ព្រះអគ្គីជ័យកីឡាធ្វើដំណើរដល់ប្រទេសសឹង្ហបុរី (Video Inside)

ព្រះអគ្គីជ័យកីឡា នៃនិមិត្តរូបព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា បានធ្វើដំណើរដល់ប្រទេសសឹង្ហបុរីហើយ ក្រោយការដង្ហែរយ៉ាងអ៊ឹកអធិក និងបានចាកចេញពីប្រទេសម៉ាឡេស៊ីនោះរួចមក។

យោងតាមកម្មវិធី ការដង្ហែរព្រះអគ្គីជ័យកីឡាក្នុងប្រទេសសឹង្ហបុរី នឹងគ្រោងធ្វើនៅថ្ងៃទី១៥ មេសា។ ព្រះអគ្គីជ័យកីឡាបានធ្វើដំណើរឆ្លងកាត់ប្រទេសក្នុងតំបន់បានចំនួន៦ប្រទេសហើយ ចាប់តាំងពីបានដង្ហែរចេញពីកម្ពុជាកាលពីថ្ងៃទី២២ មីនានោះមក ក្នុងនោះរួមមានប្រទេសវៀតណាម, ប្រទេសហ្វីលីពីន, ប្រទេសឥណ្ឌូណេស៊ី, ប្រទេសទីម័រខាងកើត, ប្រទេសម៉ាឡេស៊ី និងកំពុងស្ថិតក្នុងប្រទេសសឹង្ហបុរី។ ព្រះអគ្គីជ័យកីឡា នឹងគ្រោងធ្វើដំណើរបន្តកប្រទេសថៃ …បន្ទាប់មកទៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយទៅប្រទេសឡាវ មុននឹងដង្ហែរចូលមកដល់ប្រទេសកម្ពុជាវិញ។

ព្រះអគ្គីជ័យកីឡា នឹងបន្តដង្ហែរជាច្រើនថ្ងៃបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។

គិតត្រឹមថ្ងៃទី១១ មេសានេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទន្ទឹងរង់ចាំ៦៤ឆ្នាំរួចមកនោះ នឹងមកដល់ក្នុងរយៈពេល២៣ថ្ងៃទៅមុខទៀតនេះ។

ads banner