រុង​ Kanbalu Township ក្នុង​តំបន់​ Sagaing ។ លោក​បន្ត​ថា​៖ «​យើង​បាន​វាយ​ប្រហារ​​នៅ​កន្លែង​នោះ​»​។

​តួលេខ​​ជាក់​លាក់​ជា​ផ្លូវ​ការ​នៃ​ចំនួន​អ្នក​ស្លាប់​មិន​​ទាន់​បង្ហាញ​ លោក​ ​​Zaw Min Tun បាន​​អះ​អាង​ថា​ អ្នក​​ស្លាប់​មួយ​ចំនួន​ជា​អ្នក​ស្លៀក​ពាក់​ឯក​សណ្ឋាន​នៃ​កង​​​កម្លាំង​តស៊ូ​ ដែល​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​​​រដ្ឋាភិបាល​​យោធា​ ខណៈ​ដែល​អាច​​មាន​អ្នក​ស្លាប់​ផ្សេង​ទៀត​ «ស្លៀក​ពាក់​ស៊ីវិល​»។  ​

អ្នក​នាំ​ពាក្យ​ដដែល​​បាន​បន្ត​ថា​៖ «​​យោង​តាម​ព័ត៌មាន​មូលដ្ឋាន​ដែល​យើង​ទទួល​បាន​ មនុស្ស​ស្លាប់​មិន​មែន​តែ​ដោយ​សារ​​​តែ​ការ​វាយ​ប្រហារ​របស់​យើង​នោះ​ទេ​។ ក្រុម​  PDF បាន​បង្កប់​មីន​ក្បែរ​តំបន់​នោះ​» ហើយ​ការ​វាយ​ប្រហារ​តាម​អាកាស​ក៏វាយ​​ត្រូវ​គោល​ដៅ​កន្លែង​ទុកគ្រាប់​រំសេវ​ និង​​​មីន​ផង​ដែរ​។ ​

គួរ​បញ្ជាក់​ថា​ មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ចលាចល​ និង​សង្រ្គាម​ស៊ីវិល​បន្ទាប់​ពី​រដ្ឋាប្រហារ​យោធា​ឆ្នាំ​ ២០២១។ ក្រោយ​ព្រឹត្តិការណ៍​នេះ​ ​ក្រុម​កង​កម្លាំង​​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល រួម​មាន​ទាំង PDF បាន​លេច​ចេញ​ឡើង​ ប៉ុន្តែ​​ ​​​រង​ការ​បង្រ្កាប​យ៉ាង​បង្ហូរ​ឈាម​ពី​ក្រុម​យោធា​ដឹក​នាំ​ប្រទេស​។ ​​ ​

ជុំ​វិញ​ការ​វាយ​ប្រហារ​តាម​អាកាស​ចុង​ក្រោយ​នេះ​ ​​អង្គការ​សហប្រជាជាតិ​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត​ ដូច​ជា​អាល្លឺម៉ង់​ បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ​ហើយ​បាន​សន្យា​ថា​នឹង​ធ្វើ​ការ​​ដើម្បី​ឱ្យ​ក្រុម​យោធា​ទទួល​ខុស​ត្រូវ​។ ​

​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ លោក​​ Volker Turk ​បាន​និយាយ​ថា​ លោក​មាន​ការ​រន្ធត់​ចិត្ត​ជា​ខ្លាំង​ចំពោះ​ហេតុការណ៍​នេះ​ ហើយ​បន្ត​ចោទ​ប្រកាន់​យោធា​មីយ៉ាន់ម៉ា​​ថា​ មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ «​កាតព្វកិច្ច​ផ្លូវ​ច្បាប់​» ​ ​ដើម្បី​ការពារ​ជន​ស៊ីវិល​។

​​ឯ​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ អង់តូនីញូវ​ ហ្គូតទែររ៉េស​ វិញ​ បាន​ ​«​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា​ ​(ហើយ​) ​អំពាវ​នាវ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​។ នេះ​បើ​​តាម​សេច​ក្តី​ថ្លែងការណ៍​ដែល​ចេញ​ពី​​អ្នក​នាំ​ពាក្យ​របស់​លោក​ គឺ​លោក​ Stephane ​Dujarric ​។​​

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​អាមេរិក​ លោក​ ​Vedant Patel ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​​៖ «​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​ទាំង​នេះ​ បញ្ជាក់​បន្ថែម​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​​របប​យោធា​ចំពោះ​​ជីវិត​មនុស្ស​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​វិបត្តិ​នយោបាយ​ និង​មនុស្ស​ធម៌​ដ៏​​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ក្រោយ​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​ឆ្នាំ​ ២០២១​»។ ​

លោក​បន្ត​ថា​៖ «​សហរដ្ឋ​អាមេរិក​អំពាវ​នាវ​​ឱ្យ​របប​​យោធាភូមា​(មីយ៉ាន់ម៉ា​)​បញ្ឈប់​អំពើ​ហិ​ង្សា​ដ៏​គួរ​ឱ្យ​រន្ធត់​​ ​បើក​ផ្លូវ​ឱ្យ​ប្រតិបត្តិការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​ការ​រារាំង​ ​និង​គោរព​នូវ​សេចក្តី​ប្រាថ្នា​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​»​។

គួរ​បញ្ជាក់​ថា​ ការ​ថ្លែង​ថ្កោស​ទោស​បែប​នេះ​ ​តែង​កើត​មាន​ឡើង​ក្រោយ​​ការ​វាយ​ប្រហារ​សម្លាប់​ជន​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា​​។ យ៉ាង​ណា​មិញ​ យោធា​មីយ៉ាន់ម៉ា​ ម្ដង​ហើយ​ម្ដង​ទៀត​ តែង​​ច្រាន​ចោល​ការ​​​ចោទ​ប្រកាន់របស់​​អន្តរជាតិ​ថា​ ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅលើ​ជន​ស៊ីវិល​ ហើយ​និយាយ​ថា​ ខ្លួន​កំពុង​ប្រយុទ្ធ​ជាមួយ​ «​ភេរវករ» ​ដែល​ប្តេជ្ញា​ធ្វើ​ឱ្យ​ប្រទេស​មាន​អស្ថិរភាព​៕ ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ International anger as air strikes kill at least 50 in Myanmar  https://www.channelnewsasia.com/asia/myanmar-coup-air-strikes-sagaing-region-3410336

Airstrikes on Myanmar village feared to have killed 100  https://apnews.com/article/airstrikes-military-myanmar-village-918fd636bb81153928ab7481e06423e5

ads banner