ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ កងកម្លាំងបោសសម្អាតមីនរបស់កងទ័ពជើងគោក គឺជាទ្រព្យសម្បត្តិដ៏មានសារៈសំខាន់ និងជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

ខេត្តបាត់ដំបង៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកកងកម្លាំងបោសសម្អាតមីនរបស់កងទ័ពជើងគោក គឺជាទ្រព្យសម្បត្តិដ៏មានសារៈសំខាន់ និងជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីឈានឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។ ការលើកឡើងបែបនេះ ខណៈឯកឧត្តម ទេសរដ្ឋមន្រ្តី បាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៩កងអនុសេនាតូច របស់កងទ័ពជើងគោក ដែលបានប្រព្រឹត្តិទៅនៅសាលាពលទាហានទី៥ (បឹងរាជ ) ស្ថិតក្នុងភូមិបត់ សាលាឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។

ព្រមទាំងមានការចូលរួមពី ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវចក្ខុវិស័យដឹកនាំយ៉ាងច្បាស់លាស់ក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ សម្រាប់កិច្ចគាំពារដល់សុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍន៏នៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ក្នុងការជម្រុញកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ហើយ សម្តេចតេជោ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងបន្តជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់អាជ្ញាធរមីន រួមជាមួយសហគមន៍ម្ចាស់ជំនួយ ប្រតិបត្តិករ ជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ រូមទាំងការប្តេជ្ញាព្យាយាមសម្រេចឲ្យបាននូវទស្សនវិស័យរបស់ សម្តេចតេជោ ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ដោយទទួលបាននូវលទ្ធផលល្អគួរឲ្យកត់សម្គាល់ ទោះបីវគ្គហ្វឹកហ្វឺននេះមានរយពេលខ្លីក៏ដោយ។ ឯកឧត្តម ទេសរដ្ឋមន្រ្តីមានសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះ កងកម្លាំងទាំងអស់នឹងត្រូវចូលទៅដល់ទីតាំងចម្ការមីនផ្ទាល់ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលមានការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីចូលរួមធានាដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម និងក្រុមគ្រួសារ នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាថ្ងៃខាងមុខនេះ ។

យោងតាមរបាយការណ៍របស់កងទ័ពជើងគោក កាលពីឆ្នាំ២០២២ នាយទាហានកងទ័ពជើងគោក ចំនួន ១៦កងអនុសេនាតូច បានទទួលការហ្វឹកហ្វឺន និងដំណើរការបោសសម្អាតមីននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទទួលបានជោគជ័យឆ្លើយតបទៅនឹងផែនការ ពេលវេលា និងសុវត្ថិភាព។ នៅឆ្នាំ២០២៣នេះ កងទ័ពជើងគោក គ្រោងនឹងរៀបចំវគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារសម្រាប់បម្រើឱ្យការងារបោសសម្អាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ ២៩កងអនុសេនាតូច ចំនួន២វគ្គ ក្នុងនោះទទួលការហ្វឹកហ្វឺនជាមួយគ្រូបង្គោលពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាចំនួន១៩កង និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ចំនួន១០កង។ នេះជាវគ្គហ្វឹកហ្វឺនលើកទី១ ក្នុងឆ្នាំ២០២៣ ដែលមានរយៈពេល ៥២ថ្ងៃ ដោយមានសិក្ខាកាមជ្រើសរើសមកពីបណ្តាកងឯកភាពចំនួន ៥០១នាក់ និងមានគ្រូបង្គោលមកពីអង្គភាពស៊ីម៉ាក់ ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner