សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះសមិទ្ធផលនៃអង្គសន្និបាត និងអនុសាសន៍របស់សម្ដេច នឹងក្លាយទៅជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាព សម្រាប់អនុវត្តក្នុងវិស័យអប់រំកម្ពុជា
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅឆ្នាំសិក្សា ២០២២-២០២៣ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះសមិទ្ធផលអង្គសន្និបាត និងអនុសាសន៍ដែលសម្ដេចបានលើកឡើង នឹងក្លាយទៅជាមូលដ្ឋានប្រកបដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់អនុវត្ត ក្នុងវិស័យអប់រំកម្ពុជា នៅឆ្នាំសិក្សាថ្មី និងឆ្នាំសិក្សាជាបន្តបន្ទាប់ ។

អនុសាសន៍សម្ដេចតេជោ រួមមាន៖ ការត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណីអាហារ ដល់បុគ្គលិកអប់រំនិងសិស្សានុសិស្ស, កែលំអហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជារៀបចំបន្ទប់សុខភាព , ស្តង់ដារបរិស្ថានសាលារៀនបៃតង, សាលាស្អាតគ្មានសំរាម, លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ផ្ដោតលើទឹកទទួលទានជាដើម, លើកកម្ពស់អាហារូបត្ថម្ភ ដែលផ្ដោតលើសុវត្ថិភាពចំណីអាហារ និងការផ្ដល់អាហារតាមសាលារៀន ការអប់រំអំពីសុខភាពសិក្សា, ការហាត់ប្រាណ និងលេងកីឡា ។

នៅក្នុងសន្និបាតនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសន្និបាតអប់រំដែលបានដំណើរការដោយរលូន និងទទួលបាននូវសមិទ្ធផលគួរជាទីមោទនៈ លើការងារអប់រំ អភិវឌ្ឍន៍យុវជន និងការអប់រំកាយនិងកីឡា និងបានពិនិត្យឡើងវិញ នូវសមិទ្ធផលសម្រេចបានក្នុងរយៈពេល ១០ឆ្នាំកន្លងមក តាមរយៈការអនុវត្តការកែទម្រង់ជាបន្តបន្ទាប់ ក៏ដូចជាវឌ្ឍនភាពសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងបានដាក់ចេញនូវអាទិភាព ៨ចំណុចសម្រាប់ទិសដៅការងារនាពេលខាងមុខ ឲ្យកាន់តែស៊ីជម្រៅស្របតាមបរិការថ្មីៗនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈ ដែលកម្ពុជាកំពុងរក្សាបាន នូវសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងឆ្លើយតបទៅនឹងចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

សម្ដេច ក៏បានវាយតម្លៃខ្ពស់ថា សមិទ្ធផលដែលទទួលបានពិតជាស្ដែងចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងស្អិតរមួតរបស់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងអាជ្ញាធរដែនដី ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ឲ្យមានការរីកចម្រើនទៅមុខ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏អរគុណនឹងវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមសហការ និងផ្ដល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស ហើយបានគាំទ្រចំពោះកម្មវិធីកែទម្រង់វិធានការ និងអាទិភាពដែលអង្គសន្និបាតបានដាក់ចេញដោយឈរលើមូលដ្ឋាន នៃសមិទ្ធផលនាពេលបច្ចុប្បន្ន និងកាលានុវត្តភាពថ្មីៗ និងការកំណត់ទិសដៅ នៃការកែទម្រង់ច្បាស់លាស់ ប្រកបដោយភាពជាក់ស្ដែងនិយម ជាមួយនឹងគោលដៅជាក់លាក់ ព្រមទាំងមានរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តច្បាស់លាស់ ដើម្បីកសាងមូលធនមនុស្ស ដែលមាន សក្ដានុពលទាំងចំណេះដឹង ជំនាញ និងអាកប្បកិរិយាសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នឹងបន្តផ្ដល់អាទិភាព ក្នុងការជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែម នូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព, ការកៀរគរ និងផ្ដល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន, ការអនុវត្តការកែទម្រង់សាលារៀន, ការអភិវឌ្ឍ និងការលើកកំពស់បំណិនសតវត្សទី២១ ដល់យុវជន , ការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា, ការជំរុញការអប់រំឌីជីថល, ការកែទម្រង់សាលាគរុកោសល្យ , ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាព នៅគ្រឹះស្ថានឧត្ដមសិក្សា ៕ អត្ថបទ៖ ស៊ូវណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ