លោក ដូណាល់ ត្រាំ ៖ រុស្ស៊ីមិនមែនជាអ្នកបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ទេ
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការអះអាងដែលថា រុស្ស៊ីជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំមុន ប៉ុន្តែបាននិយាយថា ការប៉ាន់ស្មានលើជនល្មើសពិត អាចធ្វើឱ្យប្រទេសរបស់លោកមានបញ្ហា។
នៅពេលត្រូវបានសាកសួរពាក់ព័ន្ធនឹងអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហួរឧស្ម័ន Nord Stream កាលពីខែកញ្ញាឆ្នាំមុន អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់លោក Tucker Carlson ដែលជាពិធីកររបស់សារព័ត៌មាន Fox នៅក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា ខ្ញុំមិនចង់ធ្វើឲ្យប្រទេសយើងមានបញ្ហា ដូច្នេះខ្ញុំមិនឆ្លើយតបទេ។ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកបានថា រុស្ស៊ីមិនមែនជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហួរឧស្ម័ន Nord Stream ឡើយ… វាមិនអាចទៅរួច ដែលរុស្ស៊ីបំផ្ទុះបំពង់បង្ហូរប្រេងរបស់ខ្លួនឯង។
ស្របពេលដែលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលលោកខាងលិចផ្សេងទៀត គិតមកទល់ពេលនេះ បានផ្តល់ព័ត៌មានលម្អិតមួយចំនួនប៉ុណ្ណោះ អំពីការស៊ើបអង្កេតករណីផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream របាយការណ៍មួយចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅ ដោយអ្នកកាសែតស៊ើបអង្កេត Seymour Hersh បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាដោយផ្ទាល់ទាក់ទិននឹងការបំផ្ទុះបំពង់ Nord Stream ដែលនេះជាមធ្យោបាយមួយ ដើម្បីបញ្ចុះបញ្ចូលអាល្លឺម៉ង់ឱ្យបង្កើនការគាំទ្រដល់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិកបានបដិសេធទាំងស្រុងនូវរបាយការណ៍នេះ ដែលពឹងផ្អែកលើប្រភពអនាមិក ហើយបានទទូចថា ខ្លួនមិនមែនជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream… វាជារឿងមិនពិតទាំងស្រុង។ នេះបើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់សារព័ត៌មាន Fox កាលពីខែកុម្ភៈ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា