អ.ស.ប.៖ប្រាប់​បុគ្គលិក​អាហ្វហ្កានីស្ថាន​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ ​បន្ទាប់​ពី​តាលីបង់​ហាម​ឃាត់​ស្ត្រីមិនឱ្យចេញទៅធ្វើការ

អ.ស.ប.៖ អង្គការសហប្រជាជាតិ(អ.ស.ប)បានបើកការត្រួតពិនិត្យឡើងវិញលើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយបានស្នើឱ្យបុគ្គលិកអាហ្វហ្កានីស្ថានទាំងអស់ដែលធ្វើការនៅក្នុងការិយាល័យអ.ស.ប មិនឱ្យចេញទៅធ្វើការ និងត្រូវរង់ចាំដល់ខែឧសភាខាងមុខ បន្ទាប់ពីពួកតាលីបង់បានរារាំង និងហាមឃាត់បុគ្គលិកជាស្ត្រីទាំងអស់ មិនឱ្យធ្វើការនៅក្នុងអង្គការអន្តរជាតិនោះទេ។

កាលពីសប្តាហ៍មុន អ.ស.ប បានលើកឡើងថា ក្រុមតាលីបង់ដែលបានឡើងកាន់អំណាចនៅឆ្នាំ២០២១ បានធ្វើការប្រកាសប្រាប់ជាសាធារណៈថា ស្ត្រីអាហ្វហ្កានីស្ថានទាំងអស់នឹងមិនអនុញ្ញាឱ្យចូលធ្វើការនៅក្នុងអង្គការអន្តរជាតិណាមួយនោះទេ។ប៉ុន្តែ រហូតមកដល់ពេលនេះ ក្រុមមន្ត្រី​តាលីបង់​មិនទាន់​បានផ្ដល់សេចក្ដីអត្ថាធិប្បាយជុំវិញបទ​បញ្ជានេះនៅឡើយទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ បេសកកម្មរបស់អ.ស.ប ប្រចាំនៅប្រទេសអាហ្វហ្កានីស្ថានបានប្រាប់ឱ្យដឹងថា «តាមរយៈការហាមប្រាមនេះ អាជ្ញាធរតាលីបង់ បានព្យាយាមបង្ខំអ.ស.ប ឱ្យជ្រើសរើសជម្រើសពីរ រវាងការដែលអាចបន្តស្នាក់ដើម្បីផ្តល់ការគាំទ្រដល់ប្រជាជនអាហ្វហ្កានីស្ថាន ឬ ក៏នៅតែប្រកាន់ជំហរ និងគោលការណ៍របស់យើងដដែល»។

អ.ស.ប ​បានគូសបញ្ជាក់ថា ការ​អនុវត្ត​តាមបទបញ្ជា​របស់អជ្ញាធរតាលីបង់ គឺជាការ​បំពាន​ធម្មនុញ្ញ​របស់​ខ្លួន​។ យ៉ាងណាក៏ដោយ អង្គការអន្តរជាតិមួយនេះបានស្នើបុគ្គលិកចំនួន​ ៣០០០ នាក់ទាំងបុរស និងស្ត្រី ឱ្យស្នាក់នៅផ្ទះរបស់ពួកគេរៀងៗខ្លួនរហូតដល់ថ្ងៃទី ៥ ខែឧសភាខាងមុខ ដោយត្រូវរង់ចាំការពិគ្រោះយោបល់ ការកែតម្រូវចាំបាច់ណាមួយចំពោះប្រតិបត្តិការរបស់ខ្លួន និងការពន្លឿនផែនការសកម្មភាពជាបន្តបន្ទាប់ទៀត។

គួរដឹងដែរថា​ ការរឹតបន្តឹងលើបុគ្គលិកធ្វើការជាស្ត្រីរបស់អ.ស.ប  បានធ្វើឡើងបន្ទាប់ពីមានការហាមប្រាមលើបុគ្គលិកជាស្ត្រីភាគច្រើនដែលធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក កាលពីខែធ្នូ។ ហើយការហាមប្រាមនេះផងដែរ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។

មន្ត្រីអ.ស.ប មួយចំនួនបានលើកឡើងពីការព្រួយបារម្ភរបស់ពួកគេថា ម្ចាស់ជំនួយអាចនឹងដកការគាំទ្រដល់កម្មវិធីជំនួយមនុស្សធម៌នៅប្រទេសអាហ្វហ្កានីស្ថាន ដែលជាកម្មវិធីជំនួយមួយដ៏ធំបំផុតនៅលើពិភពលោក ហើយថាការអនុវត្តសកម្មភាពនៅក្នុងកម្មវិធីមួយចំនួន ត្រូវបា្រស្រ័យទាក់ទងដោយផ្ទាល់ជាមួយស្ត្រីនៅក្នុងប្រទេសអភិរក្សនិយមមួយនេះ ដូច្នេះវាមិនអាចទៅរួចនោះទេ ប្រសិនបើគ្មានបុគ្គលិកជាស្ត្រីធ្វើការនៅក្នុងអង្គការ។

កន្លងមក ពួក​តាលីបង់​បាន​ដាក់​កំហិត​ជា​បន្តបន្ទាប់ទៅ​លើ​សិទ្ធិ​ចូល​ធ្វើ​ការងារ សិទ្ធិទទួលបានការអប់រំ និងសិទ្ធិនៅទី​សាធារណៈ​របស់​ស្ត្រី។ ក្រុមមន្ត្រី​តាលីបង់​បានឱ្យ​ថា ពួកគេ​គោរព​សិទ្ធិ​ស្ត្រី​ ប៉ុន្តែជាសិទ្ធិដែលមានចែង និង​បកស្រាយ​យ៉ាង​តឹងរ៉ឹងខ្លាំងបំផុតនៅក្នុង​ច្បាប់របស់សាសនា​អ៊ីស្លាម៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ The Guardian

UN tells Afghan staff to stay home after Taliban ban on female workers

https://www.theguardian.com/world/2023/apr/11/un-afghan-staff-stay-home-taliban-ban-female-workers

ads banner