គ.ជ.ប តម្រូវឱ្យអ្នកមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសនៅស្ថាប័នដែលខ្លួនបំពេញការងារ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រកាសតម្រូវឱ្យអ្នកមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសនៅស្ថាប័នដែលខ្លួនបំពេញការងារ។នេះបើតាមសេចក្តីជូនដំណឹងរបស់គ.ជ.បចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣។

គ.ជ.ប ប្រកាសជូនដំណឹងនេះទៅដល់ ​មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរ។ គ.ជ.ប បញ្ជាក់ថា ពាក្យសុំច្បាប់ពិសេសនេះត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងតិចប្រាំពីរថ្ងៃមុនថ្ងៃបើកយុទ្ធនាការឃោស​នាបោះឆ្នោត។

 សេចក្តីជូនដំណឹងនេះបន្ថែមថាថា ការ​ដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ  មានរយៈពេល ១៥ ថ្ងៃ នៅ គ.ជ.ប គិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។ ក្នុងករណីមានបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយណាស្ថិតក្នុងស្ថានភាពដូចបានរៀបរាប់ខាងលើ បេក្ខជននោះត្រូវ  ភ្ជាប់ច្បាប់ថតចម្លងលិខិតស្នើសុំអនុញ្ញាតច្បាប់ឈប់ពិសេសពីក្រសួង ស្ថាប័ន ឬអង្គភាព ដោយមានចុះហត្ថលេខារបស់ថ្នាក់លើមួយថ្នាក់យ៉ាងតិច ដែលខ្លួននៅក្រោមឱវាទ ភ្ជាប់មកជាមួយសំណុំពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។

ឯកឧត្តម  សោម សូរីដា អ្នកនាំពាក្យគ.ជ.បថ្លែងថា  ​តាមច្បាប់មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ពុំមានសិទ្ធិ ឈប់ពិសេសសម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ប៉ុន្តែក្នុងករណីដែល បុគ្គលខាងលើនេះ មានបំណងធ្វើជាតំណាងរាស្ត្រ គឺតម្រូវឱ្យពួកគេដាក់ពាក្សស្នើសុំច្បាប់ឈប់ពិសេស ឬ​លាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត ជាស្ថាពរ ។

លោកបន្តថា ការដាក់ពាក្យស្នើសុំឈប់ពិសេស ឬលាចាកសិក្ខាបទ  សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ​ឆ្នាំ ២០១៨ កន្លងមកនេះ  គឺមានបេក្ខជនដែលជាមន្ត្រីរាជការស៊ីវិល ឬមន្ត្រីតុលាការ ឬកងកម្លាំងនគរបាលជាតិ កងកម្លាំងកងយោធពលខេមរភូមិន្ទ  ដាក់ពាក្យស្នើសុំឈប់ពិសេសក្នុងចំនួនច្រើនដែរ ប៉ុន្តែ  លោក មិនមានតួរលេខនៅក្នុងដៃនោះទេ។ដោយការលាចាកពីបុព្វជិតសាសនាមិនមាននោះឡើយ​។

ចំណែកឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ថ្លែងថា សម្រាប់បេក្ខជនឈរឈ្មោះរបស់ គណបក្សប្រជាជនកម្ពុជា បានត្រៀ​មខ្លួនរួចរាល់ និងបាន ១០០ ភាគរយ ក្នុងការដាក់ពាក្យស្នើសុំឈប់ពិសេសនេះ ឱ្យតែដល់ថ្ងៃភ្លាម គណបក្សនឹងយកឯកសារ និងពាក្យស្នើសុំទៅដាក់នៅ គ.ជ.ប មុនគេ ។ ភាគច្រើននៃបេក្ខជនឈរឈ្មោះបស់ គណបក្សប្រជាជនកម្ពុជា គឺជាមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ។​

ឯកឧត្តមថ្លែងថា៖«ពេលណាយើងយកពាក្យនៅ គ.ជ. ប  ពេលហ្នឹងហើយ យើងដាក់ពាក្យស្នើសុំព្យួរការងារ គ្រប់តំណែងទាំងអស់ ទាំងយោធា នគរបាល មន្ត្រីរាជការ មន្ត្រីតុលាការ   មន្ត្រីមុខងារសាធារណទាំងអស់ ឱ្យតែពាក់ព័ន្ធនឹង បេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺសុទ្ធសឹងតែបំពេញបែបបទតាមផ្លូវច្បាប់ទាំងអស់»។

សេចក្តីជូនដំណឹងរបស់គ.ជ.បលើកឡើងថា   បេក្ខជនដែលឈរឈ្មោះបោះឆ្នោត ត្រូវធ្វើកិច្ចសន្យា តាមទម្រង់ដែលផ្តល់ជូនដោយ គ.ជ.ប ដើម្បីធានាថា នឹងប្រគល់លិខិតអនុញ្ញាតច្បាប់ឈប់ពិសេសដែលប្រធានក្រសួង ស្ថាប័ន ឬអង្គភាពសម្រេចជាផ្លូវការមក គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) ឱ្យបានយ៉ាងតិចប្រាំពីរថ្ងៃមុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត កាលបរិច្ឆេទចុងក្រោយ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ជាកំហិត៕

ដោយ៖គីម យុត្ថារ៉ូ

ads banner