សម្ដេចក្រឡាហោម ស ខេង ៖ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ បានផ្ដល់នូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋយើង តាមរយៈនៃការទាក់ទាញដល៎ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត បានកាន់តែកើនច្រើនឡើងថែមទៀត
ខេត្តបាត់ដំបង ៖ នៅល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២៣នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញបើកនូវព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៣នេះ ដើម្បីអបអរ នូវ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ(ឆ្នាំថោះ) ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។
សម្ដេចក្រឡាហោមស ខេង ថ្លែងថា៖ ការរៀបចំនូវព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ គឺវាពិតជាបានផ្ដល់ នូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋយើងតាមរយៈនៃការទាក់ទាញដល៎ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តនៅក្នុងខេត្តបាត់ដំបង បានកាន់តែកើនច្រើនឡើងថែមទៀត។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ព្រឹត្តិការណ៍នេះ ស្របពេលដែលរដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងតែរៀបចំកែប្រែនូវមុខមាត់ថ្មី តាមរយៈ ការរៀបចំ សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថាន ការសាងសង់វិមានឯករាជ្យ ការកែលម្អច្រាំងស្ទឹងសង្កែ ការរៀបចំកែលម្អសួនច្បារថ្មី ការរៀបចំទីតាំងផ្សាររាត្រី ការរៀបចំពង្រីក ចិញ្ចើមផ្លូវក្នុងទីប្រជុំជនក្រុង ឲ្យមានផ្លូវដើរ ផ្លូវជិះកង់ ការដាំដើមឈើ និងដើមផ្កាតាមដងផ្លូវឡើងវិញផងដែរ ដើម្បីបង្កភាពទាក់ទាញនិងដើម្បីប្រែក្លាយឲ្យខេត្តនេះកាន់តែស្រស់ស្អាត សក្តិសមជាទីក្រុងឆ្លាតវៃ SMART-CITYនាពេលអនាគត និង ជាខេត្តគោលដៅនៃប៉ូលសេដ្ឋកិច្ចទី៤ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយប្រែក្លាយជាច្រកបៀង ក្នុងការផលិតស្រូវ-អង្ករនិងផ្នែកវារីវប្បកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅថ្ងៃអនាគត។
ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានឱ្យដឹងថា៖នៅឆ្នាំ២០២៣នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានចាប់ផ្ដើមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងជាថ្មីឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ-19 បានដោយជោគជ័យ។ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ផងដែរ។បន្ថែមពីនេះក៏ជាផ្នែកមួយក្នុងការបណ្ដុះនូវស្មារតីយុវជន ឲ្យបង្កើនសាមគ្គីភាព និងភាពស្និទ្ធស្នាល រវាង យុវជន ជាមួយនិងប្រជាពលរដ្ឋ។
ឯកឧត្តម ស រដ្ឋា បានបន្ថែមទៀតថាព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះ និងមានការដាក់តាំងបង្ហាញម្នាស់យក្ស ពោតយក្ស ក្រូចយក្ស ក្រឡានយក្ស ជាពិសេសរូបទន្សាយយក្សដែលតំណាងឱ្យ “ឆ្នាំថ្មី ឆ្នាំថោះ” ទៀតផង។
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៣នេះក៏មានរៀបចំកម្មវិធីរាំលេងកំសាន្តចង្វាក់ប្រពៃណីយ៍ខ្មែរយើង លេងល្បែងប្រជាប្រិយខ្មែរដែលជាកេរតំណែលដ៏ល្អផូរផង់ កម្សាន្តជាមួយតំបន់ត្រជាក់ចិត្ត ការទស្សនាការសម្តែងសិល្បៈនិងចម្រៀងជាមួយតារាល្បីៗប្រចាំកម្ពុជា។ការថតរូបអនុស្សវរីយ៍ជាមួយ ទន្សាយយក្ស ក្រឡានយក្ស ពោតយក្ស ម្នាស់យក្ស និង ក្រូចយក្ស កម្មវិធីប្រដាល់គុណខ្មែរ និងកម្មវិធីកំសាន្ត ប្លែកៗ នៅតាមតំបន់ទាំង ៩ និងទិញទំនិញដ៏សំបូរបែបនៅទីនោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )