ប៊ែលធី គ្រុប ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី និងពិសាអាហារសាមគ្គី នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២
ភ្នំពេញ ៖ ប៊ែលធី គ្រុប បានប្រារព្ធពិធីអបអរសារទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ និងពិសាអាហារសាមគ្គីរបស់ក្រុមគ្រួសារប៊ែលធី ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ សរុបប្រមាណជាង ៣,៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ គ្រប់ផ្នែកទាំងអស់ នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន រយៈពេលពេញ ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ ដែលធ្វើឱ្យប៊ែលធី មានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា ប៊ែលធីអប់រំ ចែកចេញជា ៤ រួមមាន ៖
១-សាលា ប៊ែលធី អន្តរជាតិ៖ បច្ចុប្បន្នមាន ២៦ទីតាំង (២៤សាខាកំពុងដំណើរការ និង ២សាខាកំពុងសាងសង់) មានសិស្សកំពុងសិក្សាចំនួន ៦០,៥៥៩នាក់ មានកម្មវិធីសិក្សា ៥ធំៗ គឺ៖ ១-ចំណេះទូទៅ មានពីថ្នាក់ត្រៀម, ថ្នាក់ទី១ – ១២, ២-ភាសាអង់គ្លេសទូទៅ (ESL Program) មានពីថ្នាក់ត្រៀម, Level 1 – 12, ៣-កម្មវិធីអភិវឌ្ឍបញ្ញា IMA ជួយបង្កើនល្បឿននៃការគិតលេខ និងអភិវឌ្ឍខួរក្បាលរបស់កុមារឱ្យមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និងឆាប់រហ័ស, ៤-វគ្គបណ្តុះបណ្តាលកុំព្យូទ័រ និង ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ
២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ៖ បច្ចុប្បន្នមាន ២ទីតាំង (ទីតាំងទី១ ទួលស្លែង និង ទីតាំងទី២ ស្ពានអាកាសចោមចៅ) មាននិស្សិតកំពុងសិក្សាចំនួន ៥,១២៤នាក់ ដែលមានកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ និងមានកម្រិតសិក្សា៥ធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេសនិងកុំព្យូទ័រ, ២-បរិញ្ញាបត្ររង, ៣-បរិញ្ញាបត្រ, ៤-បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត។ សាកលវិទ្យាល័យ មាន ១២មហាវិទ្យាល័យ ៤២ជំនាញ ក្នុងនោះ៖ ១-មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុ និងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ និង ១២-អាកាសចរស៊ីវិល
៣-ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានបម្រើសេវាកម្ម ធំៗ ៥គឺ៖ ១-បញ្ជូនសិស្ស-និស្សិតឆ្នើម ឬនិទ្ទេស A ប៊ែលធី ដែលមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ អាចទទួលបាន អាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅសាកលវិទ្យាល័យជាដៃគូនៅក្រៅប្រទេស, ២-បញ្ជូនសិស្ស-និស្សិត ទូទាំងប្រទេស ដែលមានលទ្ធភាពបង់ថ្លៃសិក្សា ទៅសិក្សានៅក្រៅប្រទេស, ៣-រៀបចំសិស្ស-និស្សិតធ្វើទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស, ៤-រៀបចំកម្មវិធីផ្លាស់ប្តូរសិស្ស-និស្សិតនិងចុះកម្មសិក្សាជុំវិញពិភពលោក និង៥-រៀបចំឯកសារស្នើសុំទិដ្ឋាការនិងប្រឹក្សាយោបល់ទៅសិក្សាក្នុងនិងក្រៅប្រទេស
៤-មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី៖ មានតេស្តអន្តរជាតិសំខាន់ៗដូចជា ១-អាយអិល (IELTS), ២-ថូហ្វល (TOEFL), ៣-ជីអអ៊ី (GRE) និង ៤-SIMCC (ស៊ីមប៉ុក) ។
ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាង ជូនបុគ្គលិកទាំងអស់ផងដែរ៕