បាតុកម្មក្នុងស្រុក រំខានដល់សុន្ទរកថារបស់លោក ម៉ាក្រុន ស្ដីអំពីអនាគតរបស់សហភាពអឺរ៉ុប
ឡាអេ៖ ក្នុងពិធីថ្លែងសុន្ទរកថានៅប្រទេសហូឡង់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុន (Emmanuel Macron) បានដាក់ចេញនូវចក្ខុវិស័យរបស់លោកអំពីអនាគតរបស់អឺរ៉ុប បន្ទាប់ពីលោកបានដាក់ចេញនូវកំណែទម្រង់សោធននិវត្តន៍ក្នុងស្រុកដែលបានធ្វើឱ្យពលរដ្ឋបារាំងខឹងសម្បាយ៉ាងខ្លាំង។
កំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុងឡាអេ ប្រទេសហូឡង់នោះផងដែរ អ្នកចូលរួមស្ដាប់មួយចំនួនបានស្រែកចោទប្រកាន់លោក ម៉ាក្រុន ខ្លាំងៗថា លោកជាមនុស្សមិនប្រជាធិបតេយ្យ ដោយបានបង្ខំពលរដ្ឋខ្លួនឱ្យទទួលយកគោលនយោបាយបង្កើនអាយុចូលនិវត្តន៍ពី ៦២ ទៅ ៦៤ ឆ្នាំ។
គួរដឹងដែរថា កំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោក ម៉ាក្រុន នេះ បានបង្កឱ្យមានបាតុកម្ម និងកូដកម្មដ៏ធំនៅក្នុងប្រទេសបារាំង។ ជាងនេះទៅទៀត ប្រធានាធិបតីរូបនេះ បានធ្វើឱ្យអ្នករិះគន់កាន់តែខឹងសម្បារលើសដើម នៅពេលដែលលោកបានប្រើអំណាចពិសេសនៃរដ្ឋធម្មនុញ្ញកាលពីខែមុន ក្នុងការរុញសេចក្តីព្រាងច្បាប់នេះតាមរយៈសភាដោយគ្មានឆ្លងកាត់ការបោះឆ្នោត។
កាលពីថ្ងៃអង្គារបាតុករខ្លះទៀតបានលើកផ្ទាំងបដាមួយដោយមានសរសេរថា «លោក ម៉ាក្រុន ជាប្រធាននៃអំពើហិង្សា និងការលាក់ពុត» ទៀតផង។ លោក ម៉ាក្រុន បានឆ្លើយតបដោយនិយាយជាភាសាអង់គ្លេសថា«ខ្ញុំអាចឆ្លើយសំណួររបស់អ្នកទាំងអស់នោះ ប្រសិនបើអ្នកទុកពេលឱ្យខ្ញុំខ្លះ»។ បន្ទាប់មក បាតុករទាំងនោះក៏ត្រូវបានបញ្ជូនចេញពីសាលប្រជុំភ្លាមៗ។
លោក ម៉ាក្រុន បាននិយាយទាំងមិនសប្បាយចិត្តថា «វាសំខាន់ណាស់ក្នុងការដែលត្រូវមានការពិភាក្សាបែបនេះ»។ លោកបានបន្ថែមថា «នៅថ្ងៃដែលអ្នកគិតថារឿងមួយគួរតែទៅបែបនោះ តែនៅពេលដែលខ្ញុំមិនយល់ស្រប ហើយខ្ញុំជាអ្នកសម្រេចចិត្ត នោះអ្នកកំពុងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យស្ថិតក្នុងស្ថានភាពហានិភ័យហើយ»។ លោកក៏បានលើកឡើងពីឧទាហរណ៍នៃក្រុមកុប្បកម្មវាយលុកវិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ និងអគាររដ្ឋាភិបាលកំពូលរបស់ប្រទេសប្រេស៊ីលកាលពីដើមឆ្នាំ២០២៣ នេះ។
នៅព្រឹកព្រលឹមមុននឹងលោក ម៉ាក្រុន ដាក់កម្រងផ្កានៅវិមានជាតិក្នុងទីក្រុងអាមស្ទើដាម (Amsterdam) បាតុករមួយក្រុមតូចដែលតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោក បានលើផ្ទាំងកបដាមួយជាភាសាបារាំងយ៉ាងខ្លី ដែលមានន័យថា «ពួកយើងនឹងមិនត្រូវបានបង្ខំដោយហិង្សាឱ្យទទួលយកកំណែទម្រង់អាយុចូលនិវត្តន៍នោះទេ»។ បាតុករជាច្រើនទៀតក៏បានធ្វើបាតុកម្មដោយសន្តិវិធីនៅខាងក្រៅសាលប្រជុំក្នុងទីក្រុងឡាអេ ដែលជាកន្លែងលោក ម៉ាក្រុន ថ្លែងសុន្ទរកថាផងដែរ។
ដោយឡែក នៅក្នុងសុន្ទរកថារបស់ លោក ម៉ាក្រុន បានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់លោកសម្រាប់អនាគតនៃអធិបតេយ្យភាពរបស់សហភាពអឺរ៉ុប ដោយបានលើកឡើងថា «វាគួរតែផ្អែកលើសសរស្តម្ភទាំងប្រាំ រួមមាន៖ការប្រកួតប្រជែង គោលនយោបាយឧស្សាហកម្ម ការការពារនិយម ការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ»។ លោកបន្ថែមថា «សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបញ្ជាក់ប្រាប់ពីពេលវេលាដ៏គ្រោះថ្នាក់បំផុតរបស់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុបយើងត្រូវបានគេនិយាយថានឹងរីកចម្រើនកាន់តែខ្លាំងតាមរយៈការជួបនឹងវិបត្តិផ្សេងៗ ប៉ុន្តែយើងមិនដែលធ្លាប់ជួបប្រទះការគំរាមកំហែងណាដែលជាឧបសគ្គដ៏ធំបែបនេះទេ»។
លោកបានគូសបញ្ជាក់ថា ទាំងជំងឺរាតត្បាតកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន គឺជាកត្តាបង្កើនល្បឿននៃអធិបតេយ្យភាពរបស់សហភាពអឺរ៉ុបនេះ។ លោកមានប្រសាសន៍ថា «យើងអាចបង្កើតគោលការណ៍សេដ្ឋកិច្ចថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យយើងអាចផ្សះផ្សា បង្កើតការងារ ការផ្តល់ហិរញ្ញប្បទានដល់សង្គម ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការដែលអាចមានអធិបតេយ្យភាពពេញលេញ និងអាចសម្រេចចិត្តដោយខ្លួនឯងបាន។ នេះជារឿងសំខាន់ ពិសេសក្នុងកំឡុងពេលដែលយើងមានសង្គ្រាម ហើយសេដ្ឋកិច្ចរបស់យើងកំពុងត្រូវបានប្រើប្រាស់ជាឧបករណ៍ប្រយុទ្ធ»។
គួរបញ្ជាក់ថា សុន្ទរកថានៅទីក្រុងឡាអេ បានធ្វើឡើងបន្ទាប់ពីលោក ម៉ាក្រុន បានធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងកោះតៃវ៉ាន់អំឡុងពេលដែលលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ។ «តើវាមានផលប្រយោជន៍សម្រាប់យើងទេ ក្នុងការដែលពន្យុះឱ្យវិបត្តិនៅតៃវ៉ាន់កាន់តែធ្ងន់ធ្ងរ? ចម្លើយនោះគឺ ទេ!» នេះជាសម្ដីរបស់លោក ម៉ាក្រុន ដែលត្រូវបានគេដកស្រង់ពីក្នុងបទសម្ភាសមួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យក្នុងកាសែតបារាំងឈ្មោះថា Les Echos និងដោយសារព័ត៌មាន Politico Europe។
បន្ថែមលើនេះ លោកក៏បានរំលេចដែរថា «អ្វីដែលអាក្រក់បំផុតនោះគឺការគិតដែលថាយើងជាជនជាតិអឺរ៉ុបត្រូវតែជាអ្នកដើរតាមបរិបទនិងរបៀបវារៈរបស់សហរដ្ឋអាមេរិក ក៏ដូចជាប្រតិកម្មពីសំណាក់ប្រទេសចិន»។ ការលើកឡើងបែបនេះបានចោទជាសំណួរថា តើទស្សនៈរបស់លោក ម៉ាក្រុន ស្របតាមជំហររបស់សហភាពអឺរ៉ុបដែរឬទេ? និងថាតើអង្គការដែលមានសមាជិក ២៧ ប្រទេសនេះ អាចក្លាយជាមហាអំណាចទីបី ដូចទៅនឹងលោក ម៉ាក្រុន ដែលបានប្ដេជ្ញាថានឹងធ្វើឱ្យបានក្នុងរយៈពេលពីរ ឬបីឆ្នាំនោះដែរឬទេ?។
គួរដឹងដែរថា បទសម្ភាសន៍របស់លោក ម៉ាក្រុន នេះត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ពោលគឺមុនពេលដែលចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើររទស្សនកិច្ចបស់ប្រធានាធិបតីតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
គួររំឭកថា ចិន និងតៃវ៉ាន់បានបែកបាក់គ្នាកាលពីឆ្នាំ១៩៤៩ ក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ទៅ ហើយរដ្ឋាភិបាលក្រុងប៉េកាំងតែងតែបានលើកឡើងថា ចិននឹងប្រើប្រាស់កម្លាំងយោធាបង្ខំឱ្យកោះមួយនេះចូលជាផ្នែកមួយរបស់ចិនដីគោកវិញ ប្រសិនបើកាលៈទេសៈចាំបាច់។
ក្រឡេកទៅមើលលោក ម៉ាក្រុន វិញ លោកបានសង្កត់ធ្ងន់លើគោលគំនិត «ស្វ័យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុប» ដែលលោកខិតខំផ្សព្វផ្សាយអស់ជាច្រើនឆ្នាំមកនេះ។ លោកធ្លាប់បានព្រមានថា អឺរ៉ុបអាចនឹងធ្លាក់ចូលក្នុងអន្ទាក់ដោយមិនដឹងខ្លួន ពោលគឺជាប់ក្នុងវិបត្តិដែលមិនមែនជាបញ្ហារបស់អឺរ៉ុបផងនោះ។ សុន្ទរកថារបស់លោកនៅទីក្រុងឡាអេក៏បានអំពាវនាវផងដែរ ឱ្យអឺរ៉ុបកាន់តែមានគោលជំហរច្បាស់លាស់ដោយខ្លួនឯង ដើម្បីជៀសវាងការពឹងផ្អែកលើដៃគូពាណិជ្ជកម្មផ្សេងទៀត។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ម៉ាក្រុន ទៅកាន់ទីក្រុងអាមស្ទើដាម និងទីក្រុងឡាអេ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំបារាំង ចាប់តាំងពីអតីតប្រធានាធិបតីបារាំង លោក ហ្សាក់កេ ជីរ៉ាក់(Jacques Chirac) ធ្លាប់បានទៅទស្សកិច្ចលោកចុងក្រោយកាលពី ២៣ ឆ្នាំមុន។ ទស្សនកិច្ចនេះផងដែរ បានគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងហូឡង់ និងបារាំង និងមេដឹកនាំរវាងប្រទេសទាំងពីរ៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ AP News
Domestic unrest interrupts Macron’s European future speech
https://apnews.com/article/france-netherlands-macron-rutte-europe-c338d160f99a47830f6d90ce2c21600d