ចាប់ខ្លួនបុរសរកស៊ីបោកប្រាស់ក្លែងប្រើឈ្មោះជាឧត្តមសេនីយ៍ទោយោធា និងក្លែងជាដៃស្តាំនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត (Video Inside)

បុរសម្នាក់ដែលរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ ដោយក្លែងកុហកថាគាត់គឺជាឧត្តមសេនីយ៍យោធា និងថាជាដៃស្តាំរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៀតនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ យោងតាមបណ្តឹងប្តឹងពីប្រជាពលរដ្ឋដែលរងការចាញ់បោកប្រាក់ច្រើនពាន់ដុល្លារ។

ជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ត្រូវកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួននៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣, ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះបានធ្វើឡើងយោងតាមបណ្តឹងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១ មេសា ដែលប្តឹងឈ្មោះ ផន ច័ន្ទផានិត ដែលបោកប្រាស់យកលុយចំនួន៨ពាន់ដុល្លារពីជនរងគ្រោះម្នាក់ ដោយការនិយាយធានារត់ការចូលបំរើការងារក្នុងក្របខណ្ឌកងទ័ព។

យោងតាមសមត្ថកិច្ចជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត បាននិយាយបោកប្រាស់ថា ខ្លួនគាត់គឺជាឧត្តមសេនីយ៍ទោ និងជាដៃស្តាំរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលអាចជួយរត់ការចូលបំរើកងទ័ពបាន ដោយបង់លុយចំនួន១ម៉ឺនដុល្លារ។ ដោយសារតែជនសង្ស័យនោះ បានបង្ហាញរូបថតមួយសន្លឹក ដែលជនសង្ស័យបានថតមានជាប់រូបនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងជាមួយថ្នាក់ដឹកនាំផ្សេងទៀតនោះ ទើបជនសង្ស័យនោះ ធ្វើឱ្យជនរងគ្រោះមានការទុកចិត្ត។

ជនសង្ស័យបានឱ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន, រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។ ជនសង្ស័យបានក្លែងឯកសារ នៃអត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្មទៅជនរងគ្រោះ ក្នុងការប្រើប្រាស់ថែមទៀត។

ប៉ុន្តែក្រោយមកនៅពេលជនរងគ្រោះ បានសួររកប្រាក់ខែរដ្ឋ និងសួររកអង្គភាព និងមេកើយនោះ ស្រាប់តែជនសង្ស័យ បានប្រាប់ថាចាំសួរថ្នាក់លើឱ្យ…និងរកលេសដោះសារជារហូត ទើបជនរងគ្រោះដឹងថា គាត់ត្រូវបានចាញ់បោកគេ និងក៏បានដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។

ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនោះ មានមុខរបរត្រឹមតែជាអ្នកគួកជេរដី និងជាតៃកុងឡានប៉ុណ្ណោះ។ សមត្ថកិច្ចបានចាប់យកអាវុធខ្លីកែច្នៃ០១ដើម ពុំមានម៉ាក និងឯកសារក្លែងមួយចំនួន ពីជនសង្ស័យផងទៀត។

ជនសង្ស័យរូបនោះ បានសារភាពទទួលស្គាល់នូវអំពើក្លែងបន្លំ និងបោកប្រាសនេះ និងបានបញ្ជាក់ថាពិតជាទទួលបានប្រាក់ពីជនរងគ្រោះចំនួន៨ពាន់ដុល្លារ ក្នុងអំពើឆបោកនោះមែន។

ads banner