ពលរដ្ឋកម្ពុជាសម្រុកវិលត្រឡប់ទៅស្រុកកំណើត ខណៈពិធីបុណ្យសង្រ្កានឆ្នាំថ្មីកាន់តែជិតឈានមកដល់
ភ្នំពេញ៖ ខណៈពេលថ្ងៃសង្រ្កានឆ្នាំថ្មីនឹងឈានមកដល់ ពលរដ្ឋកម្ពុជាដែលភាគច្រើនជាអ្នកចំណាកស្រុកមកធ្វើការតាមរាជធានីភ្នំពេញ ឬ សូម្បីតែតាមបណ្តា ខេត្ត មួយចំនួនបានវិលត្រឡប់និងខ្លះទៀតបានត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យសង្រ្កានឆ្នាំថ្មីដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤-១៦ ខែ មេសា ឆ្នាំ ២០២៣ខាងមុខ។
គួរបញ្ជាក់ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ នាឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ៩រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២៣ វេលាម៉ោង១៦៖០០នាទី។ ពិធីបុណ្យដូនតារបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣។ ក្នុងរយៈពេលនេះដែរប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នានៅតាមគេហដ្ឋាននានា តាមទីវត្តអារាម ដើម្បីអុចធូប ទៀន ថ្វាយគ្រឿងសក្ការៈបូជាដល់ទេវតាឆ្នាំថ្មី និង បួងសួងសុំសេចក្តីសុខចម្រើន ទៅតាមបំណងប្រាថ្នារៀងៗខ្លួន។
តាមរយៈទំនៀមទំលាប់ប្រពៃណីនេះហើយ ពលរដ្ឋកម្ពុជា ដែលបានធ្វើកចំណាកស្រុកឆ្ងាយៗតែងនាំគ្នាត្រៀមខ្លួនជាស្រេចពីទីកន្លែងដែលខ្លួនបំពេញការងារ ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើត ជួបជុំញាតិបងប្អូនសប្បាយរីករាយក៏ដូចជាដើម្បីធ្វើបុណ្យ បង្សុកូល រាប់បាត ឧទ្ទិសកុសលជូនដល់ញាតិមិត្ត និងបុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
កំពុងជិះរថយន្តឈ្នួលដើម្បី វិលត្រឡប់ទៅស្រុកកំណើតវិញ អ្នកស្រី វី រ៉ែន ជាកម្មកររោងចក្រមួយរូបដែលមកធ្វើការនៅរាជធានីភ្នំពេញបានឱ្យដឹងថា៖ជារៀងរាល់ឆ្នាំពេលពិធីបុណ្យធំៗអ្នកស្រីតែងវិលត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំកូនចៅ។ឆ្នាំនេះដូចសព្វមួយដងគឺអ្នកស្រីបានឈប់សម្រាក១សប្តាហ៍ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីនៅស្រុកកំណើតក្នុងខេត្តស្វាយរៀង។
ដោយឡែកអ្នកស្រី ទូច សៀង ដែលជាអ្នករស់នៅខេត្តព្រៃវែងមកធ្វើការនៅរាជធានីភ្នំពេញបានឱ្យដឹងដែរថា ក្នុងពិធីបុណ្យចូលឆ្នាំនេះអ្នកស្រីបានឈប់សម្រាកចំនួន៥ថ្ងៃ ហេតុនេះអ្នកស្រីបានទៅជួបជុំញាតិបងប្អូនដែលជាប្រការមួយសំខាន់មិនអាចខ្វះបានក្នុងថ្ងៃបុណ្យសំខាន់ៗរបស់ប្រពៃណីខ្មែរ។
លោក ហាក់ កែវ អ្នករត់តាក់ស៊ី ខេត្ត ស្វាយរៀង-រាជធានីភ្នំពេញមួយរូបបានប្រាប់ឱ្យដឹងថា៖ចាប់ពីថ្ងៃទី ១១ ខែ មេសា រហូតមកដល់ថ្ងៃទី១៣ខែមេសាពលរដ្ឋចាប់ផ្តើមវិលត្រឡប់ទៅស្រុកកំណើតវិញច្រើនបំផុតព្រោះថា ជាថ្ងៃឈប់សម្រាកទាំងមន្រ្តីរាជការនិងវិស័យឯកជន។
អ្នករត់តាកស៊ីវ័យ៥០ឆ្នាំជាងនេះបានប្រាប់ទៀតថា សម្រាប់ថ្ងៃទី១៧ -១៨និង១៩ខែមេសាវិញពលរដ្ឋដែលទៅស្រុកកំណើតនឹងសម្រុកវិលមកធ្វើការនៅរាជធានីភ្នំពេញវិញ ។ក្នុងរយៈពេលនេះដែរគឺធ្វើឱ្យលោកអាចរកប្រាក់ចំណូលច្រើនគួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារ។
គួរបញ្ជាក់ថា ជាធម្មតាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅតាមផ្លូវថ្នល់ ទីប្រជុំជន ផ្សារ ក្រុមហ៊ុន និងមន្ទីរក្រសួង សាលារៀននៅតាមរាជធានីភ្នំពេញ និងតាមទីក្រុងនានាមានសភាពស្ងប់ស្ងាត់បន្ទាប់ពីពលរដ្ឋបានឈប់សម្រាកដើម្បីទទួលសង្រ្កានឆ្នាំថ្មីរបស់ពួកគេ៕
អត្ថបទ៖លោក ម៉ាដប៉ូ
រូបភាព៖លោក ងីម ឆៃហួត