អាមេរិក និងហ្វីលីពីនយល់ព្រមបង្ហើយផែនទីបង្ហាញផ្លូវសម្រាប់ជំនួយការពារជាតិក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ
អាមេរិក៖ សហរដ្ឋអាមេរិក និងហ្វីលីពីន បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីបញ្ចប់ផែនទីបង្ហាញផ្លូវមួយក្នុងប៉ុន្មានខែខាងមុខសម្រាប់ប្រើប្រាស់ក្នុងការផ្តល់ជំនួយផ្នែកការពារជាតិរបស់ក្រុងវ៉ាស៊ីនតោនចំពោះក្រុងម៉ានីលនៅរយៈពេលពី ៥ទៅ១០ ឆ្នាំខាងមុខ។
ការព្រមព្រៀងគ្នានេះ សម្រេចឡើងនៅពេលក្រុមរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំ ២+២ នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ដែលមានការចូលរួមពីក្រុមមន្រ្តីនៃក្រសួងការពារជាតិ និងការបរទេសនៃប្រទេសទាំងពីរ។
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងថា អាមេរិក និងហ្វីលីពីន ដែលមានក្ដីបារម្ភដូចគ្នាចំពោះចិន បានពិភាក្សាអំពីការផ្តល់ឱ្យហ្វីលីពីននូវបរិក្ខាយោធាអាទិភាព ដូចជារ៉ាដា ដ្រូន យន្តហោះដឹកជញ្ជូនយោធា និងប្រព័ន្ធការពារដែនសមុទ្រ និងអាកាស។
សេចក្ដីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំបានលើកលើងថា៖ «ការអនុម័តផែនទីបង្ហាញផ្លូវស្ដីពីការផ្ដល់ជំនួយផ្នែកសន្តិសុខនៅក្នុងប៉ុន្មានខែខាងមុខនេះ នឹងបង្ហាញការវិនិយោគលើការធ្វើទំនើបកម្មវិស័យការពារជាតិរួមគ្នា និងជូនដំណឹងដល់ការផ្តល់បរិក្ខាយោធាអាទិភាពក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ»។
ចំណែកឯរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo បាននិយាយក្នុងសន្និសីទសារព័ត៌មានដូចគ្នាថា ភាគីទាំងពីរបានបង្កើនការប្តេជ្ញាចិត្តរួមទ្វេដង ក្នុងការធ្វើទំនើបកម្មសម្ព័ន្ធភាពហ្វីលីពីន-អាមេរិកដើម្បីទទួលស្គាល់ថា ភាពជាដៃគូរបស់ប្រទេសទាំងពីរនឹងដើរតួនាទីកាន់តែរឹងមាំក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា អ្នកជំនាញនិយាយថា សហរដ្ឋអាមេរិកសម្លឹកឃើញថាហ្វីលីពីនជាទីតាំងដ៏មានសក្តានុពលសម្រាប់ដាក់ប្រព័ន្ធរ៉ុក្កែត មីស៊ីល និងកាំភ្លើងធំរបស់ខ្លួន ដើម្បីទប់ទល់នឹងការឈ្លានពានដែលអាចកើតមានរបស់ចិនទៅលើកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងចាត់ទុកថាជារបស់ខ្លួន។
ជុំវិញបញ្ហានេះ លោក Austin បាននិយាយថា វា «លឿនពេក» ក្នុងការពិភាក្សាអំពីសព្វាវុធ ដែលអាមេរិកចង់ដាក់ពង្រាយនៅមូលដ្ឋានយោធារបស់ហ្វីលីពីន ក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ (EDCA) ដែលអនុញ្ញាតឱ្យអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពនៅហ្វីលីពីនសម្រាប់ការហ្វឹកហ្វឺនរួមគ្នា និងសកម្មភាពយោធាផ្សេងៗទៀត។
ចំណែកឯលោក Manalo វិញ បានលើកឡើងថា មូលដ្ឋានយោធា EDCA មានគោលបំណងជាចម្បងក្នុងការធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការយោធា រួមទាំងសម្រួលដល់ការឆ្លើយតបនៅពេលមានគ្រោះមហន្តរាយមនុស្សធម៌ និងបញ្ហាប្រឈមផ្នែកសន្តិសុខផ្សេងៗ៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ US, Philippines agree to complete road map for security assistance for next 5-10 years https://www.reuters.com/world/us-philippines-agree-complete-security-assistance-road-map-5-10-years-2023-04-11/